ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​​​ជូនដំណឹង​ដល់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន ខណៈ​ទឹក​ហក់​ឡើង​ខ្លាំង​នៅ​ថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​ភាគី​ថៃ​ជាប់​ជាយ​ដែន​ថា កម្រិត​ទឹក​នៅ​ខាង​ថៃ បាន​ហក់​ឡើង​ខ្លាំង

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​ភាគី​ថៃ​ជាប់​ជាយ​ដែន​ថា កម្រិត​ទឹក​នៅ​ខាង​ថៃ បាន​ហក់​ឡើង​ខ្លាំង នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ស្រុក​អា​រ័​ញ្ញា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ អោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បានដឹង​ជា​ដំណឹង មុន​នៅ​ពេល​ទឹកជំនន់​នៅ​តំបន់​ខៅ​យ៉ៃ ខេត្ត​នគ​រាជ​សី​ម៉ា ប្រទេស​ថៃ បាន​ហក់​ឡើងជា​ការ​ព្រួយបារម្ភ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ថៃ​ហើយ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ជូន​ជា​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អោយ​បានដឹង​ជា​មុន និង​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​ដែល​ទទួល​រង​ឥទ្ធិពល​ទឹកជំនន់​ពី​ប្រទេស​ថៃ ក្នុង​កម្រិត​ធ្ងន់ធ្ងរ ។ ចំណែក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​តែ​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកធ្លាក់​ពី​ខាង​ថៃ ដែល​ត្រូវ​បាន​អាជ្ញាធរ​កាយ​រំដោះ​មុខទឹក និង​បាន​ធូរស្រាល​បន្តិច​ហើយ​។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា ដើម្បី​ត្រៀម​បង្ក​ទុកជា​មុន ដូច្នេះ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​អូរ​បន្ទាត់​ព្រំដែន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទុកជា​មុន និង​ត្រៀម​ស្បៀងអាហារ ព្រមទាំង​សម្ភារៈ​ដាក់​ទុក​អោយ​ផុត​ការពារ​ខូច ដូច​ជា សង្កាត់​ប៉ោយ​ប៉ែ​ត សង្កាត់​ផ្សារ​កណ្តាល សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​អាជ្ញាធរ​កំពុង​ត្រៀមកម្លាំង​សម្រាប់​ជួយ​អន្តរាគមន៍​នៅ​ពេល​មាន​ទឹកជំនន់​បាន​ជន់​លិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ