ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើក​យោបល់​ឲ្យ​កាត់​បន្ថយ​ការ​បង្កើន​កម្លាំង​ប៉ូលិស​ចរាចរណ៍

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​យោបល់​ឲ្យ​មានការ​គិតគូ​ពិចារណា ឈាន​ទៅ​ឯកភាព​គ្នា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​យោបល់​ឲ្យ​មានការ​គិតគូ​ពិចារណា ឈាន​ទៅ​ឯកភាព​គ្នា កាត់​បន្ថយ​ការ​បង្កើន​កម្លាំង​នគរបាល​ចរាចរណ៍ ដោយ​ជំនួស​មក​វិញ​នូវ​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស ។

សម្ដេច​ក្រឡាហោម ស ខេ​ង លើក​ឡើង​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆ​មាសា​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ឡើង​វិញ អំពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ទប់ស្កាត់ និង​គ្រប់​គ្រប់​សហភាព​ការណ៍ មិន​ឲ្យ​កើត​មហន្តរាយ​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩ និង​ការងារ​ទូទៅ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​ការងារ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ។

សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆមាស​ទី​១​នេះ ការ​ធ្លាក់​ចុះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​មោទកភាព​មួយ ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គ្រប់​ភាគី ។ សម្ដេច​ក្រឡាហោម សម្ដែង​ការ​កោតសរសើរ​មន្ត្រី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ខេត្ត ដែល​ទន្ទឹម​នឹង​ការ​ខិតខំ​ដោះស្រាយ​វិបត្តិ​ការ​កូ​វី​ដ​-១៩ ក៏​បាន​ខិតខំ​អនុវត្ត​យ៉ាង​សកម្ម​ក្នុ​ការ​កសាង​ផ្លូវ ជួសជុល​កែ​លម្អរ​ផ្លូវជាតិ ផ្លូវ​រាជធានី​ខេត្ត បំរើ​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រក​ដោយ​សុវត្ថិភាព និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ។

សម្ដេច​ក្រឡាហោម ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចំពោះ​ការ​រៀបចំ​ប្រព័ន្ធ​ដក​ពិន្ទុ​បណ្ណ​បើកបរ​អ្នក​ល្មើស ដែល​ជា​វិធានការ​ថ្មី និង​ងាយស្រួល​ក្នុង​ការ​អនុវត្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អ្នកបើកបរ​កាន់តែ​មានការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សម្រួល​ដំណើរការ​បង់ប្រាក់​ផាកពិន័យ ។

ទន្ទឹម​គ្នា​នេះ សម្ដេច​ក៏​បាន​ណែនាំ​ឲ្យ​បន្ត​ពង្រឹង​វិន័យ​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ការ​បែងចែក​ប្រាក់​ផាកពិន័យ ឲ្យ​មាន​តម្លាភាព ដើម្បី​លើកទឹកចិត្ត​កងកម្លាំង ។

ពាក់ព័ន្ធ​នឹង​មូលហេតុ នៃ​គ្រោះថ្នាក់​ចរាចរណ៍​វិញ សម្ដេច​ក្រឡាហោម​បាន​កត់​សម្គាល់ថា នៅ​តែ​ជា​បញ្ហា​ប្រឈម ជា​ពិសេស​អ្នក​ជិៈ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​អ្នកបើកបរ​នៅ​ពេល​យប់ ។

សម្ដេច​ក្រឡាហោម បញ្ជាក់​អំពី​ភាព​ខ្វះខាត នៃ​ការ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ ពិសេស​ការ​គូស​គំនូស​សញ្ញា​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ ដោយ​សម្ដេច​បាន​ណែនាំ កុំ​ឲ្យ​មើល​ស្រាល​បញ្ហា​នេះ និង​បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោះស្រាយ​បញ្ហា​គំនូស​ចរាចរណ៍​នេះ​ឲ្យ​បាន ពីព្រោះ​ការងារ​នេះ ក៏​ជា​សេវា​សាធារណៈ ចាំបាច់​មួយ​ជូន​ប្រជាពលរដ្ឋ​ដែរ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​យោបល់​ថា ឲ្យ​មានការ​គិតការ​គូ​ពិចារណា​ឈាន​ទៅ​ឯកភាព​គ្នា កាត់​បន្ថយ​ការ​បង្កើន​កម្លាំង​នគរបាល​ចរាចរណ៍ ដោយ​ជំនួស​មក​វិញ​នូវ​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស ។ បើ​យើង​ចំណាយ​ថវិកា​ដើម្បី​បំពាក់​ឧបករណ៍​សម្ភារៈ និង​ចំណាយ​ថវិកា​លើ​ការ​បង្កើន​កម្លាំង​នគរបាល តើ​មួយ​ណា​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​ជាង ឬ​មួយ​ណា​ចំណេញ​ជាង ?

សម្ដេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា «​និយាយ​អ៊ីចឹង មិនមែន​មាន​ន័យ​ថា លែង​ឲ្យ​មាន​កងកម្លាំង​នគរបាល​នោះ​ទេ ប៉ុន្តែ​ត្រូវ​បន្ថយ​តម្រូវការ ដោយ​ប្រើប្រាស់​ប៉ូលិស​តិច តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ឬ​ប្រើ​មនុស្ស​តិច តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​» ។

សម្ដេច​ក្រឡាហោម ក៏​បាន​បន្ត​មាន​ប្រសាសន៍ អំពី​បញ្ហា​ប្រឈម​ជា​សត្យា​នុ​ម័ត និង​អន្ត​នោ​ម័ត​មួយ​ចំនួន ដែល​បាន​និង​កំពុង​កើត​មាន​ឡើង ហើយ​មិន​ទាន់​មាន​ដំណោះស្រាយ​សម​ស្រប ដូច​ជា​មូលហេតុ នៃ​គ្រោះថ្នាក់ រួម​មានការ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ ការ​ជិៈ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្ថុ​ភាព​, កត្តា​ខ្វះខាត​ស្លាក​សញ្ញា គំនូស​សញ្ញា​, កត្តា​យានយន្ត​ដឹក​ទំនិញ និង​ដឹក​ដី​មួយ​ចំនួន​មិន​បាន​ចុះបញ្ជី កែ​ច្នៃ​ខុស​បច្ចេកទេស និង​បង្ក​បញ្ហា​លើ​ដងផ្លូវ ព្រមទាំង​កត្តា​យានយន្ត​ដឹក​ជញ្ជូន​បែប​ប្រមូលផ្ដុំ ដូច​ជា​រថយន្ត​ដឹក​កម្មករ និង​កត្តា​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ