ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពេលកំពុងលក់ដូរថ្នាំញៀន កាលពីរសៀលថ្ងៃទី២១ កញ្ញា នៅចំណុចភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ហើយថែមទាំងរឹបអូសបានវត្ថុតាងជាច្រើននៅកន្លែងលក់ដូរ។ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្ត លោក សុខ និមល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង សុខឡា អាយុ៣៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
លោកថា ជននេះត្រូវកម្លាំងជំនាញ នៃអធិការក្រុងបាត់ដំបង ឃាត់ខ្លួន ពេលកំពុងប្រព្រឹត្តិបទល្មើសជូញដូរថ្នាំញៀនជាក់ស្ដែង។ ហើយជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងជាច្រើនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះ។ នៅក្នុងរបាយការណ៏ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន១០ថង់ មានទម្ងន់៣៦,០៩ក្រាម ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន០១ថង់ មានទម្ងន់២១,៥៤ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ីល (MDMA) ចំនួន៦២គ្រាប់ មានទម្ងន់២១,៦០ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ និង សម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
លោក សុខ និមល បាននិយាយថា មុខសញ្ញាជូញដូរថ្នាំញៀនឈ្មោះ សេង សុខឡា នេះ បានសារភាពទទូលស្គាល់ថា វត្ថុតាងនានា ដែលសមត្ថកិច្ចបានដកហូតគឺពិតជារបស់ខ្លួនមែន ដែលខ្លួនរៀបចំបំរុងលក់បន្តទៅឲ្យម៉ូយ។ លោកបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ និង កសាងសំណុំរឿង ដើម្បីរៀបចំបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ