ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមដំណើរការឡើងវិញ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor…

រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈការបើកទេសចរអន្តរជាតិរបស់កម្ពុជានឹងមកដល់ក្នុងពេលឆាប់ៗនេះ ។

«រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចឡើងវិញនាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព» ជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅពេល ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បែបនេះ ជាក្ដីសង្ឃឹមកាន់ខ្លំាងឡើង ពីការវិលទៅរកភាពប្រក្រតីវិញរបស់កម្ពុជា ពិសេសដំណើរការស្តារសេដ្ឋកិច្ចឡើងវិញនោះ ។ បើតាមលោក ថោង ខុន នាពេលខាងមុខឆាប់ៗនេះ សម្ដេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្ដេចបានបង្ហើបម្ដងរួចមកហើយ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ ។

កូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាផង ។ លោក ថោង ខុន បញ្ជាក់ថា ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី ។ ក្រសួងទេសចរណ៍បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយ ហើយថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័តផងដែរ ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ (Koo Taeoh) បានជម្រាបលោក ថោង ខុន ក្រោយទទួលបានភ្លើងខៀវនេះថា ខ្លួននឹង រួសរាន់ត្រឡប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការនាពេលខាងមុខនោះ ៕