ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជា​ច្រើន​ដួង​បង្ហាញ​វត្តមាន​ចូលរួម​កាន់បិណ្ឌ​ទី​១ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

4 អាទិត្យ មុន
  • ភ្នំពេញ

មិន​ខុស​ពី​ប្រជាពលរដ្ឋ​ទូទៅ​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​ចូលរួម​កាន់បិណ្ឌ​ទី​១ ដោយ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​នានា​នា នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​។ បើ​ទោះបី​កម្ពុជា កំពុង​ជួ​ប្រទះ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ប្រជាពលរដ្ឋ​ទូទៅ​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​ចូលរួម​កាន់បិណ្ឌ​ទី​១ ដោយ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​នានា​នា នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​។ បើ​ទោះបី​កម្ពុជា កំពុង​ជួ​ប្រទះ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នកសិល្បៈ​ខ្មែរ​ជា​ច្រើន​នាក់​ហាក់​មិន​បាន​មើល​រំលង និង​ខកខាន​នៅ​ក្នុង​ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ​ឡើយ ខណៈ​ពេល​រាជរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​អោយ​មានការ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ​។

ទាំង​សិល្បករ សិល្ប​ការិនី​ផ្នែក​សម្តែង និង​ចម្រៀង​ត្រូវ​បាន​គេ​មើលឃើញ​មានការ​ស្លៀកពាក់​យ៉ាង​សមរម្យ​តាម​ក្បួន​ប្រពៃណី​ខ្មែរ យួរ​ចានស្រាក និង​ទ័យ​ទាន​មួយ​ចំនួន ទៅ​វត្ត​ជា​លក្ខណៈ​គ្រួសារ​ចូលរួម​កាន់បិណ្ឌ​ទី​១ យ៉ាង​សប្បាយ​រីករាយ​។

តារា​ទាំង​អស់នេះ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ពេល​ដែល​ពួក​គេ ក៏​ដូច​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​ត្រូវ​រាជរដ្ឋា​ភិបាល​​អនុញ្ញាត​អោយ​រៀបចំ​ពិ​ធិ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ បើ​ទោះបីជា​កម្ពុជា នៅ​តែ​បន្ត​ការ​រក​ឃើញ​ពី​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​១៩​ក៏​ដោយ​។

យ៉ាងណា បើ​ទោះជា​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ជា​ធម្មតា​ក៏​ដោយ ប៉ុន្តែ​អ្នកសិល្បៈ និង​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​វត្ត​នោះ បាន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស់ បាញ់​អាល់កុល និង​រក្សា​គម្លាត​។

អ្នកសិល្បៈ និង​ប្រជា​ព​រដ្ឋ​ទូទៅ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ដល់​ញាតិ​ការ​ដែល​បាន​ចែក​ឋាន និង​រាប់បាត្រ​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ​រាជពិធី​ទា្វរ​ទស​មាស​។ ហើយ​ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥ រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​យើង​ហៅ​ថា បិណ្ឌ​១, បិណ្ឌ​២… និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំបិណ្ឌ​»​។

បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។

កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយនៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុ​ដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។

ម្យ៉ាងវិញទៀត នៅ​ក្នុង​ពិធីបុណ្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​ប្រេត​ជន​ញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ជា​ច្រើន​មហា​កប្ប​នោះ​ផង​ដែរ តាម​រយៈ​អនុភាព​នៃ​សង្ឃ​គ​តា​ទក្ខិណាទាន ដែលរ​ស់រង​ទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់​ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ទាំង​អស់នោះ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ​។

ម្យ៉ាងទៀត ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយសារ​តែ​ពួក​គេ​បាន​ជំនឿ​យ៉ាង​មុតមាំ​តាម​បណ្ដាំ​ចាស់​ៗ​ដែល​ពោល​ណែនាំ និង​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ​ត​ៗ​គ្នា​មក​។ គេ​ជឿ​ថា សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ មាន​មាតាបិតា ជីដូន​ជីតា បងប្អូន កូនចៅ ញាតិ​កា​ទាំង​៧​សន្ដាន​នោះ ដែល​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទទួលទោស​នៅ​ឋាននរក​កើតជា​ប្រេត កើតជា​អបាយភូមិ​វេទនាណាស់​។

ឋាន​នោះ​ស្ថិត​នៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស​មិន​អាច​មើលឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សំលៀក​បំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ​។ លុះដល់​រដូវ​បុណ្យ គេ​ដោះ​លែង​ឲ្យ​មក​ទទួល​ផល្លា​និ​សង្ឃ​ដែល​សាច់សាលោហិត​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ ប្រជាជន​ខ្មែរ​ជឿ​ថា ព្រលឹង​របស់​អ្នក​ទាំងនោះ​នឹង​មក​ដល់​វត្ត​អារាម​ហើយ​ទទួល​ការ​ផ្ដល់​ជូន​ពី​សាច់ញាតិ ឬ​កូនចៅ​របស់​ពួក​គេ​តាម​រយៈ​ការ​អធិដ្ឋាន​ដោយ​ព្រះសង្ឃ​។

ម្យ៉ាងទៀត គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដាសា​ឲ្យ​គេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ត​ហើយ​នៅ​មិនឃើញ​សាច់ញាតិ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ មួយវិញទៀត គេ​សង្ឃឹមថា កុសលផល​បុណ្យ​ដែល​គេ​បាន​ធ្វើ​នៅ​ជាតិ​នេះ នឹង​ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​សេចក្ដីសុខ សេចក្ដីចំរើន​រហូត​ដល់​ជាតិ​ក្រោយ​៕