ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះសម្តេចតេជោនឹងថ្លែងកិច្ចប្រជុំកំពូលរបស់លោក ចូ បៃដិន ពីភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្ញើ​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូ​វី​ដ​-១៩ ជាស​កល ក្រោម​ប្រធានបទ «​ការ​បញ្ចប់​ជំងឺ​រាតត្បាត និង​ការ​កសាង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ឯកឧត្តម ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​។

កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពិភពលោក ការ​ជួយ​សង្គ្រោះ​ជីវិត ការ​កសាង​សន្តិសុខ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ការ​ធ្វើ​សកម្មភាព​ដើម្បី​វឌ្ឍនភាព និង​ការ​ឯកភាព​លើ​សេចក្តី​ព្រាង​គោលដៅ​ ។ នេះ ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេសចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា សុន្ទរកថា​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​រួម​គ្នា​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្នុង​ស្មារតី​មនុស្សធម៌​ស្មោះត្រង់ និង​គ្មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ ដើម្បី​អាច​ចាប់ផ្តើម​ដំណើរការ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ ប្រកបដោយ​សុវត្ថិភាព​។ សម្តេច​តេ​ជោ ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​លើ​សារៈសំខាន់​នៃ​ការ​រួម​បញ្ចូល​វ៉ាក់សាំង​ទាំងអស់​ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ ដែល​ជា​យុទ្ធសាស្ត្រ​សកល​ដ៏​ល្អ ដោយ​គ្មាន​ការ​រើសអើង​។

ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ នឹង​ជំរាប​ជូន​សម័យប្រជុំ​កំពូល​ពី​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ពង្រឹង​ភាព​ធន់ និង​ការ​អភិវឌ្ឍន​ប្រកបដោយ​ចីរភាព នៅ​ក្នុង​តំណាក់កាល​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

សុន្ទរកថា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព​និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​កម្ពុជា ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ស្មារតី «​គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​ទេ ដរាបណា​មនុស្ស​គ្រប់​គ្នា​មិន​មាន​សុវត្ថិភាព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ