ខេត្តស្វាយរៀង៖ ជាងធ្វើពិដានផ្ទះម្នាក់ បានបាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ មូលហេតុ ដោយសារតែជនរងគ្រោះ លើកអន្ទា សង្កត់លើខ្សែភ្លើង បណ្តាលឲ្យដាច់ឆក់។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤ និង ៣០នាទីរសៀល មានប្រជាពលរដ្ឋ ឈ្មោះ ពៅ បូផា រស់នៅភូមិពោធិវង្ស បានរាយការណ៍ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំប្រសូត្រ ថា នៅក្នុងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឆក់ខ្សែភ្លើង។
ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា មានករណីខ្សែភ្លើងឆក់ ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជាងធ្វើពិដាន រស់នៅភូមិវាយល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ករណីនេះ បានកើតឡើង នៅផ្ទះឈ្មោះ កែវ លីដា ភេទស្រី អាយុ ៣០ឆ្នាំ ជាអាជីវករ រស់នៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានលើកអន្ទា ដើម្បីដាក់ឡើងធ្វើពិដានផ្ទះ ឲ្យម្ចាស់ផ្ទះខាងលើ ហើយពេលលើកអន្ទានោះ ក៏ដាក់ចំលើខ្សែភ្លើង បណ្តាលឲ្យដាច់ឆក់ដែកអន្ទា ឆក់ទាំងជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។ ខណៈនោះ ក្រុមជាងបានយកជនរងគ្រោះ ទៅកប់ ក្នុងពំនូកខ្សាច់ ដើម្បីសង្គ្រោះបឋម ហើយបន្ទាប់មក បានហៅរថយន្តសាមុយ ដឹកជនរងគ្រោះ បញ្ជួនដល់មន្ទីរពេទ្យសាវ័ន្ត ក៏ប៉ុន្តែហួសពេលទៅហើយ៕ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ