ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោកជិតផុតពូជក្រពើភ្នំ តែកម្ពុជាមានពី ២០០ ទៅ ៤០០ ក្បាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា ។…

រាជធានីភ្នំពេញ ៖ សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា ។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបចន្លោះពី ២០០ ទៅ ៤០០ ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស ។ 

ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជាក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ (Crocodylus siamensis) ចំនួន ៨ ក្បាល កាលពីពេលថ្មីៗនេះ ។លោក ប៊ុន សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ បានចំណាយអស់រយៈពេល ៤ យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំ នៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០ យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ម៉ោង ២:០០ ព្រឹក ។ លោកបានបន្តទាំងមានស្នាមញញឹមផងថា ៖ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់» ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖ «នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរ និងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការ WWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យា សា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក» ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ» ។

លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ដំណឹងដ៏រំភើបនេះក៏បានឆ្លុះបញ្ចាំងផងដែរពីសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិរក្សសត្វក្រពើភ្នំដ៏កម្រ និងសត្វព្រៃសំខាន់ៗដទៃជាច្រើនប្រភេទទៀត ។ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានធនធានធម្មជាតិដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ 

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមការងារស្រាវជ្រាវ និងក្រុមការងារអនុវត្តច្បាប់ចំពោះគំហើញដ៏អស្ចារ្យនេះ ។ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំដ៏មោះមុត និងដោយទៀងទាត់នៅក្នុងតំបន់ការពារធម្មជាតិនោះទេ យើងទាំងអស់គ្នាក៏មិនទទួលបាននូវលទ្ធផលដ៏ប្រសើរបែបនេះដែរ» ។

 យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកប ដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវ នាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ ។ 

 ជាការកត់សម្គាល់ កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា ៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម ។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១ ពាន់ក្បាលឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ