ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាដាក់លក់ម្រេចលើអនឡាញសំដៅទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សហការជាមួយគម្រោងហាវែស II បានបើកដំណើរការទីផ្សារអនឡាញ នៅក្នុងបេសកកម្មនាំចេញម្រេច និងផលិតផលផ្សេងទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង…

រាជធានីភ្នំពេញ ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សហការជាមួយគម្រោងហាវែស II បានបើកដំណើរការទីផ្សារអនឡាញ នៅក្នុងបេសកកម្មនាំចេញម្រេច និងផលិតផលផ្សេងទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ។ ប្រពន្ធ័ឌីជីថលថ្មីនេះត្រូវគេសង្ឃឹមថា មិនត្រឹមតែម្រេចនោះទេ កសិផលខ្មែរជាច្រើនធ្វើឱ្យទីផ្សារអន្តរជាតិចាប់អារម្មណ៍ ។

ទីផ្សារអនឡាញនេះបានចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ នេះទៅ ។ «វាគឺជាឱកាសដ៏អស្ចារ្យសម្រាប់វិស័យកសិកម្មនៅកម្ពុជាក្នុងការស្វែងរក និងវាយលុកទីផ្សារថ្មីនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ដោយធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាល CPSF នឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជំរុញ និងលើកកម្ពស់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក» នេះជាការបញ្ជាក់របស់ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ។

លោក Nimish Jhaveri ប្រធានគម្រោងហាវែស II បានសង្កត់ធ្ងន់ថា «នេះគឺជាលើកទីមួយហើយដែលសហគ្រាសធុនតូច និងមធ្យមចំនួន ២៥ មកពីវិស័យសាកវប្បកម្មនៅកម្ពុជា នឹងបង្ហាញផលិតផល និងសមត្ថភាពរបស់ខ្លួនដល់បណ្តាពាណិជ្ជករនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង  ក៏ដូចជាស្វែងរកឱកាសនាំចេញទៅកាន់តំបន់នោះ ។

ដោយសារមានការយល់ដឹងកាន់តែច្រើនអំពីតម្រូវការទីផ្សារអន្តរជាតិ ទើបបណ្តាលឱ្យមានក្រុមហ៊ុនកម្ពុជា ជាច្រើនបានអនុវត្តស្តង់ដារថ្មីទៅលើគុណភាពផលិតផល  និងសុវត្ថិភាពសម្រាប់អតិថិជន និងកំពុងកសាងសមត្ថភាពថ្មីបន្ថែមទៀតទៅលើផ្នែកការងារនាំចេញនៅក្នុងអង្គភាពរបស់ពួកគេ» ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សង្ឃឹមថា បេសកកម្មនៃការនាំចេញម្រេចទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង នឹងបង្កើតបាននូវក្តីសង្ឃឹមមួយ ដែលនឹងជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះម្រេចកម្ពុជាលើឆាកអន្តរជាតិបន្ថែមទៀត និងជាស្ពានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មលើផលិតផលម្រេច និងគ្រឿងទេស រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ ។

លោកថា «បេសកកម្មនេះ បានដើរស្របជាមួយនឹងសកម្មភាពជំរុញពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តសំដៅលើកស្ទួយផលិតផលខ្មែរ» ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា គំនិតផ្តួចផ្តើម និងចក្ខុវិស័យច្បាស់លាស់របស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាក្នុងការជំរុញការផ្សព្វផ្សាយ និងលក់ទំនិញឆ្លងកាត់ព្រំដែន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្តីពី E-Commerce  ហើយក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយសម្រួលដល់ប្រតិបត្តិករ អាជីវកម្មលើវិស័យនេះ ។

លោក ស៊ាង ថៃ បានស្នើផលិតករ និងអ្នកនាំចេញ យកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយឈរលើគោលការណ៍ចំនួន ៤ គុណភាពខ្ពស់ សុវត្ថិភាព និងស្តង់ដារអនាម័យ  ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងមានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ឱ្យងាកមកគំាំទ្រផលិតផលរបស់ខ្មែរ កាន់តែច្រើន ។

យោងតាមរបាយការណ៍នាំចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅត្រីមាសទី ១ ឆ្នាំ ២០២១ កម្ពុជា បាននាំចេញម្រេច សរុបជាង ១ម៉ឺន ៤ ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះប្រទេសវៀតណាម ជាទីផ្សារធំជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ