ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តឪពុកម្តាយនាំកូនៗទៅតម្រង់ជួរទាំងកណ្តាលថ្ងៃចាក់វ៉ាក់សាំងការពារកូវីដ១៩ ខ្លះ៣ថ្ងៃមិនទាន់បានចាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ជួន​កុមារ មាន​អាយុ​ចាប់ពី​០៦​ឆ្នាំ ដល់​ក្រោម​អាយុ​១២​ឆ្នាំ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ដំណើរ​បាន​រយៈពេល​៤​ថ្ងៃ មក​ហើយ​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ជួន​កុមារ មាន​អាយុ​ចាប់ពី​០៦​ឆ្នាំ ដល់​ក្រោម​អាយុ​១២​ឆ្នាំ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ដំណើរ​បាន​រយៈពេល​៤​ថ្ងៃ មក​ហើយ​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ។

នៅ​ក្នុង​យុទ្ធនាការ​នេះ គ្រប់​ឪពុក​ម្តាយ​គ្រប់​រូប​បាន​នាំ​គ្នា​យ៉ាង​សស្រាក​ស្រ​ស្រាំ ដើម្បី​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ជំងឺ​ខណៈ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ ។ អ្វី​ដែល​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​នៅ​ក្នុង​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​មណ្ឌល​សុខភាព ដែល​ជាទី​តាំង​ចាក់​វ៉ាក់សាំង​ខ្លះ​អាណាព្យាបាល​បាន​ស៊ូទ្រាំ នាំ​កូន​តូច​ៗ​មក​តម្រង់​ជា​ជួរ​ទាំង​កណ្តាល​ថ្ងៃ ដើម្បី​ចាក់​វ៉ាក់សាំង ខ្លះ​តម្រង់​ជា​ជួរ ប្រជ្រៀត​គ្នា រយៈពេល ៣​ថ្ងៃ​មិន​ទាន់​បាន​ចាក់​ផង ។

ដោយឡែក នៅ​មណ្ឌល​សុខភាព​ទឹកថ្លា ដែល​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ជា​ម៉ោង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ពេល​ព្រឹក គេ​សង្កេត​ឃើញ​កុមារ​តូច​ៗ និង​អាណាព្យាបាល​បាន​ចាប់ផ្តើម​តម្រង់​ជា​ជួរ​ប្រជ្រៀត​គ្នា​ទាំង​កណ្តាល​ថ្ងៃ ដើម្បី​រង​ចាំ​ចាប់លេខ​ចូល​ចាក់​វ៉ាក់សាំង នៅ​វេលា​រសៀល​បន្ត​ទៀត ។

ទន្ទឹម​នោះ អាណាព្យាបាល​ក៏​បាន​ធ្វើកា​រិះ​ចំពោះ​ការ​រៀបចំ​ចាក់​វ៉ាក់សាំង​នេះ​មិន​បាន​ល្អ​ដោយ​អោយ​តម្រង់​ជួរ​ប្រជ្រៀត​គ្នា​មិន​មាន​គម្លាត​សុវត្ថិភាព​វា​អាច​បង្ក​អោយ​កើត​មានការ​នូវ​ហានិភ័យ​ខ្ពស់​ចំពោះ​កុមារ​ដែល​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​តម្រង់​ជា​ជួរ​ចាំ​ចាប់លេខ​នេះ​មិនមែន តែ​ថ្ងៃនេះ​ទេ គឺ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​១២​ឆ្នាំ​មក​ម្លេះ ហើយ​អ្នកខ្លះ​បាន​តម្រង់​ជា​ជួរ​រយៈពេល​៣​ថ្ងៃ ហើយ​មិន​ទាន់​បាន​ចាក់​ផង ។ នេះ​បើ​តាម​អាណាព្យាបាល​ដែល​កំពុង​តែ​តម្រង់​ជា​ជួរ​នោះ​អោយ​ដឹង ។

បងប្រុស​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​មាន​លំនៅ​ម្តុំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បានអោយ​កោះសន្តិភាព​ដឹង នៅ​វេលា​ថ្ងៃត្រង់​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា គាត់​បាន​នាំ​កូនប្រុស​មក​តម្រង់​ជា​ជួរ​ចាំ​ចាប់លេខ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា រយៈពេល​៣​ថ្ងៃ​មក​ហើយ មិន​ទាន់​បាន​ចាក់​ផង ដោយសារ​តែ​ចាប់លេខ​មិន​ទាន់​គេ ។

អាណាព្យាបាល​រូប​នោះ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ កញ្ញា ឆ្នាំ​២០២១​នេះ គាត់​បាន​នាំ​កូន​មក​ចាក់​វ៉ាក់សាំង​តាំងពី ម៉ោង​ប្រមាណ​៦​ព្រឹក តែ​ចាប់លេខ​មិន​បាន ព្រោះ​គេ​យក​តែ​ចំនួន ១៨០​នាក់ រួច​ក៏​បាន​នាំ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាយ​រួច​ក៏​បាន​នាំ​កូន​មក​តម្រង់​ជា​ជួរ​ចាំ​ចាប់លេខ​ទៀត​ចាំ​ចាក់​នៅ​ពេល​ល្ងាច​ទៀត ។

តាម​អាណាព្យាបាល​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា រ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​យ៉ាង​ខ្លាំង ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​កុមារ​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់ តែ​ការ​រៀបចំ​របស់​មណ្ឌល​ចាក់​វ៉ាក់សាំង​មិន​បាន​ល្អ​ដោយ​អោយ​តម្រង់​ជា​ជួរ​ប្រជ្រៀត​គ្នា និង​កណ្តាល​ថ្ងៃ​បែប​នេះ ។

តាម​ស្ត្រី​ដែល​ពុំ​បានអោយ​ដឹង​ឈ្មោះ​បានអោយ​ដឹង​ថា គាត់​មាន​លំនៅ​មុខ​មន្ទីរពេទ្យ ព្រះ​កុ​សុះ​មះ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​នាំ​កូន​មក​ចាក់​វ៉ាកសាំង រយៈពេល​៣​ថ្ងៃ​មក​ហើយ តាំងពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​មក​ចាំ​តាំងពី​វេលា​ម៉ោង​៦​ព្រឹក តម្រង់​ជួរ ហើយ​ចាប់លេខ​ត្រឹម​១៨០​នាក់ អត់​បាន​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពេល​ថ្ងៃត្រង់​មក​វិញ​គេ​ចាប់លេខ​អស់​ទៀត ។ ថ្ងៃនេះ​គាត់​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ គឺ​នៅ​ចាំ​តម្រង់​ជួរ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ​(​ម៉ោង​១១​ព្រឹក​)​តែ​ម្តង ដើម្បី​ចាំ​យក​លេខ​ចាក់​វ៉ាក់សាំង​នៅ​វេលា​រសៀល ។

អាណាព្យាបាល​ផ្សេង​ៗ​ទៀត​ដែល​ម្នាក់​ៗ​កំពុង​តែ​បក់​ខ្យល់​អោយ​កូន បានអោយ​ដឹង​ដូច​ៗ​គ្នា​ថា គាត់​បាន​ក្រោក​តាំងពី​ម៉ោង​ប្រមាណ​៦​ព្រឹក​តែ​តម្រូវ​ប្រជ្រៀត​គ្នា​ចាប់លេខ​អត់​បាន​ទើប​រួសរាន់​ដាំបាយ​អោយ​កូន​ញាំ​រួច​ហើយ​មក​តម្រង់​ជា​ជួរ​កណ្តាល​ថ្ងៃ ដើម្បី​ចាំ​យក​លេខ​ពេល​ចាក់​ពេល​រសៀល​ចំនួន​១៣០​នាក់​ទៀត ។

តាម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា ម្នាក់​បានអោយ​ដឹង​ដោយសារ​តែ​ចំនួន​កុមារ​ដែល​មក​ចាក់​វ៉ាក់សាំង​ច្រើន​តម្រូវ​អោយ​មានការ​តម្រង់​ជួរ និង​រង​ចាំ​ចាប់លេខ​ទាំង​ព្រឹក និង​ល្ងាច​ទើប​អាណាព្យាបាល​បាន​មក​តម្រង់​ជា​ជួរ​ចាំ​យក​លេខ​យ៉ាងច្រើន​កុះករ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា ក្នុង​គ្រប​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ជូន​ដល់​កុមារ​ដែល​មាន​អាយុ ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម​អាយុ​១២​ឆ្នាំ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​សម្រាប់​ដូ​ស​ទី​១ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧​ខែកញ្ញា ដល់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១​និង​សម្រាប់​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​២៤​ខែតុលា ឆ្នាំ ២០២១​រៀង​រាល់​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៥​រសៀល​តាម​ការ​អញ្ជើញ​និង​ទំនាក់​ទំ​នង់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​ទីតាំង​ចំនួន​៤២​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ