ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ បន្តលក់លុយដុល្លារ ទិញលុយរៀលចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រមូលទិញប្រាក់រៀលបន្តបន្ទាប់នៅក្នុងខែកញ្ញានេះ តាមរយៈការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ។ កាលពីថ្ងៃទី ២០ ខែកញ្ញា ប្រាក់ដុល្លារចំនួន…

រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រមូលទិញប្រាក់រៀលបន្តបន្ទាប់នៅក្នុងខែកញ្ញានេះ តាមរយៈការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ។ កាលពីថ្ងៃទី ២០ ខែកញ្ញា ប្រាក់ដុល្លារចំនួន ២០ លាន បានដាក់ឲ្យដេញថ្លៃ ហើយនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះទៀត ប្រាក់ដុល្លារ ៤០ លាន នឹងដាក់ឲ្យវិស័យធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញាវត្ថុដេញថ្លៃបន្តទៀត ។ 

នៅក្នុងខែកញ្ញានេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ខ្លួននឹងឲ្យដេញថ្លៃប្រាក់ដុល្លារជាង ១០០ លាន សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដេញថ្លៃ នៅពេលដែលប្រាក់ដុល្លារឡើងថ្លៃធៀបនឹងប្រាក់រៀលនោះ ។ បច្ចុប្បន្ន អត្រាប្តូរប្រាក់នៅទីផ្សារកម្ពុជា ១ ដុល្លារអាមេរិក មានតម្លៃក្នុងរង្វង់ ៤ ១០០ រៀល ។ 

លោក ប៊ុន មុន្នី ទីប្រឹក្សាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការដេញថ្លៃប្រាក់ដុល្លារនេះ គឺមានសារប្រយោជន៍ណាស់សម្រាប់តម្លៃប្រាក់រៀលនៅលើទីផ្សារដែលស្របទៅនឹងគោលរូបិយវត្ថុជាតិ ។  បើតាមធនាគារជាតិវិញថា ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលវិញនេះ  គឺធ្វើឡើងក្នុងគោលកាត់បន្ថយចំនួនប្រាក់រៀលនៅលើទីផ្សារ ដើម្បីឱ្យមានតុល្យភាពឡើងវិញរវាងតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀលនៅលើទីផ្សារ ។

 អ្នកហិរញ្ញវត្ថុខ្លះបាននិយាយដោយចំថា  «ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលចូលវិញ គឺដើម្បីបង្ការពីហានិភ័យនូវអតិផរណា» ។ ចំណែកពាណិជ្ជករខ្លះទៀតថា ការប្រែប្រួលអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤១០០ រៀលក្នុងមួយដុល្លារនោះ  ជាការជំរុញឲ្យពលរដ្ឋចាយវាយប្រាក់រៀលទៅវិញណោះទេ ។ កម្ពុជាជាប្រទេសដែលចាយវាយប្រាក់ដុល្លារដោយសេរី ឬគេហៅថា ដុល្លាររូបនីយកម្មតំាងពីឆ្នាំ ១៩៩៣ មក ។ ការទូទាត់ពាណិជ្ជកម្មនៅកម្ពុជាគិតជាប្រាក់ដុល្លារ ដូច្នេះនៅពេលប្រាក់ដុល្លារឡើងថ្លៃអាចនាំទំនិញឡើងថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ