ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងបម្រើដល់វិស័យពុទ្ធសាសនា ការអប់រំ និងទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំសម្បើមសាងសង់នៅលើផ្ទៃដីប្រមាណ ១២៦ ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្តិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច…

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំសម្បើមសាងសង់នៅលើផ្ទៃដីប្រមាណ ១២៦ ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្តិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនគ្រាន់តែបម្រើឲ្យវិសយ័ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ មជ្ឈមណ្ឌលនឹងក្លាយជាផលិតផលថ្មីមួយទៀតបម្រើឲ្យវិសយ័ទេសចរផងដែរ ។

មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលបានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានជ្រើសរើសទីតាំងដែលសម្បូរដោយធនធានធម្មជាតិ សម្រាប់សាងសង់ ចំណែកសំណង់ក្នុងមជ្ឈមណ្ឌលក៏ជ្រើសរើសយករចនាបថខ្មែរដ៏ល្បីល្បាញមកបញ្ចូលដើម្បីជាការទាក់ទាញផងដែរ ។

«ហេតុដែលយើងយកទីតាំងនេះដើម្បីកសាងមជ្ឈមណ្ឌល ព្រោះយើងដឹងហើយថា ព្រះពុទ្ធដែលជាព្រះបរមគ្រូនៃយើងគឺព្រះអង្គប្រសូត្រក្នុងព្រៃ ទ្រង់ត្រាស់ដឹងក្នុងព្រៃ រហូតព្រះអង្គចូលព្រះនិពាន្តក៏ក្នុងព្រៃថែមទៀត ។ កន្លែងនេះស្ងប់ស្ងាត់ សមស្របសម្រាប់ធ្វើវិប្សនា ឬធ្វើសម្មាធិ ។ ទន្ទឹមនោះដោយសារតែមជ្ឈមណ្ឌលវប្បធម៌នេះជាសម្បត្តិរបស់ជាតិ ហើយវាមិនគ្រាន់តែបម្រើឲ្យវិសយ័ព្រះពុទ្ធសាសនាតែមួយមុខនោះទេ តែវាបម្រើឲ្យវិសយ័ជាច្រើនទៀត ហើយសំខាន់នោះគឺវិសយ័ទេសចរណ៍តែម្តង» នេះជាការបញ្ចាក់របស់មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ។ 

 មកដល់ពេលនេះដំណើរការកសាងអគារ ប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមជ្ឈមណ្ឌល គឺការសាងសង់ប្រាសាទទី ១ សម្រេចបានប្រមាណ ៩០% នៅសេសសល់តែការសម្អាត និងកែលម្អរប៉ុណ្ណោះ សំណង់ជាច្រើនទៀតដែលនឹងធ្វើជាបន្តបន្ទាប់ ។ បញ្ហាកូវីដបានធ្វើឲ្យរាំងស្ទះការងារសាងសង់ផងដែរ ។ មហាឧបាសិការ ញ៉ឹក ប៊ុនថា បានឲ្យដឹងទៀតថា មជ្ឈមណ្ឌលនេះមិនត្រឹមជាទីគោរពសក្ការៈ ការធ្វើសម្មាធិរបស់មនុស្សចាស់នោះទេ តែជាកន្លែងសម្រាប់ការបណ្តុះបណ្តាល អប់រំសីលធម៌ដល់ក្មេងៗគ្រប់ជំនាន់ថែមទៀតផង ដោយផ្តល់ជាសំខាន់ឲ្យពួកគេបានយល់ដឹងអំពីពុទ្ធប្រវត្តិ និងរឿងរ៉ាវផ្សេងៗទៀតទាក់ទងវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ។

តាមគម្រោងប្លង់នៃមជ្ឈមណ្ឌលនេះ មានសណ្ឋានជា ស្លឹកពោធិ៍ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹង សាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា ។ ចំណែកនៅចំកណ្តាលសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និង កម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គ ដែលបានសុំមកពីប្រទេសឥណ្ឌា ។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែល ក្នុងនោះ មានសាល សន្និសីទសាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត ខណៈ មហាប្រាសាទ ១២ នឹងសាងសង់បែងចែកជាពីរជួរព័ទ្ធជុំវិញ ។

 មហាឧបាសិការ ញ៉ឹក ប៊ុនថា ថានៅជួរទី ១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរ ព្រះត្រៃបិដក ទាំង ១១០ ភាគ ។ មហាប្រា សាទ ជាន់ទី ២ ប្រើសម្រាប់តម្កល់ ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះ អង្គ សង់ឡើងពីថ្មភ្នំ ។ បន្ទាប់មកនឹង មានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ ហើយបានកសាង ផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១០០០ ផ្ទាំងហើយ ។ ក្រៅពីនោះ «មជ្ឈមណ្ឌ វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» មានសាងសង់ កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធ អង្គកប់នៅក្នុងព្រៃដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិសមានសាងសង់ វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតា លោកយាយ កន្លែងដាំផ្កាសម្រាប់ជាតង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត ។ មហាឧបាសិកាធម្ម បណ្ឌិត ញ៉ឹក ប៊ុនថា បានបញ្ជាក់ថា គម្រោងនេះអាចនឹងចំណាយថវិកាប្រមាណជាង ១០ លានដុល្លារ ហើយត្រូវប្រើពេលកសាងប្រហែលពី ៥ ទៅ ៧ ឆ្នាំ ទើបរួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ