ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ប្រទេស​មហាអំណាច​ខ្លះបន្ត​ប្រើ​គ្រប់​ល្បិច​កល​គំរាមកំហែងជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា មាន​ប្រទេស​មហាអំណាច​ខ្លះ​បន្ត​ប្រើ​គ្រប់​ល្បិច​កល​គំរាមកំហែង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ។ យោង​តាម​សារលិខិត​ក្នុង​ឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា មាន​ប្រទេស​មហាអំណាច​ខ្លះ​បន្ត​ប្រើ​គ្រប់​ល្បិច​កល​គំរាមកំហែង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ។

យោង​តាម​សារលិខិត​ក្នុង​ឱកាស​ទិវា​សន្ដិភាព​អន្ដរជាតិ​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា មិន​អាច​គេច​ផុត​ពី​ការ​ទទួល​រង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ដ្រ​នយោបាយ​បង្ក​ឡើង​ដោយ​ការ​ប្រកួតប្រជែង​មហាអំណាច ជា​ពិសេស​នោះ​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​បន្ត​ប្រើ​គ្រប់​ល្បិច​កល​គំរាមកំហែង និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​សង្គម​អន្តរជាតិ កា​រវិ​វត្ត​ដ៏​ស្មុគស្មាញ​មិន​អាច​ប្រមាណ​ទុកជា​មុន​នៃ​ស្ថានការណ៍​ពិភពលោក បង្ក​ឡើង​ដោយ​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច ដើម្បី​ការពារ​ផលប្រយោជន៍ និង​រក្សា​ឥទ្ធិពល​ទាំង​នយោបាយ យោធា និង សេដ្ឋកិច្ច​របស់​ខ្លួន​បាន និង​កំពុង​គំរាមកំហែង​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​ទាំង​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​កម្ពុជា​យើង​មិន​អាច​គេច​ផុត​ពី​ការ​ទទួល​រង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់ទាំង​នោះ​បាន​ទេ ។ ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិច​កល​គំរាមកំហែង ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​ពីរ​អំពី​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​» ។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មិន​ភ្លេច​ទេ​នូវ​វិនាសកម្ម និង​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ដែល​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​អស់ទាំង​នោះ​បាន​ដាក់​បង្ខំ​មក​លើ​កម្ពុជា ។

សម្ដេច​ថា កម្ពុជា​ក៏​មិន​បានឱ្យ​ប្រទេស​អស់ទាំង​នោះ​សងបំណុល​សីលធម៌​ដែល​ពួក​គេ​ជំពាក់​ចំពោះ​ប្រជាជន​កម្ពុជា​ទេ តែ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​អ​ធិ​បេ​តយ្យ​របស់​ខ្លួន​ជា​ម្ចាស់​ទឹក ម្ចាស់​ដី ការពារ​ការ​រស់រាន​មានជីវិត​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា ការពា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប៉ុណ្ណោះ ។ នៅ​ក្នុង​ទិស​ដៅ​នេះ កម្ពុជា​បាន​ប្រកាន់​យក​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ មិន​ចូលបក្ស​សម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការ​គោរព​គ្នា​និង​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក ។

សម្ដេច​តេ​ជោ ប្រកាស​ជា​ឱឡារិក​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយនូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រទេស​ជាតិ ។

សម្ដេច​ថា ដោយសារ​គុណ​តម្លៃ​នៃ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក​នេះ​ហើយ​ដែល​បាន​ធ្វើ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​នៅ​លើ​គ្រប់​វិស័យ​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​ជំរុញ​ឱ្យ​កម្ពុជា​ខិតខំ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​មួយ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ