ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជំរុញឱ្យមានការដឹកជញ្ជូនផ្លូវទឹក ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺមានសារសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជួន ហើយការដឹកជញ្ជួនតាមផ្លូវទឹក…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺមានសារសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជួន ហើយការដឹកជញ្ជួនតាមផ្លូវទឹក បានចូលរួមកាត់បន្ថយ ខូចខាតផ្លូវថ្នល់ផងដែរ ។ លោបានជំរុញឲ្យអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងភ្នំពេញ បង្កើតកំពុងផែរណបតាមដងទន្លេឲ្យបានច្រើនក្នុងការលើកកម្ពស់សេវាដឹកជញ្ជួនតាមផ្លូវទឹកនេះ ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការចំណតផែកុងតឺន័រ LM 17 ជំហានទី ៣ ដំណាក់កាលទី១កាលពីព្រឹកថ្ងៃទី ២០ កញ្ញា ២០២១ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន បានគូសបញ្ជាក់ថា លោកគាំទ្រដល់ការបង្កើតផែរណបរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ដោយជំហានទី១គឺផែរណប TS 11 ត្រៀមបង្កើតនៅពេលឆាប់ៗនេះ ។ «យើងត្រូវតែជំរុញ សហការគ្នា ជាមួយវិស័យឯកជន ដើម្បីបង្កើតផែរណបឱ្យបានច្រើនដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រោះថាបើសិនជាយើងមានតែកំពង់ផែស្វយ័តក្រុងភ្នំពេញតែមួយ និងគ្មានផែរណបក៏យើងមិនអាចដឹកទំនិញ កសិផលទូទាំងប្រទេសមកកំពង់ផែស្វយ័តក្រុងភ្នំពេញបានដែរ» ។ 

តាមលោករដ្ឋមន្រ្តី នឹងខិតខំកៀរគរថវិកាដើម្បីអភិវឌ្ឍន៍កំពង់រណប ជំរុញការដឹកជញ្ជួនផ្លូវទឹកឲ្យដំណើរការកាន់តែសកម្ម ។ លោកថា ថវិកាសម្រាប់វិស័យនេះអាចជាថវិការបស់ក្រសួង ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ ។ «យើងបានខិតខំប្រឹងប្រែងរកជំនួយនិងថវិកាពីប្រភពនានាដូចជា JICA ធនាគារពិភពលោក និងថវិការបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍រដ្ឋារចនាសម្ព័ន្ធផ្លូវទឹក» ។

ចំណតផែកុងតឺន័រ LM ១៧ ជំហានទី ៣ ដំណាក់កាលទី ១ មានទីតាំងនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លើផ្ទៃដីទំហំ ២,៧៥ ហិកតា ។ គម្រោងនេះស្ថាបនាដោយក្រុមហ៊ុន សៀង ហៃខនស្ត្រាក់សិន តាមរយៈនីតិវិធីដេញថ្លៃអន្តរជាតិ សាធារណៈ ដោយបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ ២០១៩ និងបញ្ចប់នាពាក់កណ្តាលឆ្នាំ ២០២១ ។ កំពង់ផែស្វយ័តភ្នំពេញ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM ១៧ ជំហានទី៣ ដំណាក់កាលទី ១ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន ១០០ ០០០ TEUs ក្នុង ១ ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ដែលកំពុងកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល ។

ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ បាវី បានថ្លែងថា សមិទ្ធផលថ្មីមួយទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ បានពង្រីកសមត្ថភាពផ្ទុកកុងតឺន័ររបស់ខ្លួន ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។ គម្រោងនេះបានប្រើប្រាស់ទុនវិនិយោគប្រមាណ ១៨,៤ លានដុល្លារ ដែលជាថវិកាផ្ទាល់របស់កំពង់ផែទាំងអស់បានមកពីប្រាក់ចំណេញ និងប្រាក់សន្សំអភិវឌ្ឍសហគ្រាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ