ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយរួចហើយ រឿងពពែ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ប្រតិកម្ម!

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ កិច្ចប្រជុំ​សម្របសម្រួល ដោះស្រាយ​បាតុភាព​រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​ប្រជាពលរដ្ឋ ជា​អាជីវករ ទិញ​លក់​សាច់​ពពែ រស់នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពុង​អុស ស្រុក​ពញាឮ ខេត្តកណ្តាល…

ខេត្តកណ្តាល​៖ កិច្ចប្រជុំ​សម្របសម្រួល ដោះស្រាយ​បាតុភាព​រវាង​ម្ចាស់​សត្តឃាតដ្ឋាន និង​ប្រជាពលរដ្ឋ ជា​អាជីវករ ទិញ​លក់​សាច់​ពពែ រស់នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពុង​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​ធ្វើឡើង នៅ​សាលាស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​។ ក្នុង​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ បានសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម យក​ពពែ ទៅ​កាប់​នៅក្នុង​សត្តឃាតដ្ឋាន ក្នុងតម្លៃ​ព្រមព្រៀងគ្នា ដោយមាន​ការឯកភាព​ពី​ពលរដ្ឋ​ខ្មែរឥស្លាម និង​ម្ចាស់​សត្តឃាតដ្ឋាន​។​

​លោក គង់ សោ​ភ័​ណ្ឌ លើកឡើងថា ជាទូទៅ​ការកាប់​សាច់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ធ្វើជា​ម្ហូបអាហារ គឺ​មិន​មានការ ហាមឃាត់​ឃាំង​នោះទេ ប៉ុន្តែ​ករណីនេះ ជាការ​កាប់​សត្វ​លក់​ជា​លក្ខណៈ​អាជីវកម្ម ការធ្វើ​អាជីវកម្ម​លក់ដូរ និង​កាប់សាច់​ធ្វើ​ម្ហូបអាហារ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ខុសគ្នា​។

​លោក​អភិបាលខេត្ត បន្ថែមថា ចំពោះ​បាតុភាព​រវាង​ប្រជាពលរដ្ឋ​ជា​អាជីវករ និង​ម្ចាស់​សត្តឃាតដ្ឋាន គឺ​បាន​សម្របសម្រួល​ដោះស្រាយ ដោយបាន​ឯកភាពគ្នា ដោយ​ប្រជាពលរដ្ឋ​ជា​អាជីវ​ករទាំង ២៥​គ្រួសារ បាន​សំណូមពរ ដល់​ម្ចាស់​សត្តឃាតដ្ឋាន យក​កម្រៃ​សេវា​ចំនួន ៤,០០០​រៀល ក្នុង ០១​ក្បាល ដោយមាន​អុស ខ្ទះ និង​ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ​។

​លោក កង់ សោ​ភ័​ណ្ឌ បន្ថែមថា ក្រោយ​ការសម្របសម្រួល​ម្ចាស់​សត្តឃាតដ្ឋាន​បាន​យល់ព្រម​ឯកភាព​យក​តម្លៃ ៤,០០០​រៀល ក្នុងការ​សំឡេះ​សត្វ​ពពែ ០១​ក្បាល ដោយមាន​អុស ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ក្នុង​រយៈពេល ០១​ឆ្នាំ​ដំបូង និង​សុំ​ឡើង​តម្លៃ ៥,០០០​រៀល ក្នុង​០១​ក្បាល នៅ​ឆ្នាំ​ទី​២ ទី​៣ និង​ស្នើសុំ​លើកលែង​តម្លៃ​សេវាកម្ម ពិនិត្យ​សុខភាព​សាច់ តាមរយៈ​រដ្ឋបាលខេត្ត​កណ្តាល​។

​លោក​អភិបាលខេត្ត បន្ថែមថា «​ចំពោះ​សំណូមពរ​របស់​ម្ចាស់​សត្តឃាតដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​អាជីវករ លើ​បញ្ហា​នេះ ខ្ញុំបាទ នឹងធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គោរព​ស្នើសុំ​គោលការណ៍​សំរេច​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​ពិចារណា​លើ​ការលើកលែង ចំពោះ​សំណូមពរ​ខាងលើ ជូន​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​លោក គង់ សោ​ភ័​ណ្ឌ បន្តថា «​ចំពោះមុខ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើងថា ផ្លូវ​ចូល​ទីតាំង​សត្តឃាតដ្ឋាន មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល ខ្ញុំបាទ​សន្យា​នឹង​ជួយ​ស្ថាបនា​ផ្លូវ​បេតុង ០១​ខ្សែ ប្រវែង​ប្រមាណ ១​គីឡូម៉ែត្រ​ជាង និង​បំពាក់​ទៅដោយ​ភ្លើង​បំភ្លឺ​សូ​ឡា តាមផ្លូវ​ទៅ​ទីតាំង​សត្តឃាតដ្ឋាន​នោះ​ផងដែរ​។ ជាមួយគ្នានេះដែរ ក្រុមមន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដែល​បាន​ប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យ ទៅលើ​ប្រជាពលរដ្ឋ​នា​ថ្ងៃ​ប៉ះទង្គិច​គ្នា​នោះ សូម​សំដែង​នូវ​ការសោកស្តាយ និង​សូម​អភ័យទោស ចំពោះ​ពាក្យសំដី​លើសលស់ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​សន្យា​ចំពោះមុខ ថ្នាក់ដឹកនាំ​គ្រប់រូប គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ ដោយ​សន្យា​ឈប់​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅទៀត ដោយ​សូម​កែសម្រួល​ឥរិយាបទ ក្នុងការ​និយាយស្តី និង​ទង្វើ​ឲ្យ​បានល្អ​ប្រសើរ​សក្តិ​សមជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​របស់​សម្តេច​តេ​ជោ គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦​ព្រឹក នៅ​ចំណុច​ភូមិ ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល មានការ​ឃាត់​សួរ​របស់​មន្ត្រី​បសុពេទ្យ ខេត្តកណ្តាល ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ដឹកជញ្ជូន​សាច់សត្វ​ពពែ ចំនួន ១៧​គីឡូក្រាម ដែល​ការណ៍​នេះ បាន​បណ្តាលឱ្យ​ឈ្លោះប្រកែក​គ្នា រហូតដល់​មានការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ទៅក្នុង​ផេ​ក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើត​ឲ្យ​ដល់​មានការ​ខម​មិន​វែកញែក មាន​ខុស មាន​ត្រូវ ទៅលើ​គូភាគី​ទាំងពីរ​ជាច្រើន នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​យ៉ាង​ផុលផុស​។​

​ករណីនេះ ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហោះ​ខ្លី​ប​វិ​ដេ​អូ​នោះ ហើយ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្លើយតប​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​៕​