ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សត់ណាស់! គ្រូ​ប្រដាល់ ឈិ​ន ក្វា​ន់​ចៃ ឈឺ​ធ្ងន់ គ្មានលទ្ធភាពទៅមន្ទីរពេទ្យ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងផ្ទះ​យ៉ាង​កម្សត់​នៅ​ស្រុក​កំណើត​ស្ថិត​នៅ​ក្នុង​ខេត្ត​​ព្រៃវែង ដែល​ជា​ផ្ទះថ្ម​សាងសង់​មិន​ទាន់​រួច អតីត​កីឡាករ

រាជធានីភ្នំពេញ ៖ ក្នុងផ្ទះ​យ៉ាង​កម្សត់​នៅ​ស្រុក​កំណើត​ស្ថិត​នៅ​ក្នុង​ខេត្ត​​ព្រៃវែង ដែល​ជា​ផ្ទះថ្ម​សាងសង់​មិន​ទាន់​រួច អតីត​កីឡាករ និង​ជា​គ្រូបង្វឹក​របស់​កីឡាករ​ល្បីឈ្មោះ​ជា​ច្រើនរូប គឺ​លោកគ្រូ​ ឈិ​ន ក្វា​ន់​ចៃ នៅ​តែ​មាន​សភាព​ឈឺ​ធ្ងន់​នៅ​នឹង​មួយ​កន្លែង​នៅឡើយ​ទេ​។

យោង​តាម​វី​ដេ​អូ Live របស់​លោក​វី​ជេ ហេ​រ៉ូ ដែល​បាន​ចុះ​ទៅ​ដល់​ស្រុក​លោកគ្រូ​ឈិ​ន ក្វា​ន់​ចៃ បានឱ្យ​ដឹង​ថា លោកគ្រូ ឈិ​ន ក្វា​ន់​ចៃ នៅ​តែ​មាន​សភាព​គួរ​ឱ្យ​ព្រួយបារម្ភ ខណៈ​ដែល​លោក​ហេ​រ៉ូ ដែល​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​អះអាង​ថា កំពុង​ស្វែងរក​លទ្ធភាព​បញ្ជូន​លោកគ្រូ​ទៅ​កាន់​មន្ទីរពេទ្យ​។

លោក វី​ជេ ហេ​រ៉ូ ដែល​បាន​ទៅ​ដល់​ផ្ទះ​លោកគ្រូ តាំងពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០២១ មុន​នេះ លោក​បាន​បញ្ជាក់​ថា លោកគ្រូ​ឈិ​ន ក្វា​ន់​ចៃ មានអាការៈ​មិន​ខុស​ពី​មនុស្ស​ស្លា.ប់​មួយ​ចំហៀង​នោះទេ​ ដោយ​គ្រាន់តែ​លោក​នៅ​កម្រើកខ្លួន​បាន​ខ្លះ ហើយ​អាច​អោយ​គេ​គ្រា​ហ៍​អោយ​ក្រោក​អង្គុយ​បាន​តិចតួច​។ មក​ទល់​ពេល​នេះ លោកគ្រូ កាន់តែ​មាន​កម្លាំង​ខ្សោយ​ដេក​នៅ​នឹងកន្ទេលតែ​មួយ​កន្លែង ហើយ​ជម្ងឺលើសឈាម​ក៏​ធ្វើទុក្ខ​ខ្លាំង បណ្ដាល​អោយ​លោក​គឺ​ប្រៀប​ដូច​ជា​មនុស្ស​ស្លា.ប់​មួយ​ចំហៀង​ខ្លួន ព្រោះ​​ភាគច្រើន​ គឺ​សូ​ម្បី​តែ​ដៃជើង​ក៏​ពិបាក​កំរើក​។

លោក​ហេ​រ៉ូ បន្ត​ថា លោក​គ្រូ​ឈិ​ន ក្វា​ន់​ចៃ ស្ដាប់​បាន តែ​និយាយ​តបត​មិនសូវ​បាន​ទេ ហើយ​គោលបំណង​របស់​ភរិយា​លោក​គ្រូ​គឺ​ចង់​នាំ​លោកគ្រូ​​មក​មន្ទីរ​ពេទ្យ ប៉ុន្តែ​​មិន​មាន​លទ្ធភាព​ ។ លោក​ហេ​រ៉ូ កំពុង​តែ​ប្រ​កូក​ប្រកាស និង​សិក្សា​ពី​លទ្ធភាព​នាំ​លោក​គ្រូ​មក​មន្ទីរពេទ្យ ដោយ​លោក​ថា បើ​ចង់​នាំ​លោក​ទៅ​កាន់​មន្ទីរពេទ្យ គឺ​លុះត្រាតែ​មាន​សប្បុរសជន​ណាមួយ​ឈរ​មុខ ឬ​តម្រូវ​អោយ​លោក​​ចេញ​មុខ​រៃ​អង្គាស​រាល់ថ្ងៃ​ ដើម្បី​យក​លុយ​អោយ​លោក​គ្រូ​ព្យាបាល​។

លោក​ហេ​រ៉ូ​ថា លោក​គ្រូ​ឈិ​ន ក្វា​ន់​ចៃ គួរ​អោយ​អាណិត​ណាស់ ព្រោះ​ក្រៅពី​ឈឺ​ច្រើន​មុខ​ហើយ មើលទៅ​គ្រួសារ​របស់​លោក ក៏​មិនដឹង​បាន​អ្នក​ណា​ជួយ​អ្នក​ណា​ផង​ដែរ​។ លោក​កាន់តែ​សង្វេគ​នៅ​ពេល​ដែល​លោកគ្រូ​ ឈិ​ន ក្វា​ន់​ចៃ និង​គ្រួសារ​​ត្រេកអរ បន្ទាប់​ពី​លោក​​បាន​ប្រគល់​ថវិកា​​ជា​ជំនួយ​ដែល​រកបានមកប្រគល់ជូននាពេលនេះ​។ លោក​ថា ថវិកា​ទាំងនោះ​មិន​គ្រាន់តែ​នឹង​ជួយ​បញ្ហា​ថ្នាំសង្កូវ​របស់​លោកគ្រូ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​លោក​គ្រូ​នៅ​ក្នុង​ពេល​នេះ​មួយ​ផ្នែក​។

លោក​ថា ស្ថានភាព​របស់​លោកគ្រូ​ ឈិ​ន ក្វា​ន់​ចៃ ប្រសិនបើ​មាន​អ្នក​​ជួយ Share ដំណឹងនេះ​អោយ​​ច្រើន​ៗ គឺ​មិន​ខ្វះ​អ្នក​ជួយ​នោះ​ទេ​សម្រាប់​អ្នក​ជួយ​លោកគ្រូ​​អោយ​បាន​ទៅព្យាបាលនៅមន្ទីរ​​ពេទ្យ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​មិនសូវ​មាន​អ្នក​ជួយ​ចែករំលែក​ នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​ប្រ​កូក​ប្រកាស​បង្ហោះ​ពី​លោកគ្រូ ទើប​មក​ដល់​ពេល​នេះ ស្ថានភាព​ឈឺ​របស់​លោកគ្រូ​ គឺ​នៅ​តែ​ពិបាក ព្រោះតែ​ចង់ទៅ​ពេទ្យ​ជំនាញ តែ​ខ្វះ​លទ្ធភាព​។ លោក​ជំរុញ អោយ​មានការ​ចូលរួម​លើកទឹកចិត្ត​ដល់​គ្រូ​ប្រដាល់​មួយ​រូប​នេះ​ ស្រប​ពេល​ដែល​លោកគ្រូ​​កំពុង​ត្រូវការ ហើយ​លោក​ថា បើ​មាន​លទ្ធភាព​ចូល​សម្រាក​ក្នុង​ពេទ្យ​ឯកទេស​ទាន់​ពេល គឺ​ពិតជា​ជា​ហើយ​អាច​ត្រឡ​ប់​មក​កាន់​សង្វៀន​ប្រដាល់​ដូច​ដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកគ្រូ ឈិ​ន ក្វា​ន់​ចៃ គឺជា​គ្រូបង្វឹក​នៅ​ក្លឹ​ប​ម្កុដ​រាជសីហ៍​ ដោយ​កូនសិស្ស​របស់​លោក​រួម​មាន កីឡាករ រឿង សោ​ភ័​ណ្ឌ ជាដើម​។ លោកគ្រូ​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ ហើយ​កាល​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដំណើរការ លោក​គឺជា​អ្នក​វ៉ៃ​ជួង និង ជា​អ្នក​បណ្ដើរ​កីឡាករ​គូរ​បរទេស​ម​កាន់​សង្វៀន​។ ក្នុង​ករណី​ដែល​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ លោកគ្រូ ឈិ​ន ក្វា​ន់​ចៃ រមែង​ជា​អ្នក​កាន់​ខ្សែក្រវាត់​នោះ ឡើង​លើ​សង្វៀន​។ ករណី​ឈឺ​ធ្ងន់​របស់​លោក​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​កាលពី​២​ឆ្នាំ​មុន លោក​ក៏​មាន​សភាព​ឈឺ​ធ្ងន់​បែប​នេះ​ម្ដង​ដែរ ប៉ុន្មាន​ពេល​ស្វះ​ស្វែងរក​លទ្ធភាព​ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ ទើប​ជា​សះស្បើយ​។

កីឡាករ រឿង សោ​ភ័​ណ្ឌ ក៏​ត្រូវ​គេ​ឃើញ​បង្ហោះ​សារ​ស្នើ​អោយ​មានការ​ជួយ​ដល់​លោកគ្រូ​របស់​ខ្លួន​ផង​ដែរ បន្ទាប់​ពី​លោក​គ្រូ​ឈិ​ន ក្វា​ន់​ចៃ ស្រាប់តែ​មាន​បញ្ហា​ជំងឺ​ធ្វើ​ទុក្ខ​បែប​នេះ​ម្ដងទៀត ហើយ​មើលទៅ​ធ្ងន់ធ្ងរ​ជាង​មុន​។ ហ្វេ​ន​ហ្វេ​ន​មិន​តិច​នោះ​ទេ បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​លោក​ក្នុង​ពេល​នេះ ស្រប​ពេល​ដែល​វ័យ​របស់​លោកគ្រូ​​ក៏​ច្រើន​ដែល​កាន់តែ​ឌ្រុ​ឌ​ទ្រោម​ផង ទើប​ធ្វើ​អោយ​ជំងឺ​របស់​លោក​គ្រូ​ហាក់​មើលទៅ​ធ្ងន់ធ្ងរ​ជាង​មុន​។

រឿង សោ​ភ័​ណ្ឌ ​បាន​បង្ហោះ​សារ​ថា សូម​ជួយ​ដល់​លោកគ្រូ​របស់​លោក​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ផង​។ លោក​ថា លោកគ្រូ​របស់​លោក គឺជា​មនុស្ស​ម្នាក់​ដែល​បង្ហាត់​គុណ​ខ្មែរ​មក​ដល់​កីឡាករ​ជា​ច្រើនរូប​ ហើយ​លោកគ្រូ​ក៏​តស៊ូ​ជួយ​ដល់​គុន​ខ្មែរ​ផង​ដែរ​ ដោយ​កន្លង​មក​ធ្លាប់​រត់​ម៉ូតូឌុប​មក​ចិញ្ចឹម​កូនសិស្ស​នៅ​ក្នុង​ក្លឹ​ប​។ លោក​ថា លោកគ្រូ​តស៊ូ​ព្រោះតែ​ស្រលាញ់​វិស័យ​ប្រដាល់ ប៉ុន្តែ​ចុង​ក្រោយ លោកគ្រូ​បែរ​ត្រូវ​ដេក​ឈឺ​គ្មាន​លុយ​ចូល​ពេទ្យ​ដែល​ត្រូវ​ជំនាញ​។ លោក​ថា លោកគ្រូ ឈិ​ន ក្វា​ន់​ចៃ គឺជា​បុគ្គល​ដែល​តស៊ូ​ដើម្បី​គុន​ខ្មែរ ហើយ​លោក​ក៏​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ