ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានសមាគមអ្នកចិញ្ចឹមសត្វជំរុញឱ្យរដ្ឋរកទីផ្សារ និងបញ្ចុះថ្លៃដើមផលិតកម្ម

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានសមាគមនអ្នកចិញ្ចឹមសត្វកម្ពុជា បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វែងរកទីផ្សារសម្រាប់កសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងជួយបញ្ចុះថ្លៃដើមផលិតនានា ដូចជាថ្លៃអគ្គិសនី ថ្លៃចំណីសត្វ…

រាជធានីភ្នំពេញ ៖ ប្រធានសមាគមនអ្នកចិញ្ចឹមសត្វកម្ពុជា បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វែងរកទីផ្សារសម្រាប់កសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងជួយបញ្ចុះថ្លៃដើមផលិតនានា ដូចជាថ្លៃអគ្គិសនី ថ្លៃចំណីសត្វ បើមិនដូច្នេះអ្នកចិញ្ចឹមសត្វនឹងនៅតែជួបបញ្ហាជីវភាព ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថា ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារអាចរីកចម្រើន អ្នកចិញ្ចឹមមានជីវភាពធូរធារ លុះត្រាតែមានទីផ្សារសម្រាប់លក់ផលិតផល ។ ការជំរុញឱ្យមានការចិញ្ចឹមសត្វ តែមិនបានគិតពីទីផ្សារ មិនទាន់គ្រប់គ្រាន់នោះទេ ។ លោកបានលើកឡើងបន្តថា នៅពេលកសិករចិញ្ចឹមសត្វបានហើយ គឺត្រូវរកទីផ្សារឲ្យពួកគាត់ហើយទីផ្សារដំបូងនោះ គឺទីផ្សារនៅក្នុងស្រុក ។ 

«បើចិញ្ចឹមសត្វបានហើយ តែការនំាចូលនូវតែបន្តនាំចូល គេដណ្តើមយកអស់ ធ្វើយ៉ាងណាកសិករយើងដណ្តើមឈ្នះគេ ព្រោះកសិករមានដើមទុនតិចតួច តែការផលិតចំណាយថ្លៃដើមខ្ពស់ អ៉ីចឹងគាត់មិនអាចប្រកួតប្រជែងចូលទៅក្នុងទីផ្សារបាន ដោយសារប្រទេសជិតខាងគាត់នាំចូលសត្វមក ធ្វើឱ្យប៉ះពាល់របស់កសិករក្នុងស្រុក» នេះបើតាមការបញ្ជាក់របស់លោកប្រធានសមាគម ។

លោក ស្រ៊ុន ពៅ ថា ការចិញ្ចឹមសត្វលក្ខណៈគ្រួសារ ចំណាយដើមទុនខ្ពស់ដោយសារតម្លៃវត្ថុធាតុដើមនៅក្នុងស្រុកសុទ្ធតែមានតម្លៃខ្ពស់ ដូចជាតម្លៃអគ្គិសនី ចំណីសត្វថ្លៃ ។ ថ្លៃដើមផលិតខ្ពស់នេះ ធ្វើឲ្យកសិផលក្នុងស្រុមមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបានឡើយ ។ លោកបានស្នើដល់ក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ ជួយជំរុញធ្វើយ៉ាងណាឱ្យតម្លៃចំណី និងអគ្គិសនី តម្លៃការដឹកជញ្ជូនមានតម្លៃសមរម្យ ដើម្បីឱ្យកសិករអ្នកចិញ្ចឹមអាច ពង្រឹងផលិតកម្មរបស់ខ្លួនបាន ។ «បើសិនរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ បានគិតគូដល់កសិករយើងនៅទូទំាងប្រទេសមិនថា នៅក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាដំាបន្លែនេះ ខ្ញុំជឿជាក់ថា ការផលិតនៅក្នុងប្រទេសកម្ពុជាយើងមិនចាញ់ប្រទេសដទៃផ្សេងទៀត តែបើមិនយកចិត្តទុកដាក់នោះការចិញ្ចឹមសត្វរបស់កសិករអាចនឹងបោះបង់លែងចិញ្ចឹមសត្វ» ។

ពាក់ព័ន្ធនិងវ័ស័យចិញ្ចឹមសត្វនិងកសិកម្មនេះ លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដឹកនាំកិច្ចប្រជុំមួយដោះស្រាយជាកញ្ចប់ជាគោលនយោបាយចិញ្ចឹមសត្វនេះ ។ លោកលើកឡើងថា នឹងពិនិត្យពិចារណាទៅលើការរៀបចំ អនុក្រឹត្យ ឬប្រកាស ដើម្បីដោះស្រាយបញ្ហាកសិករ អ្នកចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីឲ្យពួកគាត់កាន់តែមានលទ្ធភាព រកចំណូលសម្រាប់ដោះស្រាយជីវភាព ក៏ដូចជាលើកកកម្ពស់ការចិញ្ចឹមសត្វនៅកម្ពុជា ៕