ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​របាំង​ស្បៃ​មុងនៅ​តែ​មាន​ពេញ​បឹង ខណៈ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ស្ទើ​រតែរាល់ថ្ងៃ​​ក្តី

1 ខែ មុន

ខេត្តព្រៃវែង ៖ របាំង​ស្បៃ​មុង គឺជា​ឩ​បករ​ណ៌​នេសាទ​ខុសច្បាប់​មួយ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​អនុញ្ញាត​អោយ​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែនៅ​ភូមិ​បឹង​ផ្សោត និង​ភូមិ​បឹង​ក្អែក ក្នុង​ឃុំ​ពាម​មាន​ជ័យ នៃ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ របាំង​ស្បៃ​មុង គឺជា​ឩ​បករ​ណ៌​នេសាទ​ខុសច្បាប់​មួយ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​អនុញ្ញាត​អោយ​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែនៅ​ភូមិ​បឹង​ផ្សោត និង​ភូមិ​បឹង​ក្អែក ក្នុង​ឃុំ​ពាម​មាន​ជ័យ នៃ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ឧ​បករ​ណ៌​ប្រភេទ​នេះ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​យ៉ាង​បើកចំហរ​ពាសពេញ​ផ្ទៃ​បឹង ហាក់​មិន​ខ្លាច​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នោះ​ទេ​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​មាន​ជ័យ និង​ជា​ម្ចាស់​របាំង​ស្បៃ​មុង​ទាំងនោះ​ផង​បាន​និយាយ​ថា ពួក​គាត់​មានផ្ទះ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ខាងក្រោយ​ផ្ទះ​គឺជា​ដី​ទំនាប ដែល​អាច​ធ្វើស្រែ​បាន​តែ​រដូវប្រាំង​ប៉ុណ្ណោះ ចូល​ដល់​រដូវវស្សា ឬ​រដូវ​ទឹក​ឡើង ដីស្រែ​ទាំង​អស់​ត្រូវ​ទឹក​ជន់​លិច ដូច្នេះ​ ពួក​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅពី​មុខរបរ​នេសាទ ហើយ​បច្ចុប្បន្ន​នេះ បើ​អោយ​ប្រើ​ឧ​បករ​ណ៌ដាក់​មង បោះ​សំណាញ់ ច្បាស់​ជា​រក​ត្រី​ហូប​មិន​បាន​ទេ គឺ​មាន​តែ​ប្រើ​របាំង​ស្បៃ​មុង​នេះឯង ដែល​ងាយស្រួល និង​អាច​ដោះស្រាយ​ជីវភាព​បាន​។

អ្នកស្រុក​ទាំងនោះ​បញ្ជាក់​ថា ឧបករ​ណ៌​ស្បៃ​មុង​នេះ ពួក​គាត់​ដឹង​ថា​ខុសច្បាប់​ហើយ ប៉ុន្តែ​ពួក​គាត់​គ្មាន​ជំរើស​ទេ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​លួច​ដាក់​ទៅ ពេល​ណា​គេ​ចុះ​ចាប់ នាំ​គ្នា​ជាន់ពន្លិច​ទៅ​ក្នុង​ទឹក ឬ​សា​ឡើង​យក​មក​ទុក​នៅផ្ទះ​ទៅ ពេល​គេ​ទៅ​អស់​នាំ​គ្នា​ដាក់​វិញ​ទៅ​។

ជុំវិញ​បញ្ហា​នេះ លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា នៅ​ឃុំ​ពាម​មាន​ជ័យ​នេះ គឺ​ពិតជា​មាន​អ្នកស្រុក​លួច​នេសាទ ដោយ​ប្រើប្រាស់ឧបករ​ណ៌​ស្បៃ​មុង​ខុសច្បាប់​ពិតប្រាកដ​មែន ហើយ​កន្លង​មក​អាជ្ញាធរ​ស្រុក បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល ចុះ​បង្ក្រាប​ស្ទើ​រាល់ថ្ងៃ ដោយ​បាន​ចាប់​យក​វត្ថុ​តាង​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ ធ្វើការ​ដុត​បំផ្លាញ​ចោល​និង​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ អោយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​មាន​ជ័យ​នោះ បាន​យល់​ដឹង​ពី​ច្បាប់ និង​ផល​ប៉ះពាល់​ពី​ការ​នេសាទ ដោយ​ប្រើ​ប្រាស់​ឧ​បករ​ណ៌​ហាមឃាត់​ទាំងនេះ​ដែរ ប៉ុន្តែ​ពួក​គាត់​ហាក់​មិន​ស្តាប់ និង​មិន​ចូលរួម​សោះ តែ​ទោះ​យ៉ាងណា លោកស្រី​នៅ​តែ​រក្សា​ជំហរ ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទាំងនេះ អោយ​ទាល់តែ​អស់ ដើម្បី​រក្សា​ប្រភព​ធនធានធម្មជាតិ អោយ​នៅ​គង់វង្ស​។

ដោយឡែក លោក អូន ស៊ី​ណាត នាយ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០​កញ្ញា​នេះ​ថា សំរាប់​ឃុំ​ពាម​មាន​ជ័ន​នេះ មន្ត្រី​របស់​លោក ទើបតែ​បាន​ចុះ​បង្ក្រាប​រួច​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា ថ្មី​ៗ​នេះ​ទេ ដោយ​ចាប់​បាន​ស្បៃ​មុង​ជាង​២០០០​ម៉ែត្រ ប៉ុន្តែ​បើ​នៅ​តែ​មាន​អ្នក​លួច​ដាក់​បែប​នេះ​ទៀត លោក​ហ្នឹង​រៀប​ផែនការ អោយ​មន្ត្រី​ចុះ​ទៅ​បង្ក្រាប​បន្ត​ទៀត គឺ​បង្ក្រាប​អោយ​ទាល់តែ​អស់​តែ​ម្តង​។

លោក អូន ស៊ី​ណាត បាន​បញ្ជាក់​ថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១​នេះ មន្ត្រី​ជំនាញ​ជលផល​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល បាន​ចំនួន​១៣០​លើក ស្មើ​និង​១៤៤​ករណី នៅ​ក្នុងស្រុក​មួយ​ចំនួន​ដូច​ជា ក្រុង​ព្រៃវែង បាភ្នំ ពាម​ជរ ពាមរ​ក៌ មេ​សាង ពោ​ធ៌​រៀង ព្រះស្តេច និង​កំពង់ត្របែក ហើយ​ឩ​បករ​ណ៌​ល្មើស​ដែល​ជួប​ប្រទះ​ច្រើន​ជាងគេ គឺ​ឩ​បករ​ណ៌​ស្បៃ​មុង​នេះឯង ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០២០ គឺ​មានការ​ថយ​ចុះ​៣៣​ករណី ក្នុង​នោះ បាន​បំផ្លាញ​ចោល​វត្ថុ​តាង 122 ករណី បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត 12​ករណី ពិន័យ​អន្តរការណ៍ និង​លក់​វត្ថុ​តាង​ចំនួន 10 ករណី​៕