ប្រទេសថៃ ៖ មនុស្សជាច្រើនរយនាក់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បាននាំគ្នាធ្វើបាតុកម្មដើរហែក្បួនតាមដងវិថីនានានៃក្រុងបាងកក នាឱកាសខួបលើកទី១៥ នៃរដ្ឋប្រហារយោធា ដែលបណ្ដេញលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រី។
អតីតនាយករដ្ឋមន្ត្រីថៃដែលរស់នៅនិរទេសនៅតែមានប្រជាប្រិយភាពក្នុងប្រទេស ១៥ឆ្នាំ ក្រោយពីត្រូវបណ្ដេញចេញពីអំណាច ដោយពួកយោធាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។ លោក NATTAWUT SAIKUAR ជាអ្ននយោបាយ ចាប់តាំងពីយូរមកហើយនៅតែជាមនុស្សជិតដិតនឹងលោកថាក់ស៊ីនស៊ីណាវ៉ាត្រា ថ្លែងទៅកាន់ពួកអ្នកគាំទ្រដែលលើកគ្រវីទង់ជាតិថៃ និងលើកប៉ង់កាតនានាអំពាវំនាវឲ្យកម្ចាត់លោកប្រាយុទ្ធថា ១៥ឆ្នាំបានកន្លងផុតទៅ តែយើងនៅទីនេះបន្តការប្រយុទ្ធរបស់យើង។
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលោកប្រាយុទ្ធចាន់អូចា ជាអតីតប្រមុខកងទ័ពឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារមួយកាលពីឆ្នាំំ២០១៤។
លោក NATTAWUT បាននិយាយថា មិនសំខាន់ទេ ទោះមានរដ្ឋប្រហារប៉ុនា្មនដង ក៏មិនអាចបញ្ឈប់យើងបាន។ ទោះបីពួកគេមានរថក្រោះខ្លាំងយ៉ាងណា ក៏មិនអាចបញ្ឈប់ទឹកចិត្តប្រយុទ្ធរបស់ប្រជាជនបានដែរ។
ប្រទេសថៃជួបប្រទះរដ្ឋប្រហារយោធាចំនួន១២លើក ចាប់តាំងពីការបញ្ចប់របបរាជានិយមផ្ដាច់ការពីឆ្នាំ១៩៣២មក។ ពួកយោធានិយាយថា រដ្ឋប្រហារភាគច្រើនគឹចាំបាច់ ដើម្បីការពាររបបរាជានិយមដែលនៅតែត្រូវការខ្លាំងរបស់ប្រជាជនថៃ។
លោកថាក់ស៊ីនទទួលការគាំទ្រជាពិសេសពីពួកអាវក្រហមថៃ ដោយអះអាងពីការការពារវណ្ណៈកម្មករនិងកសិករ។ ផ្ទុយទៅវិញលោកត្រូវបានពួកអ្នកមានឥទិ្ធពល និងពួកយោធាថៃស្អប់ចាត់ទុកជាអ្នកប្រជានិយម ហើយចោទប្រកាន់លោកជាច្រើនលើកពីបទពុករលួយ។ ទោះបីយ៉ាងណាឥទ្ធិពលរបស់លោក នៅតែមានក្រោយការចាកចេញពីអំណាច ហើយប្អូនស្រីលោកគឺលោកស្រីយ៉ីងឡាក់បន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់រដ្ឋប្រហារឆ្នាំ២០១៤៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ