ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះផ្ទះ​​ក៏​ឃើញចៅលូនចេញក្រៅរត់គេចបាត់ ស្រាប់តែ​​ឮលោកយាយស្រែកហៅ​ឱ្យជួយយ៉ាង​រន្ធ.ត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោកយាយ​វ័យ​៧៥​ឆ្នាំ​ម្នាក់​ ត្រូវ​​ភ្លើង​ឆេះ​​ បណ្តាល​ឱ្យបាត់បង់ជិវិត​​ក្នុង​ផ្ទះ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​គេមាន

រាជធានី​ភ្នំពេញ ​៖ លោកយាយ​វ័យ​៧៥​ឆ្នាំ​ម្នាក់​ ត្រូវ​​ភ្លើង​ឆេះ​​ បណ្តាល​ឱ្យបាត់បង់ជិវិត​​ក្នុង​ផ្ទះ​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​គេមានការ​សង្ស័យ​​ថា ចៅ​ប្រុស​ដែល​មាន​សតិ​មិន​ប្រក្រតី​បាន​ដុត​សម្ភារៈ​ដែល​នៅ​ខាងក្នុង​ផ្ទះ​​ ​បង្កជា​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ ខណៈ​ដែល​លោកយាយរងគ្រោះ​​កំពុង​សំរាក​នៅ​ផ្ទះ​ជាន់​លើ​ ​តែ​ម្នាក់ឯង ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ល​​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៩ ​ខែកញ្ញា​ ឆ្នាំ​២០២១​ ​នៅ​​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

​លោកយាយ​រង​គ្រោះ​ជា​ម្ចាស់​ផ្ទះកើតហេតុ​​​ដែលបាត់បង់ជីវិត​​​ខាងលើ​​ឈ្មោះ រស់ ហ៊ឹ​ម​យ៉ា អាយុ​៧៥​ឆ្នាំ ​។ ចំណែកជនសង្ស័យជា​ចៅប្រុស មិនស្គាល់​អត្តសញ្ញាណ​នោះទេ ។ អ្នកទាំងពីររស់នៅ​​ផ្ទះ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ផ្ទះកើតហេតុ​ខាងលើ​នោះ គឺ​មាន​អ្នក​ស្នាក់​នៅ​ជា​រៀងរាល់ថ្ងៃ​ចំនួន​៣​នាក់​ ដោយ​​លោកយាយ​​រងគ្រោះ ​និង​ចៅប្រុស​​ម្នាក់​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ជាន់​ខាង​​លើ​ ចំណែកឯ​ជាន់​ផ្ទាល់​ដី​ គឺ​មាន​ចៅប្រុស​ម្នាក់​ទៀត​ដែល​មាន​សតិ​មិន​ប្រក្រតី​ស្នាក់​នៅ​។

តាមប្រភព​​​​​ខាងលើបានបន្ត​ថា នៅ​មុន​ពេល​​កើត​​ហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ជាន់​ផ្ទាល់​ដី​នៃ​ផ្ទះ​​កើត​​ហេតុ​ លុះ​មួយ​​សន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ពេញ​ជាន់​ផ្ទាល់​ដី​ ស្រប​ពេល​នោះ​ដែរ ​គេ​​ឃើញ​​ចៅ​ប្រុស​ដែល​មាន​សតិ​មិន​ប្រក្រតី​​ស្នាក់​នៅ​ខាងក្នុង​បាន​លូន​ចេញ​ក្រៅ ​ហើយ​​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់​ស្រមោល​។ បន្ទាប់​មក ​ក៏​​ឮសំឡេង​លោកយាយ​បាន​ស្រែក​ហៅ​អោយ​គេ​ជួយ​ពី​ខាងលើ​ផ្ទះ​ ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​​កន្លែងកើតហេតុ​នាំ​គ្នា​ជួយ​ទាញ​ទុ​​​យោ​ទឹក​តាម​ផ្ទះជួយ​​បាញ់​ពន្លត់​អណ្ដាតភ្លើង​ និង​ខ្លះ​ទៀត​បាន​ឡើង​ទៅ​ខាងលើ​ផ្ទះ​កើ​ត​ហេតុ ដើ​ម្បី​ជួយ​សង្គ្រោះ​លោកយាយ​ដែល​ស្នាក់​នៅ​ខាងក្នុង ប៉ុន្តែ​ទ្វារ​ត្រូវ​បាន​ជាប់​សោ​មិន​អាច​បើ​កបាន​។

​​តាម​ប្រភព​​​ខាងលើបាន​បន្ត​ទៀត​ថា អណ្ដាតភ្លើង​ក៏​បាន​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ ទើ​ប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ​និង​រថយន្ត​ពន្លត់​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​។ ភ្លាម​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន ​រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​ដល់ទី​តាំង​កើ​ត​ហេតុ​។ ប៉ុន្តែ​ដោយសារ​ផ្លូវ​មាន​សភាព​តូច​ចង្អៀត​មិន​អាច​បើ​​ក​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់ ធ្វើឱ្យ​​ពិបាក​ក្នុង​ការ​អន្តរាគមន៍ ដោយ​បាន​ត្រឹមតែ​រាយ​ទុ​យោ​ចូល​ទៅ​បាញ់ទឹក​​ពន្លត់​ប៉ុណ្ណេះ​។ ក្រោយ​ពី​ធ្វើ​ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជិត​មួយ​ម៉ោង ​ទើប​​អណ្ដាតភ្លើង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​១២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែកញ្ញា​ ឆ្នាំ​២០២១​។

កម្លាំង​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា​ ក្នុង​ហេតុការណ៍​នេះ​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​រថយន្ត​មក​ជួយ​​អន្តរាគមន៍​ពន្លត់​​ចំនួន​១៥​គ្រឿង ដោយ​​ប្រើប្រាស់​ទឹក​អស់​​ចំនួន​៥​គ្រឿង​​ ហើយ​​មិន​បណ្តាល​ភ្លើង​​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង​ទេ គឺ​ឆេះ​ផ្ទះ​មួយខ្នង​ប្រភេទ​ឈើ​​លើ​ ​ថ្ម​ក្រោម ​មាន​ទំហំ​៨​ម៉ែត្រ​គុណនឹង​១៥​ម៉ែត្រ ​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​​​លោកយាយ​​វ័យ​​៧៥​ឆ្នាំ​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​ បាន​​បាត់បង់ជីវិត​​នៅ​ខាងក្នុង​ផ្ទះ​។ ចំពោះ​មូលហេតុ គឺ​មាន​អ្នក​​ដុត​ផ្ទះ​ ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះបែបនេះ ។

​តាម​ប្រភព​​ពី​បុរស​ម្នាក់​ឈ្មោះ សេន មហាម៉ាត​ហ្គា​លី អាយុ​២៣​ឆ្នាំ ​ជា​កម្មករ​លី​សែង ស្នាក់​នៅផ្ទះ​​កើ​ត​ហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មាន​បងប្អូន​ចំនួន​២​នាក់ រស់នៅ​ជាមួយ​លោកយាយ​រងគ្រោះ​ខាងលើ ​ក្រោយ​ពីរ​ឪពុក​ម្ដាយ​របស់​គាត់​បាន​លែងលះ​គ្នា ​ហើយ​​បាន​យកប្តី​​ប្រពន្ធ​ថ្មី​រៀង​ៗ​ខ្លួន និង​ទៅ​រស់នៅ​ផ្សេង​ៗ​គ្នា​អស់ទៅ​​។ រួច​បាន​ទុក​រូបគាត់​ និង​ប្អូនប្រុស​របស់​គាត់​ឲ្យ​រស់នៅ​ជាមួយ​លោកយាយ​រងគ្រោះ​ ​ប៉ុន្តែ​​មួយ​រយៈពេល​កន្លង​ទៅ​នេះ​ ប្អូនប្រុស​របស់​គាត់​បាន​ទៅ​ធ្វើការ​នៅ​ឆ្ងាយ ​ដោយ​សព្វ​ថ្ងៃនេះ​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាង​លើ​ គឺ​មាន​តែ​គាត់​ និង​លោកយាយ​ស្នាក់​នៅ​ផ្ទះ​ជាន់​ខាងលើ​ ។ ​ដោយឡែក​​មាន​បងប្អូន​ជា​ដូន​មួយ​របស់​គាត់​​ម្នាក់ទៀត​ ដែល​ត្រូវជា​ចៅ​បង្កើត​របស់​លោកយាយ​រងគ្រោះ ដែល​មាន​សតិ​មិន​ប្រក្រតី ត្រូវ​បាន​ឪពុក​ម្ដាយ​ចាក់សោ​ទុក​ឲ្យ​ស្នាក់​នៅ​ខាងក្នុង​ផ្ទះ​ជាន់​ផ្ទាល់​ដី ដោយ​ទុក​ប្រឡោះ​តូច​មួយ​សម្រាប់​​ឱ្យ​រូបគេ​ចេញចូល​ប៉ុណ្ណោះ​។

តាម​ប្រភពពីបុរសខាងលើបានបន្ត​ថា ​បុរសដែល​​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​មាន​បញ្ហា​សតិ​មិនប្រក្រតី​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​​កន្លង​មក​ហើយ បន្ទាប់​ពី​​រូបគេប្រើ​​ប្រាស់​ថ្នាំ​ញៀ.ន រួម​ទាំង​មាន​បញ្ហា​បែកបាក់​ប្រពន្ធ ​ហើយ​​ក៏​ត្រូវ​សាច់ញាតិ​លែងរ​វីរ​វល់​ជាមួយ​តែ​ម្ដង​។ កន្លង​មក បុរសដែល​​បងប្អូន​ជីដូនមួយ​របស់​គាត់​​រូប​នោះ ក៏​ធ្លាប់​បង្ក​ជា​ហិ.ង្សា​វា.យ​អ្នក​ជិតខាង​ និង​លោកយាយ​របស់​គាត់ ថែម​ទាំង​បាន​ដុត​ផ្ទះ​​​ខាងលើ​ចំនួន​៣​ទៅ​៤​ដង​រួច​មក​ហើយ តែ​ក៏​ត្រូវ​បានរូប​​គាត់​ រួម​ជាមួយ​ប្រជាពលរដ្ឋ​ឃើញ​ និង​​ពន្លត់​ទាន់​ពេលវេលា​ ហើយរូប​​គាត់​ក៏​ធ្លាប់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដែរ ​ប៉ុន្តែ​មិន​​មាន​​ចំណាត់ការ​អ្វី​ ក្រៅពី​អប់រំ​​ណែ​នាំ​​តែប៉ុណ្ណោះ ។

បុរសខាងលើបានបន្តទៀត​ថា នៅ​មុន​ពេលកើ​ត​ហេតុ រូប​​គាត់​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ទុក​ឲ្យ​លោកយាយ​ស្នាក់​នៅ​ខាងក្នុង​ផ្ទះ​តែ​ម្នាក់ឯង ហើយ​​ដោយសារ​​ខ្លាច​​បុរសជា​បងប្អូន​ជីដូន​ឡើង​​ទៅ​រករឿង​ធ្វើបាប​លោកយាយ ​ទើប​រូប​​គាត់​ប្រាប់​​ឱ្យ​លោក​យាយ​ចាក់សោ​សំរាក​នៅ​ខាងក្នុង​ផ្ទះ ​រួច​គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើការ​បាត់​ទៅ​។ លុះដល់​វេលា​​ម៉ោងកើត​​ហេតុ​ ​ទើប​​មាន​គេ​ទំនាក់ទំនង​ទៅ​ប្រាប់​​គាត់​ថា​ ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​តែ​ម្តង​។

ក្រោយ​ពេល​កើ​ត​ហេតុ​ ជនសង្ស័យ​ដែល​ត្រូវជា​ចៅ​​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២​ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​ស.ព​លោក​យាយ​​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ