- ភ្នំពេញ
ភ្នំពេញ៖ ភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅសៀមរាប បង្ហាញច្បាស់ថា វ៉ាក់សាំងមិនមែនជាអាវក្រោះប្រឆាំងការឆ្លងកូវីដ១៩ បើសិនជាមនុស្សនៅតែប្រហែស មិនអនុវត្តវិធានការសុខាភិបាល បានត្រឹមត្រូវ។ សារព្រមាន គឺវ៉ាក់សាំង…
ភ្នំពេញ៖ ភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅសៀមរាប បង្ហាញច្បាស់ថា វ៉ាក់សាំងមិនមែនជាអាវក្រោះប្រឆាំងការឆ្លងកូវីដ១៩ បើសិនជាមនុស្សនៅតែប្រហែស មិនអនុវត្តវិធានការសុខាភិបាល បានត្រឹមត្រូវ។ សារព្រមាន គឺវ៉ាក់សាំង…
ភ្នំពេញ៖ ភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅសៀមរាប បង្ហាញច្បាស់ថា វ៉ាក់សាំងមិនមែនជាអាវក្រោះប្រឆាំងការឆ្លងកូវីដ១៩ បើសិនជាមនុស្សនៅតែប្រហែស មិនអនុវត្តវិធានការសុខាភិបាល បានត្រឹមត្រូវ។
សារព្រមាន គឺវ៉ាក់សាំង អាចការពារមនុស្ស មិនអោយឈឺធ្ងន់ និងស្លាប់ ប៉ុន្តែវាមិនធានា ១០០ភាគរយថា មេរោគ មិនអាចឆ្លងបានឡើយ។ ដូច្នេះមនុស្សគ្រប់គ្នា ត្រូវរក្សា និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃ បានហក់ឡើងដល់ជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ ហើយអ្នកស្លាប់មានខ្ទង់ ១០នាក់ រៀងរាល់ថ្ងៃ។ ក្នុងនោះ នៅខេត្តសៀមរាប មានចំនួនអ្នកឆ្លងកូវីដ ច្រើនជាងគេ រហូតដល់ត្រូវបិទខ្ទប់ក្រុងសៀមរាប។
ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានចំនួនសរុប ១១ ៨២៥ ៤១៨នាក់ ស្មើនឹង ៧៣,៩១% នៃចំនួនប្រជាជនកម្ពុជា សរុប ១៦លាននាក់។ ក្នុងនោះ អ្នកមានអាយុ ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំង បាន ៩ ៨២១ ៦៦៧នាក់។ អ្នកអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំង បាន ១ ៧២៧ ០៦៣នាក់ និងកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី១៨កញ្ញា បានចំនួន ២៧៦ ៦៩៦នាក់។
ទិន្នន័យរបស់ក្រសួងសុខាភិបាលខាងលើ បង្ហាញថា មកដល់ថ្ងៃទី១៨កញ្ញា គឺអ្នកមានអាយុ ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងស្ទើរតែអស់ហើយ។ តាមការប៉ាន់ស្មាន ក្រុមជំពូកមនុស្សពេញវ័យនេះ មានចំនួន ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងអាជ្ញាធររាជធានីខេត្ត ក៏បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង លើមនុស្សពេញវ័យនេះ ជាបណ្តើរៗ តាមរាជធានីខេត្តជាច្រើនរៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២ថ្ងៃនេះ គឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨កញ្ញា ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេស ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា អ្នកឆ្លងកូវីដ១៩ កើនឡើងពីជិត ៦០០នាក់ ក្នុង ១ថ្ងៃៗ មកដល់ជាង ៦០០នាក់ ក្នុង ១ថ្ងៃ។ នោះគឺនៅថ្ងៃទី១៩ ខែកញ្ញា ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦១២នាក់ ជាសះស្បើយ ៤៦០នាក់ និងស្លាប់ ១៣នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន ៦១២នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា គឺមាន ៧៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ គិតជារួម ត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៤ ០៩៤នាក់។ ក្នុងនោះ ជាសះស្បើយ ៩៧ ២២៧នាក់ និងស្លាប់សរុប ចំនួន ២១០៩នាក់។
ចំនួនអ្នកឆ្លងកូវីដ១៩ នៅថ្ងៃទី១៨ ខែកញ្ញា ចំនួន ៦១២នាក់ គឺថយចុះតិចតួច បើធៀបនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៤៨នាក់ ជាសះស្បើយ ៤៩២នាក់ និងស្លាប់ ៧នាក់។
ចំនួនអ្នកឆ្លងកូវីដ១៩ ដែលក្រសួងសុខាភិបាល ប្រកាសប្រចាំថ្ងៃនេះ គឺមិនមានលើកបង្ហាញថា នៅភ្នំពេញ មានអ្នកឆ្លងប៉ុន្មាននាក់? ហើយនៅខេត្តណា មានអ្នកឆ្លងប៉ុន្មាននាក់? ជាសះស្បើយប៉ុន្មាន? និងស្លាប់ប៉ុន្មាននាក់? ក៏គ្មានដែរ។ យ៉ាងណាក៏ដោយ អគ្គស្នងនគរបាលជាតិ បានប្រកាស ក្នុងពិធីផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាប កាលពីអាទិត្យមុនថា នៅខេត្តសៀមរាប ឆ្លងកូវីដប្រចាំថ្ងៃ ច្រើនជាងគេ បន្ទាប់មកនៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសពីកំណើនអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនដូច្នេះ ត្រូវបានប្រកាសចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ ក្នុងក្រុងសៀមរាប ចំនួន ៨សង្កាត់ កំណត់ជាតំបន់លឿងទុំ និង ៦សង្កាត់ទៀត កំណត់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការបិទខ្ទប់ ដោយកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ នៅក្រុងសៀមរាប ធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ក្រៅពីបិទខ្ទប់ នៅក្រុងសៀមរាប ដោយសារតែឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្ត ក៏បានសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការបិទខ្ទប់ផ្សាររលួស ជាបណ្ដោះអាសន្ននេះ មានរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
វិធានការបិទខ្ទប់សង្កាត់ ចំនួន ១៤សង្កាត់ នៅក្រុងសៀមរាប រួមទាំងបិទផ្សាររលួសផង ដោយសារតែមានអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ច្រើន រហូតដល់ត្រូវចាត់វិធានការទប់ស្កាត់ ដោយការបិទខ្ទប់ ដែលវិធានការបិទខ្ទប់ អនុវត្តច្រើនលើករួចមកហើយ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីត នៅសហគមន៍ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១។
ចំនួនអ្នកឆ្លងកូវីដ១៩ នៅខេត្តសៀមរាប និយាយដោយឡែក និងនិយាយជារួម នៅទូទាំងប្រទេស ដែលកើនឡើង ដល់ជាង ៦០០នាក់ ក្នុង ១ថ្ងៃៗនេះ គឺកើតឡើង នៅពេលប្រជាជននៅកម្ពុជាយើងភាគច្រើន រហូតជិត ៧៤ភាគរយ បានចាក់វ៉ាក់សាំងរួចហើយ។ នេះមានន័យថា អ្នកចាក់វ៉ាក់សាំងរួច ក៏នៅតែឆ្លងកូវីដ១៩ ដែរ។
នៅសៀមរាប ការឆ្លងរាលដាលកូវីដ ក្នុងរលកថ្មីដូច្នេះ ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួន ក្នុងក្រុងសៀមរាប មិនបានអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នោះគឺមានអ្នកជួបជុំផឹកស៊ី ដែលអាជ្ញាធរខេត្តសៀមរាប ចាប់ឃាត់ជាញឹកញាប់។ ក្រៅពីនោះ វិធានការ ៣កុំ និង ៣ការពារ ក៏ប្រជាពលរដ្ឋមួយចំនួន អនុវត្តមិនបានត្រឹមត្រូវផងដែរ។
ជាការពិត ការអនុវត្តវិធានការរដ្ឋបាល រហូតដល់បិទខ្ទប់ក្នុងក្រុងសៀមរាប គឺការពិតជាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកត្តាសេដ្ឋកិច្ច ក្នុងខេត្តទាំងមូលតែម្តង។ តែអាជ្ញាធរសមត្ថកិច្ច មិនមានជម្រើសអ្វី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ក្នុងសហគមន៍នោះទេ។
វិធានការបិទខ្ទប់ ១សប្តាហ៍នេះ អាចមិនគ្រប់គ្រាន់ទេ បើសិនជានៅតែមានអ្នកឆ្លងកូវីដ ក្នុងក្រុងសៀមរាប។ អ្វីដែលត្រូវអនុវត្ត គឺការបន្តពង្រឹងវិធានការសុខាភិបាល និងការត្រៀមកន្លែងព្យាបាល ឲ្យបានល្អ និងគ្រប់គ្រាន់។ រីឯប្រជាពលរដ្ឋ ក៏ត្រូវតែចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បើមិនចង់ឆ្លង និងបើមិនចង់ឲ្យការបិទខ្ទប់អូសបន្លាយយូរថ្ងៃតទៅទៀតទេ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តសៀមរាប ផុតកំណត់ ១សប្តាហ៍នេះ បើនៅតែឆ្លងកូវីដច្រើន ក្នុងសហគមន៍ទៀត ក៏គួរតែចាត់វិធានការបង្រួមនូវការបិទខ្ទប់។ ពោលគឺអាចបិទខ្ទប់តែផ្ទះ ឬក្រុមហ៊ុនណា ដែលមានអ្នកឆ្លងកូវីដ ឬក៏ផ្សារ ដែលមានអាជីវករឆ្លងកូវីដ។ ក៏គួរតែបិទខ្ទប់តែភូមិ ឬតំបន់ ប្លុកណា ដែលមានអ្នកឆ្លងកូវីដច្រើន។ ក្រៅពីនោះ អាចបើកឡើងវិញ ហើយដាក់ចេញនូវវិធានការរដ្ឋបាល ត្រឹមតែហាមឃាត់អាជីវកម្ម មុខរបរ និងទីកន្លែងណា ដែលមានហានិភ័យនៃការឆ្លងកូវីដ១៩ តាមរយៈការជួបជុំមនុស្សច្រើន ជាដើម។
ភ្នំពេញ បានអនុវត្តដោយជោគជ័យហើយ ទាក់ទងនឹងវិធានការបិទខ្ទប់ និងការបង្រួមវិធានការនេះ មកត្រឹមបិទខ្ទប់តាមខ្នងផ្ទះ ដែលមានអ្នកឆ្លងកូវីដ រួមទាំងការហាមឃាត់ មិនឲ្យអាជីវកម្ម មុខរបរ និងទីកន្លែងមួយចំនួន បើកអាជីវកម្មឡើងវិញឡើយ ដូចជា ក្លិបកីឡា ហាងម៉ាស្សា ខារ៉ាអូខេ និងហាងផឹកស៊ីគ្រឿងស្រវឹង ជាដើម។ ប៉ុន្តែវិធានការនៅរាជធានីភ្នំពេញ ក៏មិនមែនមានន័យថា លែងមានអ្នកឆ្លងកូវីដ១៩ នោះឡើយ។ នៅភ្នំពេញ អ្នកចាក់វ៉ាក់សាំង មានច្រើនជាងគេ រហូតដល់មានអ្នកចាក់ដល់ដូសទី៣ ក៏នៅតែឆ្លង និងស្លាប់ ដោយសារកូវីដ រៀងរាល់ថ្ងៃ។ ដូច្នេះមានតែម្នាក់ៗ ត្រូវបន្តការពារខ្លួន កុំឲ្យឆ្លងកូវីដ ហើយវិធានងាយៗ គឺ ៣កុំ និង៣ការពារ៕
ចែករំលែកព័តមាននេះ