ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម បញ្ជូនមេខ្យល់ ៣នាក់ ដែលនាំពលករឆ្លង​ដែន​ខុសច្បាប់ ទៅតុលាការ

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីកងរាជអាវុធហត្ថការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៣នាក់ និងវត្ថុតាងរថយន្តចំនួន ២គ្រឿង ដែលពាក់ព័ន្ធ​ករណីនាំយកចេញដោយមិនស្របច្បាប់…

បន្ទាយមានជ័យ៖ មន្ត្រីកងរាជអាវុធហត្ថការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៣នាក់ និងវត្ថុតាងរថយន្តចំនួន ២គ្រឿង ដែលពាក់ព័ន្ធ​ករណីនាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន ទៅសា​លា​ដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារ​ព្រំដែនគោកលេខ៥០៣ ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្ត ចំនួន ២គ្រឿង ដែលមានបំណងឆ្លងដែន ទៅប្រទេសថៃ​។ ដោយឃើញដូច្នេះ កម្លាំង ក៏ឃាត់រថយន្តទាំង ២គ្រឿងនោះ ហើយ​ត្រួតពិនិត្យឃើញថា មានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះ ចំនួន ២៧នាក់ ក្នុងនោះ មានស្រ្តីចំនួន ១១នាក់ និងកុមារចំនួន ០២នាក់​។ បន្ទាប់មក ក៏បានឃាត់ត្រួតពិនិត្យសួរនាំ ហើយរាយការណ៍ និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី​។

លោកមេបញ្ជាការរង បានបញ្ជាក់ថា ក្នុងចំណោម ២៧នាក់ មាន ០៣នាក់ ជាមេខ្យល់ ១/.ឈ្មោះ តុង កុត ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី, ២/.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្ន អ្នកទាំង ០២ រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ៣/.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែកពលករបម្រុងចេញទៅប្រទេសថៃ ចំនួន ២៤នាក់ រួមទាំងកុមារ ០២នាក់ផងនោះ ត្រូវបានកម្លាំងវរៈការពារព្រំដែន៥០៣ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឳ ស្ថិតក្នុង​ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង ០៣នាក់ ក្រោយកម្លាំងជំនាញ សួរនាំរួច បានឆ្លើយ​សារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះ ដើម្បីយកឱ្យមេខ្យល់ម្នាក់ទៀត ពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នា​តាមទូរស័ព្ទ ពេលមកដល់មាត់ច្រកព្រំដែន ទើបកម្លាំងកងទ័ពឃាត់ខ្លួនបានតែម្ដង ចំពោះស្រ្តី ឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធ​របស់​ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេ ព្រោះថ្ងៃនោះ ប្តីរបស់គាត់ ហៅមកជាមួយ​បានជាគ្នា ព្រោះប្តីរបស់គាត់មិន​ស្រួលខ្លួន៕ ណុប រក្សា​