ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ដើរ​ទិញ​ក្របី ម្ចាស់​មិន​ព្រម​លក់ ប្រើ​ល្បិច​យក​ក្របី​អ្នកស្រុក​ផ្អើល

2 ឆ្នាំ មុន
  • បាត់ដំបង

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ប្រគល់​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ការ​សួរនាំ ដែល​ជាប់​សង្ស័យ​នឹង​អំពើ​

ខេត្តបាត់ដំបង ៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ប្រគល់​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ការ​សួរនាំ ដែល​ជាប់​សង្ស័យ​នឹង​អំពើ​ចោរកម្ម «​លួច​ក្របី​» អ្នកស្រុក​កាលពី​ខែឧសភា កន្លង​ទៅ នៅ​ស្រុក​សង្កែ​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ អាន សំអាត អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី​។ ជន​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក ឃាត់ខ្លួន​នៅ​ម៉ោង​៦​និង​៤៥​នាទី​ព្រលប់​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ដោយ​យោង​តាម «​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​» របស់​លោក ជួង សា​រ៉​ន ព្រះរាជអាជ្ញា​រង ដែល​ជាប់​សង្ស័យ​អំពើ​លួច (​លួច​ក្របី​)​។

បើ​តាម​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អាន សំអាត រូប​នេះ ដែល​ទំនង​មាន​ទាំង​បក្សពួក​ផង បាន​ធ្វើ​សកម្មភាព​លួច​យក​ក្របី​ឈ្មោល​ចំនួន​៣​ក្បាល​របស់​អ្នក​ភូមិ​នៅ​ចំណុច​ដៃ​អូរ​អំពិលទឹក ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ឧសភា កន្លង​ទៅ​នេះ ខណៈ​ដែល​ម្ចាស់​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ទីនោះ​។

ម្ចាស់​ក្របី បាន​ប្រាប់​សមត្ថកិច្ច​នៅ​ពេល​គាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​ថា មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ មាន​គេ​ទៅ​សួរ​រក​ទិញ​សត្វ​ក្របី​ទាំង​៣​ក្បាល​របស់​គាត់ តែ​គាត់​មិន​បាន​លក់​ទេ ហើយ​អ្នកទិញ​នោះ​ក៏​ចាកចេញ​ទៅ​។ ប៉ុន្តែ​គាត់​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​ក៏​បាន​ដឹក​ក្របី​ទាំង​០៣​ក្បាល​នោះ ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​ចំណុច​ដៃ​អូរ​អំពិលទឹក (​ចំណុច​ដែល​បាត់​ក្របី​)​។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ ពេល​គាត់​ទៅ​មើល ស្រាប់តែ​បាត់​ក្របី​អស់ពី​ចំណង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​គាត់​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រោយ​បាត់​ក្របី​នេះ បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​គេ​ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ដើរ​ដឹក​ក្របី​ទាំង​៣​ក្បាល​នេះ នៅ​ស្រុក​គាស់​ក្រឡ ដែល​គេ​បាន​ស្គាល់​យ៉ាង​ច្បាស់ ទើប​គេ​បាន​រាយការណ៍​ទៅ​ម្ចាស់ និង​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​អ្នក​ដឹក​ក្របី​នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ​។

បើ​តាម​ចម្លើយ​បុរស​វ័យ​ចំណាស់ ដែល​ដើរ​ដឹក​ក្របី​ទាំង​០៣​ក្បាល​នោះ បាន​ឆ្លើយ​នៅ​កន្លែង​សមត្ថកិច្ច​ថា ក្របី​ទាំង​០៣​ក្បាល​នោះ គាត់​បាន​ទិញ​បន្ត​ពី​គេ​ដែល​ជា​ឈ្មួញ​ដើរ​ទិញ​គោ​-​ក្របី​ដូច​គ្នា​។

បើ​តាម​លោក គឹ​ម សុង បាន​ប្រាប់​ថា បុរស​នេះ​មិន​បាន​លាក់លៀម​អំពី​រឿង​ដែល​គាត់​ទិញ​ក្របី​បន្ត​ពី​ឈ្មូ​ញ​ម្នាក់​នោះ​ទេ​។ គាត់​បាន​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​គាត់​បាន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នក​យក​ក្របី​ទៅ​លក់​ឲ្យ​គាត់​ទៀត ព្រោះ​ជា​អ្នក​រកស៊ី​ទិញ​-​លក់​គោក្របី​ដូច​គ្នា​។

ក្រោយ​ពី​បាន​ស្គាល់​សាវតា​ជន​ដៃដល់​រួច លោកស្នងការ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ធ្វើការ​ស៊ើបអង្កេត និង​សុំ​ដីកា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​តាម​ចាប់ខ្លួន​ជន​នេះ​។ លុះ​នៅ​ព្រលប់​ថ្ងៃ​ទី​១៧ កញ្ញា ពេល​ឃើញ​ជន​នេះ​កំពុង​តថ្លៃ​ទិញ​ក្របី​គេ​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ទើប​កម្លាំង​របស់​លោក​ឃាត់ខ្លួន​តែ​ម្ដង​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​នេះ​មិន​សារភាព​ថា ខ្លួន​បាន​លួច​ក្របី​ទាំង​០៣​ក្បាល​ខាងលើ​នេះ​ទេ តែ​បាន​អះអាង​ថា បាន​ទិញ​ពី​គេ​។ ប៉ុន្តែ​ជន​នេះ​មិន​បញ្ជាក់​ប្រាប់​ថា «​ទិញ​ពី​អ្នក​ណា តំលៃ​ប៉ុន្មាន ទិញ​នៅ​ភូមិ​-​ឃុំ​ណា​នោះ​ទេ​» បើ​ទោះជា​ម្ចាស់​ក្របី​អះអាង​ថា ជន​នេះ និង​បក្សពួក​ដែល​ទៅ​សុំ​ទិញ​ក្របី​គាត់ គឺជា​ក្រុម​តែ​មួយ​។

ទោះ​យ៉ាងណា លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​នេះ ទៅ​សាលាដំបូង​ខេត្ត​ហើយ រីឯ​សត្វ​ក្របី​ទាំង​០៣​ក្បាល ក៏​ត្រូវ​បាន​លោកស្នងការ និង​តំណាង​អយ្យការ សម្រេច​ប្រគល់​ជូន​ម្ចាស់​ក្របី​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ