អាហ្គានីស្ថាន៖ ក្រុមតាលីបង់ បន្ទាប់ពីបានកាន់កាប់ប្រទេសអាហ្គានីស្ថាន ដោយជោគជ័យមក បានអំពាវនាវឱ្យក្មេងប្រុសចូលសាលារៀន ប៉ុន្តែមិនមានការអំពាវនាវឱ្យក្មេងស្រីចូលសាលានោះទេ ដែលបង្ករឱ្យមានការព្រួយបារម្ភជុំវិញការបិទសិទ្ធសេរីភាពក្មេងស្រីដើម្បីទទួលបានការអប់រំ ។ យ៉ាងណាមិញ ក្រុមតាលីបង់ បានបដិសេធពីការអះអាងមួយថា ពួកគេបានហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យចូលរៀន នៅអនុវិទ្យាល័យ ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបន្តថា ក្រសួងអប់រំតាលីបង់ បានចេញសេចក្តីប្រកាសកាលពី ថ្ងៃសុក្រ ទី ១៧ ខែកញ្ញា កន្លងទៅ បញ្ជាឱ្យសិស្សប្រុស និងគ្រូបង្រៀនចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ រាយការណ៍ទៅសាលារបស់ពួកគេ នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែសេចក្តីប្រកាសមិនបាននិយាយពីសិស្សស្រីទាំងអស់នោះទេ ដោយបានបង្កការភ័យខ្លាចថា ក្មេងស្រីនឹងត្រូវដកចេញពីការសិក្សា នៅកម្រិតអនុវិទ្យាល័យ ម្តងទៀត។
គួរបញ្ជាក់ផងដែរថា នៅពេលដែលកាន់អំណាចចុងក្រោយក្នុងកំឡុងឆ្នាំ ១៩៩៦ និង ២០០១ ក្រុមសកម្មប្រយុទ្ធបានហាមឃាត់ស្ត្រីនិងក្មេងស្រី ពីការអប់រំនិងការងារ ហើយបានរឹតត្បិតសិទ្ធិរបស់ពួកគេយ៉ាងធ្ងន់ធ្ងរផងដែរ។
ប៉ុន្តែក្នុងការឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃសៅរិ៍ អ្នកនាំពាក្យតាលីបង់លោក Zabiullah Mujahid បាននិយាយទៅកាន់ CNN ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យសិក្សា។ ពួកតាលីបង់កំពុងធ្វើការលើការបង្កើតប្រព័ន្ធដឹកជញ្ជូន ដែលមានសុវត្ថិភាពសម្រាប់ក្មេងស្រីនៅថ្នាក់ទី ៦ ដល់ទី ១២ ។
លោក Mujahid បានមានប្រសាសន៍ថា៖ «មានច្បាប់យ៉ាងជាក់លាក់មួយ ក្នុងកំឡុងពេលដែលសិស្សនៅក្នុងថ្នាក់រៀន ដែលពួកគេត្រូវតែគោរពតាម ដើម្បីឱ្យមានសុវត្ថិភាព»។
លោក Mujahid បានចង្អុលបង្ហាញថា ស្ត្រីត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សា នៅក្នុងក្រុមអាយុផ្សេងទៀត។ លោកថា៖ «យើងមានក្មេងស្រីនៅតាមសាកលវិទ្យាល័យកំពុងបន្តការសិក្សា ទាំងនៅក្នុងសាកលវិទ្យាល័យឯកជន ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ប៉ុន្តែចាប់ពីថ្នាក់ទី ៦ ដល់ទី ១២ យើងកំពុងព្យាយាមផ្តល់ឱកាស ឱ្យពួកគេបន្តការសិក្សា ហើយវាកំពុងដំណើរការផងដែរ»។
តាម៉ាណា ជាសិស្សស្រីម្នាក់ ដែលមិនចង់បង្ហាញអារម្មណ៍របស់នាង បានប្រាប់ CNN ថា៖ «ខ្ញុំសង្ឃឹមថានឹងបានត្រលប់ទៅសាលារៀនវិញ ព្រោះការសិក្សាតែមួយគត់ដែលអាចធ្វើឱ្យខ្ញុំអាចជិតក្តីសុបិន្តធំរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះអ្វីៗហាក់ដូចជាស្រពិចស្រពិល។
ប្រសិនបើតាលីបង់មិនអនុញ្ញាតឱ្យយើងត្រលប់ទៅសាលារៀនវិញ អនាគតនិងក្តីសង្ឃឹមរបស់យើងនឹងត្រូវបំផ្លាញជារៀងរហូត»។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រធានអង្គការយូនីសេហ្វ (UNICEF) លោកស្រី Henrietta Fore បាននិយាយថាអង្គការយូនីសេហ្វ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះក្មេងស្រីដែលនឹងត្រូវដកចេញពីការអប់រំនៅក្នុងប្រទេសនេះ។
លោកស្រីបានបន្តថា៖ «ក្មេងស្រីមិនអាច និងមិនត្រូវទុក ពួកគាត់ចោលឡើយ។ វាជាការសំខាន់ណាស់ ដែលក្មេងស្រីទាំងអស់ រួមទាំងស្ត្រីដែលមានវ័យចំណាស់ អាចបន្តការសិក្សារបស់ពួកគេ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះ។ ទាំងនៅក្នុងថ្នាក់រៀន សុទ្ធតែត្រូវការគ្រូស្រីដើម្បីបន្តការបង្រៀនរបស់ពួកគេ»៕
ចែករំលែកព័តមាននេះ