ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភ្នំពេញ​ ៖ កុមារ​អាយុ​ពី​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ​ជាង​​​​២២​ម៉ឺន​នាក់​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជូន​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា កន្លង​ទៅ គេ​ឃើញ​ថា​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​ចំនួន​កុមារ​ប្រមាណ​ច្រើន​ជាង​២២​ម៉ឺន​នាក់ នឹង​ត្រូវ​ទ​ទូល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​មួយ​នេះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ​ជូន​កុមារ​អារ​យុ​ចាប់ពី ៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា គឺ​មាន​កុមារ​ដល់​ទៅ​ជាង ១៣០០០ នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​ចាក់ និង​មានការ​កំណត់​ឱ្យ​ចាក់​ទៅ​តាម ភូមិ សង្កាត់ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ ។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា កុមារ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​១២​ឆ្នាំ មាន​ចំនួន​២២១.១៣៦​នាក់ បាន​និង​កំពុង ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧​ខែ កញ្ញា​កន្លង​មកនេះ កុមារ​ចំនួន ១៣.៥៤៦​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​រួចរាល់​ហើយ និង​បន្ត​ចាក់​ជា​បន្តបន្ទាប់​ទៀត​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បន្ត​ថា ក្នុង​យុទ្ធនាការ​នេះ គេ​បានឃើញ មាន​មាតាបិតា និង​អាណាព្យាបាល ជា​ច្រើន​រូប រួត​រះ​នាំ​កូន​ៗ​របស់​ពួក​គេ ទៅ​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត​យ៉ាងច្រើន ដោយ​ពុំ​មាន​ក្តី​បារម្ភ ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​វ៉ាក់សាំង​អ្វី​ឡើយ នៅ​តាម​បណ្ដា មណ្ឌល​សុខភាព​ទាំងអស់​របស់​រាជធានី​ភ្នំពេញ ជាមួយនឹង​ភាព​ក្លាហាន​របស់​កុមារ​ដើម្បី​ឆាប់​បាន​ចូល​រៀនសូត្រ​ផង​ដែរ​។

លោកស្រី សៀវ លី​ជូ ដែល​បាន​យក​កូន​ៗ២​នាក់ អាយុ ៦​ឆ្នាំ​និង​៨​ឆ្នាំ មក​ទទួល​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វី​ដ​១៩ បាន​បង្ហាញ​ទឹកមុខ​រីករាយ ក្រោយ​កូន​ៗ​ទាំង​ពីរ​បាន ទទួល​វ៉ាក់សាំង​ហើយ ។ លោកស្រី​បន្ត​ថា លោកស្រី​ពុំ​មាន​ក្តី​បារម្ភ​អ្វី​ឡើយ ជុំវិញ​ការ​ចាក់​វ៉ា​ក់​ដល់​កូន​ៗ​របស់​គាត់ ហើយ​នេះ​ជា​អ្វី​ដែល​គាត់​ទន្ទឹង​រង​ចាំ ពោល​គ្រាន់តែ​ទទួល​ដំណឹង​ថា រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​វ៉ាក់សាំង​ដល់​ក្មេង​ៗ​ពី​៦​ដល់​ក្រោម​១២​ឆ្នាំ​ភ្លាម គាត់​បាន​រៀបចំ​រួច​ហើយ​។

លោកស្រី សៀវ លី​ជូ បាន​បញ្ជាក់​ថា «​វគ្គ​ដែល​ត្រូវ​ចាក់​ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​នេះ ខ្ញុំ​ចាំ​យូរហើយ ព្រោះ​កូន​ខ្ញុំ​មាន​អាយុ​៨ និង​៦​ឆ្នាំ​តែ​ម្តង កាល​មុនគេ​ចាក់​ពី​១២ ដល់​១៧​ឆ្នាំ ឥ​ឡ​វ​មានឱកាស​ហើយ ការពារ​» ។

គួរ​រំលឹក​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​កុមារ​ដែល​មាន​អាយុ ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដល់ ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់​ដូ​ស​ទី​២​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀង​រាល់ ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​រសៀល តាម​រយៈ​ការ​អញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ទីតាំង​ចំនួន ៤២ ទីតាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ