ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សកម្មភាព​មន្ត្រី​នគរបាល​ចរាចរណ៍​​ដេញចាប់​​ឡានបែន​ផាក​យក​លុយ​ហើយ​លែង​វិញ «សង្ស័យ​​​​​​ចង្វាចិញ្ចឹមឆ្តោទេដឹង?»

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​ថា​មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​នាយកដ្ឋាន​នគរបាល​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ ​​ដែល

​ខេត្ត​កំពង់ស្ពឺ​ ៖ ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​ថា​មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​នាយកដ្ឋាន​នគរបាល​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ ​​ដែលគេស្គាល់​ថានៅក្រោម​បញ្ជា​ការ​​លោក​វរសេនីយ៍ឯក​ អៃ សំ​អាន ​ឈរជើង​នៅ​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះ​​សីហ​នុ​ បាន​ធ្វើ​សកម្មភាព​ប្រដេញ​រថយន្ត​ដឹក​ដី​ថ្ម​ និង​ខ្សាច់​មក​ដល់​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​ បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ ព្រោះ​សកម្ម​ភាព​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាយថាហេតុ​។

ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​8 ខែកញ្ញា​ ឆ្នាំ​2021 គេ​បានឃើញ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​អៃ​ សំ​អាន ​បើករថយន្តពីរ​ទៅ​បី​គ្រឿង​ពី​ស្រុក​កំពង់​សិលា​ មក​ដល់​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​ធ្វើការ​ប្រដេញ​ដើម្បី​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​ នៅ​ចំណុច​មាត់​សាយ​ ស្ថិត​ក្នុង​ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច​ យក​ទៅ​ស្នាក់​ការ​នៅ​ស្រុក​កំពង់​សិលា​ ដើម្បី​ធ្វើការ​ផាកពិន័យ​តែ​ម្តង​។

សកម្មភាព​បែប​នេះ​បង្ក​ឲ្យ​មានការ​រិះគន់​ផង​ដែរ​ ទៅ​លើ​សកម្មភាព​នៃ​ការ​បើករថយន្ត​ប្រដេញ​គៀរ​ហើយ​ស្ទាក់​ចាប់​ឡាន​ដឹក​ដី​ថ្ម​និង​ខ្សាច់​នេះ​ថា​ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​ ក្នុង​នោះ​ក៏​មានការ​លើក​ជា​សំណួរ​ផង​ដែរ​ថា​ បើសិនជា​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ​ដែល​កើត​ចេញពី​សកម្មភាព​នេះ​តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ?

ចំណែកឯ​អ្នក​រកស៊ី​ឡាន​បែន​វិញ​បាន​លើក​ឡើង​ថា​ រថយន្ត​ដែល​បើក​ប្រដេញ​ស្ទាក់​ចាប់​ឡាន​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ ក្រែង​មាន​ស្នាក់​ការ​នៅ​ស្រុក​កំពង់​សិលា​ឯ​ណោះ​​ទេ​ ហេតុ​អ្វី​បានជា​មក​ធ្វើ​សកម្មភាព​ប្រដេញ​ស្ទាក់​ចាប់​ឡាន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទៅ​វិញ?

ម្ចាស់​ឡាន​បែន​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ក្រោយ​ដេញ​ស្ទាក់​ចាប់​បាន​ហើយ​ក្រុម​អស់លោក​មន្ត្រី​ទាំងនោះ​ក៏​បាន​ធ្វើការ​ផាកពិន័យ​ចាប់ពី​600 ទៅ​1000​ដុល្លារ​ក៏​មាន​ ក្រោយ​ពេល​បង់ហើយ​ បើ​គេ​ចុះ​មក​ជួប ​គឺ​ចាប់​ទៀត​ ។ ម្ចាស់​ឡាន​ទាំងនោះ​បាន​បន្ត​ទៀត​ថា​ព្រោះតែ​មិន​មាន​លុយ​គ្រប់គ្រាន់​ ទើប​នាំ​គ្នា​ខ្ចី​លុយ​ធនាគារ​យក​មក​ទិញ​ឡាន​អត់​ពន្ធ​ (​ចង្កូត​ស្ដាំ​)​ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​សម័យកាល​កូ​វីដ​វាយលុក​នេះ​ តែ​នៅ​ពេល​បាន​លុយ​ទិញ​ឡាន​យក​មក​ហើយ​ បែរជា​ត្រូវ​អស់លោក​សមត្ថកិច្ច​ តាម​វាយលុក​ចាប់​ផាកពិន័យ​ពីលើ​មួយ​ជាន់​ទៀត​ ឱ្យ​តែ​របៀប​នេះ​តើ​ឲ្យ​ពួក​គាត់​រំពឹង​ទៅ​លើ​អ្វី​ទៀត​ ។

​ពួក​គាត់​ដឹង​ថា ​ការ​ដែល​ទិញ​ឡាន​អត់​ពន្ធ​យក​មក​ប្រើ​នេះ​គឺ​ខុសច្បាប់​មែនហើយ​ តែ​ធ្វើ​ម៉េច​បើ​កាលៈទេសៈ​ពេល​នេះ​វា​អ​ញ្ចឹ​ង​ ។ បើ​និយាយ​ពី​ចាប់​ឡាន​វិញ ​ក្រោយ​ពិនិត្យ​បើ​តៃកុង​អត់​ប័ណ្ណបើកបរ​ ឬ​ឡាន​សឹក​សំបក​កង់​អត់​មាន​ភ្លើង​ស៊ី​ញ៉ូ​ អត់​ស្លាក​លេខ​សរុប​មិន​ក្រោម​ពី​ប្រាំមួយ​លាន​រៀល​នោះ​ទេ​ តែ​អ្នកខ្លះ​សម្រួល​ចុះឡើង​ចុះឡើង​មក​នៅ​ត្រឹម​ពីរ​លានរៀល ​(​មិន​យក​វិ​ក័យ​ប័ត្រ​)​ យក​ឡាន​មក​រត់​មិន​បាន​ពីរ​ថ្ងៃ​ស្រួលបួល​ផង​ក៏​ត្រូវ​ចាប់​ម្ដងទៀត​ក៏​មាន​ តើ​ឲ្យ​ពួក​គាត់​ទៅ​រក​លុយ​ឯណា​បង់​ទាន់។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​មួយ​រូប​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ក្រុម​ដែល​បើករថយន្ត​ប្រដេញ​ចាប់​រថយន្ត​បែន​ដឹក​ដី​ដឹក​ថ្ម​និង​ខ្សាច់​គឺជា​កូនចៅ​របស់​លោក​អៃ ​សំ​អាន ​ពិតមែន​ ក្រុម​របស់​គាត់​មក​ពី​ក្រសួង​ បើ​និយាយ​ពី​ដែនដី​វិញ​ គឺ​គាត់​ធំ​ជាង​អ្នក​នៅ​ខេត្ត​ គឺ​ក្រុម​របស់​គាត់​មាន​សិ​ទ្ឋិ​ចាប់​បាន​គ្រប់កន្លែង​ បើ​ទោះជា​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​មាន​មួយ​ក្រុម​ទៀត​ប្រចាំការ​ក៏​ដោយ ​។ ​និយាយ​ជា​រួម ​ក្រុម​មក​ពី​ក្រសួង​អាច​និយាយ​បាន​ថា​ ថ្នាក់​ជាតិ​អ​ញ្ចឹ​ង​យើង​នៅ​ខេត្ត​ថ្នាក់​ក្រោម​ជាតិ​គ្មាន​សិ​ទ្ឋិ​និយាយ​អ្វី​នោះ​ទេ​រាល់​ថ្ងៃនេះ​ម្នាក់​សំងំ​យក​តែ​សុខ​ប៉ុណ្ណោះ​ ។​ ក្រុម​មក​ពី​ក្រសួង​បើ​ពួក​គាត់​ចាប់​ហើយ​ពួក​គាត់​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឃើញ​ថា​ ឡាន​នោះ​ខុស​ច្រើន​ក៏​ពិន័យ​ទៅ​តាម​នោះ​ដែរ​ ឧទាហរណ៍​បើ​អត់​ស្លាក​លេខ​ត្រូវ​ពិន័យ 2400000 រៀល​បើ​អត់​ប័ណ្ណបើកបរ​ត្រូវ​ពិន័យ​2400000​រៀលទៀត ​នេះ​មិន​ទាន់​និយាយ​ពី​រថយន្ត​សឹក​សំបក​កង់​ខ្លាំង​ពិន័យ​ពី 30​ទៅ 40 ម៉ឺន​រៀល​បន្ថែម​ពីលើ​ហើយ​បើ​អត់​មាន​ភ្លើងស្តុប​ ណាមួយ​ទៀត​ក៏​ពិន័យ​ទៅ​តាម​ជាក់ស្ដែង​អ​ញ្ចឹ​ង​ទៅ​។​

តាម​ប្រភព​បាន​​បន្ត​ថា បើ​ម្ចាស់​ឡាន​និយាយ​អង្វរ​សុំ​ឲ្យ​មានការ​យោគយល់​ថយ​ខ្លះ​គេ​ក៏​យោគយល់​ទៅ​តាម​នោះ​ដែរ​ ។ ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​ព្យាយាមសួរ​​ទៅ​លោក​វរសេនីយ៍ឯក​ អៃ​ សំ​អាន ​ប្រធាន​គោលដៅ​ខាងលើ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ដែរ ​តែ​លោក​មិន​ត្រឹមតែ​មិន​ឆ្លើយ​តប​នោះ​ទេ​ ថែម​ទាំង​លុប​សារ​ ហើយ​ប្លុក​លេខ​របស់​អ្នក​យក​ព័ត៌មាន​យើង​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ