រាជធានីភ្នំពេញ ៖ លំនៅឋានពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់ទាំងស្រុង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចទល់មុខវត្តចំប៉ា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រាយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លំនៅឋានដែលត្រូវឆាបឆេះជាសំណង់សង់ឡើងពីថ្មប្រក់សង្ក័សី មានទំហំ៤ម៉ែត្រកន្លះគុណនឹង៩ម៉ែត្រ និងមានម្ចាស់ឈ្មោះ អ៊ិត សាវឿន ភេទប្រុស អាយុ៤៤ឆ្នាំ ។ ហើយផ្ទះខាងលើប្រកបរបរកស៊ីជួសជុលម៉ូតូ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ម្ចាស់ផ្ទះ និងសមាជិកគ្រួសារនៅសម្រាកក្នុងផ្ទះធម្មតាលុះដល់វេលាកើតហេតុខាងលើ ស្រាប់តែនៅសុខៗផ្ទុះកំប៉ុងហ្គាសដែលនៅក្នុងផ្ទះ បង្កអោយមានជាភ្លើងឆាបឆេះសម្ភារៈក្នុងផ្ទះ ។
ភ្លាមៗ មនុស្សនៅក្នុងផ្ទះបាននាំគ្នារត់ចេញទៅក្រៅ និងស្រែកហៅអោយអ្នកជិតខាងជួយ ប៉ុន្តែមិនទាន់មានការជួយអន្តរាគមន៍ផង ក៏អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងៗ ។ បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គីភ័យមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើនគ្រឿងបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ទៅនឹងអណ្តាតភ្លើងដែលកំពុងឆាបឆេះ ។
ក្រោយការខិតខំអន្តរាគមន៍អស់ប្រមាណកន្លះម៉ោងរួចមកអណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយតែម្តង ដោយមិនមានការរាលដាលដល់លំនៅឋានក្បែរនោះឡើយ ។
ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប១១គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។
ក្នុងហេតុការណ៍ដដែលនេះ ពុំមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ហើយចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រីជំនាញអគ្គីភ័យបញ្ជាក់ថា គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ។ ចំពោះលំនៅឋាន និងទ្រព្យសម្បត្តិទាំងអស់ ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មត់ផងដែរ ៕
ចែករំលែកព័តមាននេះ