ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានលើកឡើង​ច្រើន​ពី​បុរស ៥​នាក់ ដែល​នៅពេល​មាន​បញ្ហា​កើតឡើង ពិសេស​ទំនាស់​ប្តី​ប្រពន្ធ ឈ្លោះទាស់ទែង​គ្នា ឈានដល់​លែងលះគ្នា ក៏​ឃើញ​ខាង​ប្រុស…

ភ្នំពេញ​៖ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានលើកឡើង​ច្រើន​ពី​បុរស ៥​នាក់ ដែល​នៅពេល​មាន​បញ្ហា​កើតឡើង ពិសេស​ទំនាស់​ប្តី​ប្រពន្ធ ឈ្លោះទាស់ទែង​គ្នា ឈានដល់​លែងលះគ្នា ក៏​ឃើញ​ខាង​ប្រុស បានរ​ត់ទៅ​បួស ជា​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា​។

​អ្នក​ទាំងនោះ រួមមាន​៖ ១-អ្នកកំប្លែង លោក​​តាក់​ស៊ី ២-លោក​ឧកញ៉ា ឌួង ឆាយ ៣-លោក សុវណ្ណ រិទ្ធី អ្នកព័ត៌មានតាមហ្វេសប៊ុក ៤-លោក ដែន សូ​នី ជា​ដៃគូ​អ្នកលក់​ឡេ ឡោ​វ ប្រ៊ី​យ៉ា និង៥-​លោក ហ៊ីង បញ្ញា​រិ​ទ្ធ ហៅ​ ពូ​ម៉ៅ ដែលជា​ប្តី​របស់​អ្នកស្រី ទ្រី ដា​ណា អ្នកលក់​មាស​ពេជ្រ និង​គ្រឿងសម្អាង​ដ៏​ល្បីល្បាញ​។​

​បុគ្គល​ទាំងនេះ សុទ្ធតែមានរឿង​​ល្បី​ក្នុង​បណ្តាញ​សង្គម ហើយ​បា​ន​រ​ត់ទៅ​សាង​ផ្នួស​​ដូច្នេះ នាំ​ឲ្យ​មហាជន​លើកឡើង​ច្រើន​។ អ្នក​ខ្លះ​ថា ជាការ​គេច​ពី​ច្បាប់ គេច​ពី​បញ្ហា ជារឿង​បំពុលសង្គម និង​ជាការ​សំដែង​។ ខ្លះ​ទៀត លើក​ឡើង​ថា សំណាង ​ដែល​​បា​ន​បួស​​មុន​​។ ក៏​មាន​​អ្នក​​យល់ឃើញ​ថា បុគ្គល​​ទាំង​នោះ គ្រាន់តែ​ចង់​គេច​ពី​បញ្ហា​មួយរយៈ ហើយ​នៅពេល​បួស​ដូច្នេះ ច្រើន​តែ​​គេ​​លើក​ទោស​​អោយ រឺក៏​លែង​និន្ទា ដូច​ករណី​លោក​ឧកញ៉ា ឌួង ឆាយ ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ហើយ​មាន​រឿងរ៉ាវ​​ក្នុង​គ្រួសារ ក៏រ​ត់ទៅ​បួស​មួយរយៈ កាលពី​ខែមីនា ឆ្នាំ​២០២១ នេះ​។​

​ការ​កោរសក់ បួស​ជា​ព្រះសង្ឃ​ដូច្នេះ ក៏ត្រូវ​បាន​គេ​យល់ថា ជាការ​ទៅ​បំផ្លាញ​ព្រះពុទ្ធសាសនា​ទៅវិញ​ទេ ខណៈដែល​សព្វថ្ងៃ មាន​អ្នកយក​សាសនា ជា​ខែល ដើម្បីឱ្យ​ពួកនេះ បិទបាំង​ភាពអាម៉ាស​របស់​ពួកគេ​។​

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកបួស ដែល​កោរសក់ គ្រង​ស្បង់​ចីវរ ក្នុង​ព្រះពុទ្ធសាសនា មាន​កាតព្វកិច្ច​ធំៗ​ពីរ គឺ​បួស ដើម្បី​បំពេញ​វិបស្សនាធុរៈ និង​បួស ដើម្បី​បំពេញ​គន្ថធុរៈ​។ វិបស្សនាធុរៈ គឺ​ការបំពេញ​នូវ​វិបស្សនា ការធ្វើ​សមាធិ ដើម្បី​ដុត​កម្លោច​នូវ​កិលេស ពោលគឺ​ការ​កម្ចាត់​ឲ្យ​អស់​ទៅ​នូវ​លោភៈ ទោសៈ មោហៈ ដែល​ស្ថិតនៅក្នុង​ខន្ធ​សន្តាន​។

​ជាទូទៅ វិបស្សនាធុរៈ​នេះ គឺជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន កម្លាំង​ពលំ​ចុះខ្សោយ បញ្ញា​អន់ថយ មិនអាច​សិក្សា​រៀនសូត្រ​ឲ្យ​ចេះ​ចាំ និង​ស្ទាត់ជំនាញ នូវ​ព្រះ​ពុទ្ធោវាទ ឲ្យ​ដូច​ព្រះសង្ឃ​ក្មេងៗ ឡើយ​។

​ចំណែកឯ​គន្ថធុរៈ ជាការ​បំពេញ​នូវ​ព្រះ​បរិយត្តិ​។ ពោលគឺ​ជាការ​សិក្សា​រៀនសូត្រ​នូវ​ព្រះ​ត្រៃបិដក ធម៌​វិន័យ ភាសាបាលី​-​សំស្ក្រឹត និង​វិទ្យា​ផ្សេងៗ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពុទ្ធបរិស័ទ ឲ្យ​យល់​ពី​ព្រះពុទ្ធ​ឱវាទ និង​ខ្លឹមសារ​ជីវិត ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ ដើរ​តាម​គន្លង​ផ្លូវ​សុចរិត ឆ្ពោះទៅកាន់​សុខ​សុភមង្គល​។

​គន្ថធុរៈ​នេះ គឺ​សម្រាប់​ព្រះសង្ឃ​វ័យក្មេង ហើយ​បញ្ញា និង​កម្លាំងកាយ ក៏​នៅ​ខ្លាំងក្លា ដែល​អាច​តស៊ូ​នឹង​ភាពលំបាក​ក្នុងការ​ស្វែងរក​ចំណេះ​វិទ្យា យកទៅ​អប់រំ ​និង​ដឹកនាំ​មនុស្ស ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។​

​ឯកសារ បង្ហាញថា ព្រះពុទ្ធ មិនបាន​បែងចែក​ថា ព្រះសង្ឃ មាន​វ័យចាស់ ត្រូវតែ​ធ្វើ​វិបស្សនា ហើយ​ព្រះសង្ឃ​មាន​វ័យក្មេង ត្រូវតែ​រៀនសូត្រ​នោះទេ​។ ប្រសិនបើ​ព្រះសង្ឃ អាចបំពេញ​កាតព្វកិច្ច​ទាំងពីរ​ផ្នែក​នេះ​បាន គឺ​រឹតតែ​ល្អប្រសើរ គ្រាន់តែ​ថា ប្រសិនបើ​ព្រះសង្ឃ​អង្គណា មាន​វ័យ​ច្រើន មិនអាច​សិក្សា ឲ្យ​ចេះ​ចាំ​ទេ គប្បី​និមន្ត​ទៅធ្វើ​វិបស្សនា ទើប​ប្រសើរ​ជាង​។ រីឯ​ព្រះសង្ឃ​ក្មេងៗ ដែល​ការចងចាំ​នៅ​ល្អ ហើយ​កម្លាំង ក៏​នៅមាន គួរ​គប្បី​សិក្សា​រៀនសូត្រ យកចំណេះ​ដឹង ទៅ​ស្រោចស្រង់​មនុស្ស ឲ្យ​ផុត​ទុក្ខ ទើប​ប្រពៃ​។

​តាមពិត គោលដៅ​អ្នកបួស​ធំធេង​ណាស់​។ បួស មិនមែន​បួស​លេង​។ បួស មិនមែនដើម្បី​តែ​សប្បាយ​។ បួស មិនមែន​ព្រោះ​គេច​ពី​ការងារ​ផ្ទះ គេច​ពី​បញ្ហា​។ បួស មិនមែន​ដើម្បី​សន្សំទ្រព្យ​។ បួស ក៏​មិនមែន ដើម្បី​ឋានន្តរសក្តិ ហើយ​បួស ក៏​មិនមែន​ដើម្បី​គេច​ពី​អាជ្ញា​រដ្ឋ​នោះទេ​។ តែ​បួស ដើម្បី​ស្វែងរក​ធម៌​រំលត់ទុក្ខ​ទាំងពួង ហើយ​ដើម្បី​ជួយសង្គ្រោះ និង​ប្រោស​សត្វលោក​ឲ្យ​រួច​ចាក​ទុក្ខ​ផងដែរ​។

​ឯកសារ បង្ហាញថា អ្នកបួស ដែល​ក្លាយខ្លួនជា​ឧ​ត្ត​ម​ភេទ ក្រៅពី​ស្វែងរក​មាគ៌ា ដើម្បី​ចេញ​ចាក​ទុក្ខ ក៏មាន​កាតព្វកិច្ច​ដ៏​ចាំបាច់ ក្នុងការ​ជួយសង្គ្រោះ​បងប្អូន គ្រួសារ សាច់ញាតិ និង​សង្គម​ទាំងមូល​។ ការជួយ​សង្គ្រោះ​នេះ គឺមាន​រូបភាព​ផ្សេងៗ​គ្នា ដូចជា អប់រំ ទេសនា​ប្រៀនប្រដៅ និង​ជួយ​តម្រង់​ទិដ្ឋិ​តាម​ព្រះ​ពុទ្ធោវាទ ជាដើម​។​

​ក្រៅពីនោះ ក្នុងសង្គម​យើង ក៏មាន​អ្នកមាន​សទ្ធា​ជ្រះថ្លា ក្នុង​ព្រះពុទ្ធសាសនា បានសម្រេច​ចិត្ត​សាង​ផ្នួស រយៈពេល​ខ្លី ត្រឹម​មួយ​សប្តាហ៍ ដើម្បី​បំពេញ​កតញ្ញូតាធម៌ ចំពោះ​ឪពុកម្តាយ​របស់ខ្លួន និង​ដើម្បី​ស្វែងយល់​អំពី​ព្រះធម៌ ជាពិសេស​សីលធម៌ និង​ចរិយា​ធម៌​ក្នុង​ព្រះពុទ្ធសាសនា​។ ការ​បួស​រយៈពេល​ខ្លី​នេះ ច្រើន​ធ្វើឡើង​នៅពេល​បុណ្យសព និង​ពេល​មាន​ពិធីបុណ្យ​ព្រះពុទ្ធសាសនា ដូចជា ពិធីបុណ្យ​វិសាខបូជា មាឃបូជា ជាដើម​។​

​យ៉ាងណា​ក៏ដោយចុះ បួស​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ដោយ​បួស​យូរ ឬ​បួស​រយៈពេល​ខ្លី សុទ្ធតែ​បាន​បុណ្យ និង​ដើម្បី​ឲ្យ​អារម្មណ៍​ស្ងប់រម្ងាប់​។ បើ​បុគ្គល​អ្នកបួស​នោះ គោរព ប្រតិបត្តិ​បាន​ខ្ជាប់ខ្ជួន​នូវ​ធម៌​វិន័យ​តាម​មាគ៌ា​ព្រះពុទ្ធសាសនា នោះ​នឹង​កើតជា​កុសលផល​បុណ្យ​។ តែបើ​ថា បួស ដើម្បី​គេច​ពី​បញ្ហា កុំ​ឲ្យ​គេ​ចាប់​យកទៅ​កាត់ទោស ក្នុង​អំពើ​ល្មើស​របស់ខ្លួន គឺ​មិនបាន​បុណ្យ ហើយ​ការ​កោរសក់​បួស​នោះ​ទៀតសោត ក៏​មិន​អាចជួយ​បានដែរ​។

​កន្លងមក ក៏មាន​មិនតិច​ទេ បុគ្គល​អ្នកបួស​ខ្លះ ប្រព្រឹត្ត​ខុស ក្នុង​ភាពជា​បុព្វ​ជិត ធ្វើ​ខុស​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ រួមមាន លួចលាក់​មាន​ស្រី ឈានដល់​ការសេព​មេថុនធម្ម ឬ សេពសន្ថវៈ រួមបវេណី ឬក៏​ចាប់រំលោភ ហើយក៏មាន​ខាង​ស្រី​​ប្តឹងផ្តល់ ជាដើម​។ ក្នុងនោះ ក៏មាន​អ្នកបួសខ្លះទៀត ជា​ព្រះសង្ឃ​ក្លែងក្លាយ ត្រឹមតែ​កោរសក់ ស្លៀក​ស្បង់​ចីវរ ហើយ​ដើរ​បិណ្ឌ​បាត្រ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ករណី​ទាំងនេះ ព្រះសង្ឃ​បារាជិក ត្រូវបាន​ចាប់​ផ្សឹក ហើយ​នាំទៅ​កាត់ទោស​តាមច្បាប់​ជា​ហូរហែ​។​

​យ៉ាងណា​ក៏ដោយចុះ ក្នុងករណី​បុគ្គល​មាន​បញ្ហា​ជីវិត ទាំង​ប្រព្រឹត្តល្មើស ប្រើ​អំពើហិង្សា ជាដើម រួមទាំង​មាន​បញ្ហា​ស្មុគស្មាញ គិត​ដោះស្រាយ​មិន​ចេញ គឺ​គួរតែ​ស្វែងរក​អ្នក​ប្រឹក្សា​យោបល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើបញ្ហានោះ ឬក៏​ជួប​ពេទ្យ​ចិត្តសាស្ត្រ ជាជាងរ​ត់ទៅ​បួស ជ្រក​ក្រោម​ស្បង់​ចីវរ​។ តែបើ​បួស​ហើយ ខំរៀន​ធម៌​អារ្យ ប្រតិបត្តិ​ធម៌​វិន័យ តាម​ឧបជ្ឈា និង​ហាត់ពន់​ចិត្ត​ចាប់យក​ព្រះធម៌ ឲ្យ​ចិត្ត​ស្ងប់រំងាប់ នោះ​ជាការ​ប្រសើរ​។ ផ្ទុយទៅវិញ បើ​ទៅ​បួស តែ​មិន​សង្រួម មិន​ស្តាប់​ឧបជ្ឈា ដូច​ករណី​មួយចំនួន ដែល​កូនប្រុស​ញៀន​ថ្នាំ ប្រដៅ​មិន​តាម ​មិន​ស្តាប់ ហើយ​យកទៅ​បួស​នៅ​វត្ត នោះ​អាចជា​បញ្ហា​ទៅវិញ​។​

​ដូច្នេះ​ជារួម ការ​បួស​រៀន​ធម៌ មិន​កំណត់​ពី​ប្រភេទ​កុលបុត្រ ទាល់តែ​យ៉ាងនេះ ទាល់តែ​យ៉ាងនោះ ទើប​អាច​ទៅ​បួស​បាន​នោះទេ​។ ការ​បួស ឲ្យ​តែមាន​ការស្ម័គ្រចិត្ត​ពី​បុគ្គល និង​យល់ព្រម​ពី​ឪពុកម្តាយ អាច​បួស​បាន​ហើយ​។ ការ​បួស ក៏​មិន​កំណត់ពេល​ខ្លី ឬ​វែង ក្នុង​ភាពជា​បុព្វ​ជិត​ឡើយ​។ សំខាន់ៗ បុគ្គល​អ្នកបួស​នោះ គោរព​ប្រតិបត្តិ ចេះ​សង្រួម តាម​ធម៌​វិន័យ​ព្រះពុទ្ធសាសនា​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិន​បង្កបញ្ហា​ក្នុង​ភេទ​ជា​អ្នកបួស ជា​បុព្វ​ជិត នោះ​មិន​ធ្វើ​ឲ្យ​ខូច​ព្រះពុទ្ធសាសនា​ ឬ​ត្រូវ​​អាប់អោន​ឡើយ​។

ព្រះពុទ្ធសាសនា រុងរឿង ឬ​អន់ថយ អាស្រ័យ​លើ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជា​អ្នក​គោរព និង​ប្រ​ណិ​​ប័តន៍ មិនមែន​អាស្រ័យ​ទាំងស្រុង តែ​លើ​បុគ្គល​អ្នកបួស​ថ្មី ឬ​អ្នកបួស​ចាស់​ប៉ុន្មាននាក់​នោះ​ទេ​​៕​