ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញានេះ បានប្រកាស បិទជាបណ្ដោះអាសន្ន នូវដំណើរការលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងរយៈពេល ៨ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីប្រកាស លើកឡើងថា ការដាក់ចេញនូវសេចក្តីសម្រេច ស្តីពី ការបិទជាបណ្តោះអាសន្ននេះ រួមមាន៖ ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្ស នៅទីប្រជុំជនផ្សារវាលយន្ត ដោយអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់វត្ថុវិភាគសំណាក ដល់មន្ត្រីសុខាភិបាល ទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យ មានជំងឺកូវីដ១៩ ខេត្ត ក្នុងការផ្តល់ព័ត៌មាន ដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវសហការទៅធ្វើតេស្តរកមេរោគកូវីដ១៩៕
ចែករំលែកព័តមាននេះ