ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស ២៣នាក់ ឆ្លងកូវីដ១៩ ទើបឈានដល់​ការបិទ​ថ្នាក់រៀន ចំនួន ១៥ថ្នាក់ នៅ ៥វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យ៉ាងហោចណាស់​ មានសិស្សានុសិស្ស ២៣នាក់ នៅតាមវិទ្យាល័យ ចំនួន ៥កន្លែង​ ​បាន​ឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ…

ភ្នំពេញ៖ យ៉ាងហោចណាស់​ មានសិស្សានុសិស្ស ២៣នាក់ នៅតាមវិទ្យាល័យ ចំនួន ៥កន្លែង​ ​បាន​ឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ នៅវិទ្យាល័យ​វត្តភ្នំ ឆ្លងច្រើនជាងគេ ដល់ ១២នាក់​។ នេះ​បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ភ្នំពេញ លោក ហែម ស៊ីណារ៉េត។

លោក ហែម ស៊ីណារ៉េត ​បានប្រាប់កោះសន្តិភាព នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះថា ​ការរកឃើញសិស្សឆ្លងកូវីដ ១៩ ចំនួន ២៣នាក់នេះ គឺមិនមែនជាករណីឆ្លង ​​ក្នុងសាលារៀនឡើយ ហើយ​ក៏មិនមែន​សាលារៀន តម្រូវ​ឲ្យ​សិស្សទាំងនោះ ត្រូវធ្វើតេស្តយកសំណាក រកកូវីដ១៩ ឡើយ។ សិស្សានុសិស្សទាំងនោះ ​​បានទៅធ្វើតេស្ត នៅជិតផ្ទះ និងនៅជិតសាលារៀន ដោយខ្លួនឯង​ ហើយក៏រកឃើញវិជ្ជមានកូវីដ១៩​ តែម្តង​។

លោក ហែម ស៊ីណារ៉េត ​បន្ថែមថា នៅថ្ងៃទី១៧ ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ​មន្ទីរអប់រំ និងសាលារៀន គឺនៅវិទ្យាល័យ​វត្តភ្នំ ដែលមានសិស្សឆ្លងកូវីដ១៩ ច្រើនជាងគេ ដល់ ១២នាក់ គឺ​​បានយកសិស្ស ៤៣នាក់ ដែលបានចូលរៀន​ជាមួយ​សិស្ស ដែលវិជ្ជមានកូវីដ១៩ យកទៅធ្វើតេស្ត យកសំណាក ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។​

យ៉ាងណាក៏ដោយ លោកប្រធានម​ន្ទីរ លើកឡើងថា សិស្ស ក្នុង ១៥បន្ទប់ នៅ ៥វិទ្យាល័យ ដែលក្រសួងអប់រំ ​ប្រកាសនៅ​ថ្ងៃទី១៧កញ្ញានេះ តម្រូវ​ឲ្យធ្វើចត្តាឡីស័ក តាមដានសុខភាព នៅផ្ទះរៀងៗខ្លួន។ រីឯសិស្ស ២៣នាក់ ដែលវិជ្ជមានកូវីដ១៩ សុទ្ធតែបានចាក់វ៉ាក់សាំង ២ដូសទាំងអស់គ្នា ហើយពួកគេ ត្រូវ​បាន​បញ្ជូនទៅសម្រាកព្យា​បាល នៅមណ្ឌល​ព្យា​បាលកូវីដ ដូចជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅមណ្ឌលទួលពង្រ រួមទាំង​ព្យា​បាល នៅតាមផ្ទះ​។

លោក ហែម ស៊ីណារ៉េត ​បន្ថែមថា នៅថ្ងៃ​បើកសាលារៀនឡើងវិញ នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ​ នាថ្ងៃទី១៥ ខែកញ្ញា នៅភ្នំពេញ មានសាលារៀនចំនួន ១៤២ ​បាន​បើកដំណើរ ក្នុងនោះ រួមមាន៖ សាលារៀនរដ្ឋ ចំនួន ៦២សាលា ក្នុងចំណោម ៦៨។ រីឯសាលា​ឯកជន មានចំនួន ៨០ ក្នុងចំណោម ១៥៩សាលារៀន។ នៅថ្ងៃទី១៦ ខែកញ្ញា មានសាលារៀន ចំនួន ១៥សាលាទៀត ត្រូវ​បានអនុញ្ញាត​ឲ្យបើកដំណើរការឡើងវិញ ដោយក្នុងនោះ មានសាលារៀនរដ្ឋ ២ និងសាលារៀនឯកជន ចំនួន ១៣សាលា។ នៅថ្ងៃទី១៧ ខែកញ្ញានេះ មានសាលារៀនឯកជន ចំនួន ៦សាលា បានស្នើសុំ​បើកដំណើរការឡើងវិញ តាមរយៈសាលាខណ្ឌ ហើយ​មន្ទីរអប់រំ ​បានបញ្ជូនទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ សម្រេចរួចហើយ​។

​សូមរម្លឹកថា នៅថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សាលារៀន ​ក្រសួង​​ បានសម្រេច​ផ្អាក​ដំណើរការ​ថ្នាក់រៀន ចំនួន ១៥ថ្នាក់​ នៅ​វិទ្យាល័យ​ចំនួន ៥ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១៤​ថ្ងៃ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​។ ការ​​​​​​សម្រេច​​​​​​បិ​ទ​​​​ថ្នា​​ក់​រៀន​​នេះ ធ្វើឡើង​តែ ២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​សាលារៀន នៅ​ភ្នំពេញ ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ បាន​បើក​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​។​

សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ដោយ​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រសួង​សម្រេច​ផ្អាក​ដំណើរការ​ថ្នាក់រៀន នៅតាម​គ្រឹះស្ថានសិក្សា ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម ចំនួន ១៤​ថ្ងៃ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកពាក់ព័ន្ធ​ផ្ទាល់​៖ ១.​វិទ្យាល័យ ហ៊ុនសែន ពញា​ពន់ ថ្នាក់​ទី​៩B​។ ២.​វិទ្យាល័យ បឹង​ប្រិ​យ ថ្នាក់​ទី​១២A1 ថ្នាក់​ទី​៩C1 និង​ថ្នាក់​ទី​៩D1​។ ៣.​វិទ្យាល័យ​បឹង​ធំ ថ្នាក់​ទី​៧A2​។ ៤.​វិទ្យាល័យ​វត្តភ្នំ ថ្នាក់​ទី​៩H2, 9D2, 9B1, 9H2, 12C2, 12C1, 12B2 និង​ថ្នាក់​ទី​12H2​។ ទី​៥.​វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី​៧F​។​

​ក្នុង​លិខិត​ដដែល លើកឡើងថា ចំពោះ​ថ្នាក់​ដទៃទៀត ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា​។ ប៉ុន្តែ​ត្រូវ​៖ ១.​រឹតត្បិត​ការចេញ​លេង និង​បន្ត​ពាក់​ម៉ាស់ និង​លាងដៃ​ជាប្រចាំ ២.​មិន​អនុញ្ញាត​ឲ្យ​មានការ​ទាក់ទង ពី​សិស្ស​ថ្នាក់​១ ទៅ​ថ្នាក់​១​ទៀត និង​៣.​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ឬ​ប្រជុំ ក្រៅពី​ការសិក្សា​ក្នុង​សាលារៀន​។​

សូមរម្លឹកថា មុន​បើកសាលារៀនឡើងវិញ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា រកឃើញ​គ្រូ​បង្រៀន និង​បុគ្គលិកសិក្សា ២៤នាក់ ឆ្លងកូវីដ១៩ ក្នុងចំណោមលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ សាលារៀនរដ្ឋ និងសាលារៀន​ឯកជន ជាង ១ម៉ឺន ៤០០នាក់ ដែល​បានធ្វើតេស្តរហ័ស យកសំណាក រកមេរោគកូវីដ១៩​។

រហូតដល់ថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀន​ចំនួន ២៦៤១សាលា ​បានបើកដំណើរការបង្រៀនឡើងវិញ នៅទូទាំងប្រទេស។ ក្នុងនោះ ថ្នាក់មតេយ្យ ចំនួន ១៥៣ បឋមសិក្សាចំនួន ១៥០០ អនុវិទ្យាល័យចំនួន៧១៦ និងវិទ្យាល័យចំនួន ២៧២សាលា៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ