ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ប្រដាល់ ស៊ន អេ​លី​ត នៅ​តែ​ពុះពារ​ក្នុង​តួនាទី​ជា​កង​អង្គរក្ស

4 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ គេ​ចាប់អារម្មណ៍​ថា អតីតកីឡាករ​ប្រដាល់ និង​ជា​អតីត​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា លោក ស៊ន អេ​

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ គេ​ចាប់អារម្មណ៍​ថា អតីតកីឡាករ​ប្រដាល់ និង​ជា​អតីត​កីឡា​ករ​តេ​ក្វា​ន់​ដូ​កម្ពុជា លោក ស៊ន អេ​លី​ត កាន់តែ​ជោគជ័យ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​​ចាប់​តាំង​ពី​បើក​ក្លិប​ប្រដាល់​។ លោក​ក៏​សកម្ម​នឹង​ការងារ​រៀបចំ​ការ​ប្រដាល់ ធ្វើ​អោយ​កេរ្តិ៍ឈ្មោះ​របស់​លោក​នៅ​ក្នុង​វិស័យ​ប្រដាល់​កាន់តែ​មានការ​ឈាន​ឡើង​ផង​ដែរ រហូត​ធ្វើ​អោយ​អ្នកខ្លះ​ស្មានថា ​លោក​បោះបង់​តួនាទី​ជា​កង​អង្គរក្ស​ទៅ​ហើយ ដោយសារ​តែ​ការងារ​នោះ​ក៏​ទទួលខុសត្រូវ​ខ្លាំង​ផងដែរ​​។

មក​ទល់​ពេល​នេះ លោក ស៊ន អេ​លី​ត ត្រូវ​គេ​មើល​ឃើញជោគជ័យ​កាន់តែ​ខ្លាំង ទាំង​ការងារ​លើក​ស្ទួយ​ការ​ប្រដាល់ និង​ការងារ​ជា អង្គរក្ស​ការពារ​ឥស្សរជន​ជាន់​ខ្ពស់ ដែល​ជា​មេ​ដឹក​នាំ​ពិភព​លោកកំពូល ៗ និង​បុគ្គល​ល្បីៗដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ការងារ​មួយ​នេះ មិនងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​នៅ​ពេល​បើ​ភ្លាត់​អោយ​មានរឿង​អ្វី​កើតឡើង​លើ​ឥស្សរជន​ណា​ម្នាក់​។ លោក​នៅ​តែ​បញ្ជាក់​ថា ការងារ​នោះ​ពិបាក តែ​លោក​មិន​បោះបង់​ទេ បើ​ទោះជា លោក​កាន់តែ​ជោគជ័យ​ខ្លាំង​នៅ​ក្ន​ង​វិស័យ​ប្រដាល់ ដោយ​មាន​សប្បុរស​ជន​ទ្រទ្រង់​សកម្មភាព​កាន់តែ​ច្រើន​នោះ​។

លោក​ស៊ន អេ​លី​ត បញ្ជាក់​ថា បច្ចុប្បន្ន លោក​គឺជា​គ្រូ​បង្ហាត់​ប្រដាល់​ផង និង​នៅ​តែ​បន្តការងារ​ជា​អង្គរក្ស​ដដែល​ទេ​។ លោក​បាន​ធ្វើ​ជា​អង្គរក្ស​ការពារ ថ្នាក់​ដឹកនាំ​កំពូលឥស្សរជន​ល្បី​ៗបែប​នេះ ប្រមាណ​ជា៧​ឆ្នាំហើយ​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ លោកបាន​ការពារ​ថ្នាក់​ដឹក​នាំ​កំពូល និង​ឥស្សរ​ជន​ល្បី​ៗ​ជា​ច្រើន​នាក់ ដូច​ជា លោក​ប្រធានាធិបតី ហ្វី​លី​ពី​ន Rodrigo Duterte កំពូល អ្នក​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao, រាជ​បុត្រី​ស្តេច​ថៃ Mah Chakri Sirindhorn, លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់​អ៊ូ​ចា លោក​ប្រធានាធិបតី​ចិន Xi Jinping លោកនាយក​រដ្ឋមន្ត្រីចិន Li Keqiang, លោកប្រ​ធានា​ធិ​បតី​សិង្ហ​បុរី Tony Tan នាយក​រដ្ឋ មន្ត្រី​មី​យ៉ា​ន់​ម៉ា នាយករដ្ឋ​មន្ត្រី​រុ​ស្ស៊ី ប្រធានាធិ​បតីវៀតណាម នាយក​រដ្ឋ​មន្ត្រី​វៀតណាម និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ជា​ដើម ពោល​គឺ​រៀបរាប់​មិន​អស់​។ លោក​​បានលើកឡើង​​ថា អត់​ឈប់​ទេ​ ព្រោះ​ស្រលាញ់ ហើយ​បើទោះជា​ភារកិច្ច​នេះ​ពិបាក តែ​នោះ​គឺជា​ការងារ​ដែល​លោក​ស្រលាញ់​។

លោក​​បានបន្ត​ថា ក្នុង​នាមជា​អង្គរក្ស គឺពិបាក សម្រាប់​ការងារ​នេះ ប៉ុន្តែ​ជា​តួនាទី​ដែល​ទទួល​ខុស​ត្រូវខ្ពស់ចំពោះ​មុខ​មាត់ប្រទេស​ជាតិ សម្រាប់​ភ្ញៀវ​បរទេស ពេល​លោក​ត្រូវ​ការពារ​ម្ដង​ៗ​។ តួនាទី​នេះ គឺ​ត្រូវ​តែ​ដឹងកាល​វិភាគ​នៃ​កម្មវិធី​គ្រប់​ទាំងអស់ ហើយ​រៀបចំ ខ្លួន​ឲ្យរួចរាល់​គ្រប់ពេល​វេលា​ទាំង​យប់​-​ថ្ងៃ ដើម្បី​ឈរ​ចាំ​គ្រប់​ពេល​វេលា​មុនពេល​ភ្ញៀវចាប់​ផ្ដើម​កម្មវិធី​។ អ្វី​ដែលសំខាន់ គឺ​តួនាទី​ត្រូវ ការពារ ប៉ុន្តែ​មិនត្រូវ​សួរ​នាំ​អ្វីទាំង​អស់​ដល់​ភ្ញៀវ​។

លោក​ថា វាជា​មុខ​មាត់​ប្រទេស​ជាតិ ដែល​ថ្នាក់​ដឹក​នាំ និង​រាជ​រដ្ឋាភិបាល​ផ្តល់​ទំនុក​ចិត្ត​ដល់​ក្រុមអ្នក​​ការពារ​ភ្ញៀវ ដែល​មាន​រូប​​លោក​នៅ​ក្នុង​នោះផងដែរ​​។ គ្រប់​វិនាទី​គ្រប់​គ្រង​ពេលវេលាត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​មិនមែន​គ្រាន់តែ​ដើរ​អម​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​រវាស និង​បត់​បែន​​អោយ​លឿន​បំផុត​។ កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការងារ ជា​អង្គរក្ស​នេះ គឺ​ដោយ​សារ លោក​មាន​កាយ​សម្បទា​មាំ​​មួន មាឌ ធំ ខ្ពស់ និង​ជា​អតីតកីឡាករ​ជម្រើស​ជាតិ​កម្ពុជា ផ្នែក​កីឡា​តេ​ក្វា​ន់​ដូ ព្រម​ទាំង​ធ្លាប់​ជា​អ្នក​ប្រដាល់​ថែម​ទៀត​។ ជា​ពិសេស ទៀត​នោះ លោក​បាន​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល ជំនាញ​អង្គរក្ស​ត្រឹម​ត្រូវ ដូច្នេះ​ហើយ ទើប​បាន​ជា​ថ្នាក់​លើ​ផ្តល់​ឱកាស​ដល់​លោក រហូត​សព្វថ្ងៃ​។ តែ​លោក​ក៏​បារម្ភ​ផង​ដែរ ព្រោះ​ការងារ​នេះ ត្រូវការ​ភាព​មាំមួន​ណាស់ គឺ​វ័យ និង​សុខភាព​ជា​រឿង​សំខាន់​បំផុត​ ៕​