ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរលក់ប៉ឺតប៉ោងហោះកាន់តែលំបាករកចំណូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទីជនបទវិញ បើមានការកម្មវិធីប្រគំតន្រ្តី ឬការសម្តែងសិល្បនានាដូចជាអាយ៉ៃ ល្ខោនបាសាក់ កំប្លែងជាដើមនោះ តែងតែមានលក់ប៉ឺតប៉ោងហោះ ។ ប៉ឺតប៉ោងហោះ…

រាជធានីភ្នំពេញ ៖ នៅទីជនបទវិញ បើមានការកម្មវិធីប្រគំតន្រ្តី ឬការសម្តែងសិល្បនានាដូចជាអាយ៉ៃ ល្ខោនបាសាក់ កំប្លែងជាដើមនោះ តែងតែមានលក់ប៉ឺតប៉ោងហោះ ។ ប៉ឺតប៉ោងហោះ ដែលមានចម្រុះពណ៌បានបញ្ចួលខ្យល់ជាស្រេច ចងខ្សែរបង្ហោះទាបៗលើម៉ូតូ ឬកង់ ក្មេងៗដែលដើរកាត់កន្លែងលក់ប៉ឺតប៉ោងភាគច្រើនបានរំអុកឪពុកម្តាយឲ្យទិញ ។ ដោយសារក្មេងៗចូលចិត្តលេងប៉ឺតប៉ោងបែបនេះបានជាតំាងពីដើមមកមានអ្នកប្រកបរបរដើរលក់ប៉ឺតប៉ោងនេះ ប៉ុន្តែសម័យនេះ ក្មេងៗមានរបស់លេងច្រើនរួមនឹងបញ្ហាកូវីដ ១៩ ផងនោះ អ្នកលក់ប៉ឺតប៉ោងបានត្អូញពីជីវភាព ។

លោក ភ័ក្រ្ត អាយុ ៤២ ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំស្វាយធំ ស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រកបមុខរបរលក់ប៉ឺតប៉ោងហោះប្រមាណជា ១០ ឆ្នាំហើយ ។ លោកតែងតែធ្វើដំណើរតាមម៉ូតូដើរលក់ចល័តគ្រប់ទីកន្លង ដើម្បីរកប្រាក់ ចិញ្ចឹមគ្រួសារដែលមានប្រពន្ធ និងកូន ៣ នាក់ព្រមទាំងឪពុកម្ដាយក្មេកចាស់ផង ។ សព្វថ្ងៃគ្រួសារគាត់បានជួលផ្ទះមួយកន្លែងស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រស់នៅជាមួយលក់ប៉ឺតប៉ោងនេះ ។

បុរសវ័យកណ្តាលរូបនេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានដើរលក់ប៉ឺតប៉ោង និងវត្តុអន្សាវីយ៍តូចៗមួយចំនួនទៀតសម្រាប់ក្មេងៗ គឺត្រូវចេញពីផ្ទះ តាំងពីព្រឹករហូតដល់ល្ងាចទើបត្រឡប់ដល់ផ្ទះវិញ ប៉ុន្តែគ្រួសារគាត់នៅតែមានជីវភាពមិនធូរធារនោះឡើយ ព្រោះតែរកប្រាក់បានតិចតែចំណាយច្រើន ។ លោកថានៅក្នុងសម័យកាលកូវីដនេះរឹតតែយ៉ាប់ថែមទៀត ពីព្រឹកដល់ល្ងាចគាត់អាចរកប្រាក់ចំណេញបានត្រឹមតែជាង ៣ ម៉ឺនរៀលប៉ុណ្ណោះ ។

បុរសកូនបីរួបនេះ ថែមទំាងប្រាប់ទៀតថា កាលពីមុនស្រួលលក់បន្តិចហើយអាចរកប្រាក់បានគួរសមដែរ ដោយសារតែសម្បូរពិធីបុណ្យទាន ដែលមានសិល្បៈ ល្ខោនបាសាក់ អាយ៉ៃឆ្លងឆ្លើយ ឬយីកេរសម្តែង តែពេលនេះគ្មានការសម្តែងសិល្បៈនោះទេ ធ្វើឲ្យគាត់ពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ «ក្រៅពីគ្មានការសិល្បៈសម្ដែង នៅតាមទីប្រជុំជន និងកន្លែងកម្សាន្តនានាវិញក៏ពុំសូវមានមនុស្សជួបជុំគ្នាដូចមុនឡើយព្រោះម្នាក់ៗខ្លាចឆ្លងកូវីដ ដូច្នេះប៉ឺតប៉ោងខ្ញុំមិនដឹងលក់ឲ្យអ្នកណាឡើយ» ។

ដោយសារគ្មានការប្រមូលផ្តុំនេះ ដូច្នេះការលក់ប៉ឺតប៉ោងរបស់លោក ភ័ក្រ ត្រូវជិះម៉ូតូដឹកដើរលក់តាមពីភូមិ ពីភូមិមួយទៅភូមិមួយគ្រប់ទីកន្លែង ។ «លក់របៀបនេះពុំសូវដាច់ទេធ្វើឲ្យការចំណាយច្រើនទៀតព្រោះត្រូវជិះម៉ូតរហូត» ។

លោកតា ស៊ិម សោម ជាអ្នកខេត្តបាត់ដំបង បានកំពុងស្នាក់នៅផ្ទះជួលនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយប្រកបរបរដើរលក់ប៉ឺតប៉ោងចិញ្ចឹមជីវិតដែរ ។ លោកបាន និយាយថា ជីតារបស់លោក ជាអតីតអ្នកលក់ប៉េងតប៉ោងហោះ ហើយគាត់បានបន្តរបរនេះមក ។ «ជីតាបានប្រកបមុខរបរនេះចិញ្ចឹមគ្រួសាររយៈពេលជាង ៣០ ឆ្នាំ ហើយកាលពីជំនាន់គាត់គ្មានរបស់លេងច្រើននោះទេ ក្មេងៗមានតែប៉ឺតប៉ោងនេះសម្រាប់លេង ដូច្នេះកាលនោះលោកលក់ដាច់ ប៉ុន្តែក្រោយមកមុខរបរនេះ កាន់តែលំបាកទៅៗ លំបាកមែនទែនក្នុងសម័យកូវីដ ១៩ នេះ» ។

លោកតា សោម ថា ទីផ្សារសំខាន់ៗសម្រាប់អ្នកលក់ប៉េងប៉ោងនៅតាមពិធីបុណ្យទានផ្សេងៗដែលមានជួលសិល្បៈល្ខោនបាសាក់ អាយ៉ៃឆ្លងឆ្លើយ ជាដើម នៅពេលពលរដ្ឋទៅមើលសិល្បទំាងនោះ តែងតែទិញប៉េងប៉ោងឲ្យកូនៗលេង ដូច្នេះលក់ដាច់ខ្លាំងណាស់ ប្រសិនជាគ្មានការសម្តែងសិល្បទំាងនោះគេពិបាករកលុយណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ