រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលតែម្តង នៅក្នុងកម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន បានរៀបចំការងារសំខាន់មួយ។ អ្វីដែលអ្នកនាង មាស អាលីស រំភើបស្ទើរតែស្រក់ទឹកភ្នែក គ៊ឺត្រូវបានជាប់ឈ្មោះថា «តារាតំណាងសំឡេង អ្នកស្រីហួយ មាស ឬហួយ មាសទី២» ។
មូលហេតុសំឡេង ដូចចង់១០០% មកពីធម្មជាតិដែលកម្រណាស់ ហើយក៏ជាតារាចម្រៀងម្នាក់មានធនធាន ទាំងចំណេះដឹង និងចរិយាមាយាទ និងបទពិសោធន៍ច្រៀង។ ការណ៍ពិតទៅ មាស អាលីស បានចូលបម្រើវិស័យសិល្បៈច្រើនឆ្នាំទៅហើយ ទំរាំមានវាសនា មហាជនក្នុងនិងក្រៅស្រុកចូលចិត្ត។
អ្នកនាងបានធ្វើអោយតារាចាស់ៗជាច្រើន សរសើរថា សំឡេងល្អ ដូចអតីតតារាចម្រៀងហួយ មាស។ បែបនេះហើយទើប មាស អាលីស ត្រូវបានអ្នករៀបចំកម្មវិធីតន្ត្រីតាមកញ្ចក់ទូរទស្សន៍ ដូចជាបាយ័នជាដើមបានផ្តល់ឱកាសអោយ អាលីស បានពង្រីកទីផ្សារសិល្បៈជាប្រចាំ ដូចជា កម្មវិធី «តន្ត្រីស្រុកស្រែ» «រាត្រីពណ៌ស្វាយ» ដែលបណ្តាកម្មវិធីទាំងនេះផ្តោតលើការអភិរក្សចម្រៀងជំនាន់ដើម។
អ្នកនាង មាស អាលីស មិនត្រឹមតែជាតារាចម្រៀងបែបមនោសញ្ចេតនានោះទេ តែជាពិធីករវិទ្យុដែលមានទឹកដមសំឡេងឆ្វាចល្អបម្រើការងារមិនតិចឆ្នាំឡើយ។ ពេលឡើងឆាកច្រៀង ក្រៅពីចេះចាំបទចម្រៀង លោកស្រីហួយ មាស ក៏ឃើញលើកយកបទរបស់អ្នកស្រី ពៅ វណ្ណារី ប៉ែន រ៉ន និងរស់ សេរីសុទ្ឋាជាដើម។
ប៉ុន្តែអាលីស ត្រូវបានអ្នកស្តាប់លើកឡើងថា តុងសំឡេងលើកដាក់ គឺកាច់ស្ទីលទៅរក ហួយ មាសជាងដែលស្តាប់ទៅចង់ច្រឡំ។
មាស អាលីស បានអោយដឹងថា អត់នឹកស្មានថា មានរៀមច្បងសិល្បៈកំណត់យើងជាតារាចម្រៀង តំណាងលោកស្រី ហួយ មាសឡើយ ព្រោះម្ចាស់ដើមគាត់សំឡេងល្អ ហើយមានការទទួលស្គាល់ពីមហាជន។ នេះជាផលបានមកពីធម្មជាតិ ទើបចេះតែរកបទចាស់ៗ របស់លោកស្រីហួយ មាស លើកមកច្រៀង រាល់ពេលឡើងឆាក។
ម្យ៉ាងទៀតនាងក៏បានរួមសហការស្រាវជ្រាវជាមួយរៀមច្បង និងអ្នកភ្លេងរកបទចាស់ៗ គាស់កកាយមកសម្តែងច្រៀង។ បែបនេះហើយ ទើបមួយរយៈនេះ បង្កើតបានជាក្រុមមួយ មានឈ្មោះថា «Happy Band» ដែលជាក្រុមផ្តោតគិតលើ ការអភិរក្សបទចម្រៀងសម័យដើម លើកយកមកអោយយុវវ័យជំនាន់ក្រោយបានដឹង។ ចង់ដឹងថា មាស អាលីស មានសំឡេងស្រដៀងហួយ មាស បែបណា ចូលរួមស្តាប់កម្សាន្តទាំងអស់គ្នា ៖
ចែករំលែកព័តមាននេះ