ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញថា ប្រាក់ដុល្លារឡើងថ្លៃជំរុញឱ្យពលរដ្ឋចាយលុយរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តម្លៃប្រាក់ដុល្លារ១ ដុល្លារបានឡើងដល់ ៤១០០ រៀល មិនប៉ះពាល់ដល់ការធ្វើអាជីវកម្មនៅក្នុងស្រុកទេ ហើយបញ្ហានេះលោកថា…

រាជធានីភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តម្លៃប្រាក់ដុល្លារ១ ដុល្លារបានឡើងដល់ ៤១០០ រៀល មិនប៉ះពាល់ដល់ការធ្វើអាជីវកម្មនៅក្នុងស្រុកទេ ហើយបញ្ហានេះលោកថា ជាផ្នែកមួយជំរុញឱ្យមានការចាយវាយប្រាក់រៀលទៅវិញនោះទេ ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា «បើសិនតម្លៃប្រាក់ដុល្លារដូរបាននៅក្រោម ៤០០០ រៀល ក្នុងមួយដុល្លារនោះ គេនឹងនាំគ្នាចាយប្រាក់ដុល្លារ ។ បើ ១ ដុលា្លរអាមេរិកដូរបានប្រាក់រៀល ៤១០០ រៀល វានឹងធ្វើឱ្យអ្នកចាយរាយ នឹងយកប្រាក់ដុល្លារដូរជាលុយរៀលយកមកចាយ ចៀសវាងការអត្រាប្តូរប្រាក់ ។

អនុប្រធានសភាពាណិជ្ជកម្មបានបន្ថែមថា ការរក្សាលំនឹងជាង ៤១០០ រៀលក្នុងមួយដុល្លារអាមេរិកនេះគឺជាការលើកទឹកចិត្តឱ្យកម្មករ បុគ្គលិក បើកប្រាក់ខែជាប្រាក់ដុល្លារនេះ គាត់អាចយកប្រាក់ដុល្លារនេះទៅប្តូរយកជាលុយរៀល ដើម្បីយកចាយវាយដោយគាត់យល់ថា មានផលចំណេញ ។

មួយរយៈនេះប្រាក់ដុល្លារបានឡើងថ្លៃលើសពី ៤១០០ រៀលក្នុងមូយដុល្លារ ដែលធ្វើឱ្យមានការព្រួយបារម្ពពីការកើនឡើងអតិផរណាលើទីផ្សារ ត្បិតអីការទូទាត់ពាណិជ្ជកម្មកម្ពុជាគិតជាប្រាក់ដុល្លារ ។ ដុល្លារឡើងថ្លៃបង្កឱ្យទំនិញលើទីផ្សារឡើងថ្លៃផងដែរ ។ មាន មន្រ្តីរាជការមួយចំនួនដែលបើកប្រាក់បៀវត្សជាប្រាក់រៀលបានលើកឡើងថា ដុល្លារឡើងថ្លៃធ្វើឱ្យប្រាក់ខែរបស់ខ្លួនទិញរបស់បានតិចជាងមុន ជាពិសេសអ្នកដែលត្រូវយកលុយរៀលដូរជាដុល្លារដើម្បីសងបំណុលធនាគារ ។

លោក ម៉ានី មន្រ្តីរាជការម្នាក់ទៀតនៅភ្នំពេញ បានលើកឡើងថា ប្រាក់ដុល្លារឡើងថ្លៃធ្វើឱ្យអ្នកមានប្រាក់ខែជាប្រាក់រៀល ពិសេសមន្រ្តីរាជការកាន់តែលំបាក ធ្វើឱ្យការចំណាយកើនឡើង ។ «សម្រាប់ខ្ញុំមិននិយាយដល់ការឡើងថ្លៃទំនិញនោះទេ ។ និយាយតែរឿងបង់ធនាគារ ខ្ញុំត្រូវបង់ធនាគារ ៣០០ ដុល្លាររៀលរាល់ខែ កាលពីមុខប្រាក់ខែជាង ១ លានរៀលអាចដូរបាន ៣០០ ដុល្លារ តែឥឡូវអត់បានទេទាល់តែថែមលុយក្រៅទៀតទើបគ្រប់នោះហើយជាការលំបាក» ។

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ធនាគារជាតិបានប្រកាសថា នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារចំនួន ១០០ លានដុល្លារបន្ថែមទៀត ។ ការដាក់ឱ្យដេញថ្លៃ ១០០ លានដុល្លារអាមេរិកនេះធ្វើឡើងក្រោយពីប្រាក់ដុល្លារ ៥០ លានបានដេញថ្លៃ ២ លើករួចហើយនៅក្នុងខែកញ្ញានេះ ។

កាលពីឆ្នាំ ២០២០ ប្រាក់ដុល្លារ ៥០ លានដុល្លារក៏បានដាក់ឱ្យដេញថ្លៃដែរ ។ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានពន្យល់ថា ថាក្នុងអំឡុងពេលមានករណីឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ រូបិយវត្ថុក្នុងតំបន់ភាគច្រើនមានការប្រែប្រួលដោយសារតែសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានផ្លាស់ប្តូរខុសគ្នាពីឆ្នាំមុនៗ ។ ការដាក់ដេញថ្លៃប្រាក់ដុល្លារ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពង្រឹងអំណាចទិញតាមរយៈប្រាក់រៀលនឹងចូលរួមចំណែកក្នុងការរក្សាតម្លៃទាបរបស់ខ្លួន ដើម្បីឆ្ពោះទៅរកស្ថិរភាព និងពង្រឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ