ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ អាជ្ញាធរ​សមត្ថកិច្ច តាម​ខណ្ឌ​នានា នៅ​រាជធានី​ភ្នំពេញ តែងតែ​រៀបចំ​សណ្តាប់ធ្នាប់​ តាមផ្លូវ​នានា​។ សកម្មភាព​ការងារ​រៀបចំ​នេះ ត្រូវបាន​ធ្វើឡើង​ញឹកញាប់​មកហើយ តែ​ក្រោយពេល​អាជ្ញាធរ​សមត្ថកិច្ច ទៅ​បាត់…

ភ្នំពេញ​៖ អាជ្ញាធរ​សមត្ថកិច្ច តាម​ខណ្ឌ​នានា នៅ​រាជធានី​ភ្នំពេញ តែងតែ​រៀបចំ​សណ្តាប់ធ្នាប់​ តាមផ្លូវ​នានា​។ សកម្មភាព​ការងារ​រៀបចំ​នេះ ត្រូវបាន​ធ្វើឡើង​ញឹកញាប់​មកហើយ តែ​ក្រោយពេល​អាជ្ញាធរ​សមត្ថកិច្ច ទៅ​បាត់ ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវទាំង​​នោះ ត្រូវបាន​គេ​រំលោភ ដោយ​ដាក់លក់​របស់របរ ពិសេស​ការចត​យានយន្ត​ពេញ​ផ្លូវ​ដដែល​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ ខណ្ឌ ៧​មករា បានរៀបចំ​សណ្តាប់ធ្នាប់ នៅលើ​ដងផ្លូវ​លេខ​១៤១ កែង​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​បឹង​ព្រលិត។ អាជ្ញាធរ​សមត្ថកិច្ច បាន​ប្រើប្រាស់​វិធានការ​ក្តៅ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​រំដោះ​ផ្លូវ ១​ខ្សែ​នេះ កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​ឱ្យមាន​របៀបរៀបរយ​ឡើងវិញ​។ កំណាត់​ផ្លូវ​នេះ ត្រូវបាន​អាជីវករ បន្ត​យក​ទ្រូងផ្លូវ ធ្វើ​ផ្សារ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​។

​មុន​ឈានដល់​ការចុះ​ចាប់​រឹបអូស​ទំនិញ​លក់ដូរ​លើផ្លូវ​នេះ អាជ្ញាធរ​សមត្ថកិច្ច បាន​ផ្សព្វផ្សាយ អប់រំ និង​ទុកពេល​ជាច្រើន​ថ្ងៃ ឱ្យ​អាជីវករ រុះរើ​ដោយ​ខ្លួនឯង និង​ឈប់​រំលោភ​យក​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ធ្វើជា​ផ្សារ​លក់ដូរ​ដូច្នេះ​។​

​អាជ្ញាធរ និង​សមត្ថកិច្ច បានរៀបចំ​សម្អាត​កំណាត់​ផ្លូវ​នោះ ឱ្យមាន​រៀប​រៀបរយ និង​មាន​សោភណភាព ដោយ​តម្រូវឱ្យ​អាជីវករ ដែល​បាន​តាំង​លក់ទំនិញ បន្លែ​ផ្លែឈើ​លើ​ទ្រូងផ្លូវ ត្រូវ​រុះរើ យកទៅលក់ នៅក្នុង​ផ្សារ ដែល​ស្ថិត​នៅក្បែរនោះ​។  ​អាជ្ញាធរ​សមត្ថកិច្ច ព្រមាន​ថា បើ​ក្នុងករណី​អាជីវក​រណា លួចលាក់ បន្ត​មក​ធ្វើ​អាជីវកម្ម​លើ​ទ្រូងផ្លូវ​នេះ​ទៀត សមត្ថកិច្ច មិន​យោគយល់​ទៀតឡើយ គឺ​ត្រូវតែ​ផាកពិន័យ តាមច្បាប់​តែម្តង​។​

​ប៉ុន្មាន​ថ្ងៃមុន​នេះ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ខណ្ឌ ៧​មករា ក៏បាន​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ ចំណុច​រង្វង់​មូល និង​សួនច្បារ​ក្តាន់ ២ មុខ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ មាន​ឡាន​ចត​សង្ខាង​ផ្លូវ រកតែ​កន្លែង​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​សឹង​មិនកើត​។​

​ក្រៅពីនោះ អាជ្ញាធរ​ខណ្ឌទួលគោក ក៏បាន​ចុះទៅ​រៀបចំ និង​ដោះស្រាយ​សណ្តាប់ធ្នាប់ តាម​ដង​មហាវិថី​ម៉ៅ​សេទុង និង​ចំណុច​ផ្លូវ​ចូល​ផ្សារ​នាគ​មាស ជាប់​របង​ម៉ុង​ឌី​យ៉ា​ល់ ដែលមាន​ម្ចាស់​យានយន្ត ឈប់​ចត គ្មាន​សណ្តាប់ធ្នាប់ និង​ការរំលោភ​យក​ទ្រូងផ្លូវ ធ្វើ​អាជីវកម្ម ជា​កន្លែង​លក់ដូរ​បន្លែ​ផ្លូវ​ឈើ ជាដើម​។​

​នៅ​ខណ្ឌ​ផ្សេងទៀត ក៏​ដូចគ្នា នៅតាម​ផ្លូវធំ ផ្លូវ​តូច គឺ​អាជ្ញាធរ​សមត្ថកិច្ច​ខណ្ឌ​សង្កាត់ តែងតែ​ចុះ​អន្តរាគមន៍ រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ ញឹកញាប់​។ តែ​គ្រាន់តែ​អាជ្ញាធរ​សមត្ថកិច្ច ចេញផុត ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​ទាំងនោះ ត្រូវបាន​គេ​រំលោភ​យក​ធ្វើ​អាជីវកម្ម និង​ចត​ឡាន នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ដដែល​។

​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាមផ្លូវ គឺ​អាជ្ញាធរ​សមត្ថកិច្ច បាន​តម្រូវ​ឲ្យ​រុះរើ​សំ​យ៉ាប​ផ្ទះ ឆ័​ត្រ ផើងផ្កា រុះរើ​ស្លាក​សញ្ញា ដែល​ពុំមាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ចេញពី​មុខផ្ទះ ឬ​ចិញ្ចើមផ្លូវ​សាធារណៈ និង​ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ នៅលើ​ទ្រូងផ្លូវ​។ ក្នុងនោះ រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ ធ្វើ​ជាទី​តាំង​ផ្ញើ​កង់​ម៉ូតូ ឬ​លក់ដូរ គឺ​មិនត្រូវ​ឲ្យ​លើស ១/៣ ( មួយ​ភាគបី ) នៃ​ចិញ្ចើម​ឡើយ​។ អាជ្ញាធរ​សមត្ថកិច្ច ក៏​តម្រូវ​ឲ្យ​រៀបចំ​សម្អាត អនាម័យ បរិស្ថាន ទុកដាក់​សំរាម ដោយ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ចេញ​តាម​ពេល​ម៉ោង ដែល​បានកំណត់ ផងដែរ​។​

​ប៉ុន្តែ​សព្វថ្ងៃនេះ នៅតាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ផ្លូវ​ជាច្រើន​ទៀត គឺ​សឹងតែ​លែងមាន​ចិញ្ចើមផ្លូវ​សម្រាប់​ថ្មើរជើង​ហើយ ពិសេស​នៅ​តំបន់​រោងចក្រ និង​នៅតាម​ផ្សារ​។ មិន​ត្រឹមតែ​ចិញ្ចើមផ្លូវ​ទេ គឺ​ទ្រូងផ្លូវ ក៏ត្រូវ​បាន​រំលោភ យក​ធ្វើជា​កន្លែង​លក់​បន្លែ ផ្លែឈើ ត្រី​សាច់ ខោអាវ និង​កន្លែងផ្ញើម៉ូតូ​ឡាន ជាដើម​។ អ្នកលក់​តាម​រទេះ ក៏​ឈប់​ចត​លើ​ទ្រូងផ្លូវ លក់​ដោយ​មិន​ខ្វល់​នឹង​អ្នកធ្វើដំណើរ ដែល​កកស្ទះ​សោះឡើយ​។ នៅ​ផ្លូវ​វេ​ង​ស្រេង ការកកស្ទះ​ចរាចរណ៍​ខ្លះ ដោយសារតែ​ការយក​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ដាក់​ទំនិញ​លក់ដូរ គឺ​មាននៅ​ចំណុច​ផ្សារ​ស្ទឹងមានជ័យ តំបន់​លូ ៥ និង​ផ្សារ​ត្រពាំង​ថ្លឹង ជាដើម​។​

​ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ក្រៅ​តែ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ ដែល​អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ខណ្ឌ ចុះ​រៀបចំ​ទ្រង់ទ្រាយ​ធំ​ហើយ គឺ​អាជ្ញាធរ​សមត្ថកិច្ច​សង្កា​ត់ មាន​តួនាទី​សំខាន់ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរំលោភ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ដើម្បី​ធ្វើ​អាជីវកម្ម និង​ចត​យានយន្ត ជាដើម​។

​មែនទែនទៅ មិនមែន​អ្នកលក់ដូរ អាចដាក់​ឥ​វ៉ាន់ លក់បាន​ស្រួលៗ តាមផ្លូវ ដោយ​មិនមាន​បង់លុយ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​នោះទេ​។ ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​តែ​ឈប់​ពាក់ព័ន្ធ​នឹង​ការដើរ​ប្រមូល​លុយ ទោះជា​ដាក់​ខែ ឬ​បង់​តាម​ថ្ងៃ​ក៏ដោយ​។​

​ម្យ៉ាងទៀត អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែរៀបចំ​កន្លែង​សមរម្យ សម្រាប់​អ្នកលក់ដូរ​តាមផ្លូវ គឺមាន​កន្លែង​លក់ ដែល​មិន​បង្ក​ការកកស្ទះចរាចរណ៍ និង​មិន​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។ ការរៀបចំ​ចំណត ក៏​ត្រូវតែ​រៀបចំ ពិសេស​តាម​ស្ថាប័ន ក្រសួង មន្ទីរ ដូច​ករណី​នៅ​រង្វង់​មូល​ក្តាន់​២ នៅជិត​គណៈរដ្ឋមន្ត្រី គឺ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ មិនមាន​កន្លែង​ចតឡាន​ សម្រាប់​មន្ត្រី​បម្រើ​ការងារ​នៅ​ទីនោះឲ្យគ្រប់គ្រាន់​​ឡើយ ហើយនៅក្រសួងស្ថាប័នផ្សេងទៀត ក៏ដូចគ្នា​​។ ដូច្នេះ​មានតែ​យក​ផ្លូវ ​ធ្វើ​ចំណត ដូច​រាល់ថ្ងៃ​នេះហើយ​។​

​សាលា​រាជធានី​ភ្នំពេញ ក៏​គួរតែរៀបចំ​សាងសង់​ចំណត​ក្រោម​ដី នៅក្រោម​សួនច្បារ ដូច​អ្វីដែល​បានធ្វើរួចមកហើយ​ នៅមុខ​ស្ថានីយ​រថ​ភ្លើង និង​នៅ​សួនច្បារ​វត្តភ្នំ ជាដើម​។ ចំណត​យានយន្តក្រោមដី​​នោះ អាច​ឲ្យ​ឯកជន​​វិនិយោគ ក៏បាន​។ 

​​អ្នកលក់ដូរតាមផ្លូវ ក៏​គួរតែ​គិត​ផង​។ នរណា ក៏​ចង់បាន​លុយ​ដែរ តែ​ដើម្បី​តែ​លុយ ហើយ​បង្ក​ការកកស្ទះ នាំ​ឲ្យ​ក្តៅក្រហាយ​ដល់​អ្នក​ផ្សេងទៀត គឺ​មិនគួរ​សោះឡើយ​។ ម្យ៉ាង​ការលក់ដូរ​លើ​ចិញ្ចឹម​ផ្លូវ និង​រហូតដល់​លក់​លើ​ទ្រូងផ្លូវ​ថែមទៀត​នេះ អាចមាន​គ្រោះថ្នាក់ ព្រោះ​បើ​ឡាន​ម៉ូតូ​ណា បើក​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ឬក៏​មាន​ឧបទ្ទវ​ហេតុអ្វី​នោះ ជ្រុល​ប៉ះពារ​បុក​អ្នកលក់ដូរ តើ​នឹងត្រូវ​គ្រោះថ្នាក់​បែបណា​? ចំណុច​នេះ គួរតែ​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​សាធារណៈ​ផង​។​

​ក្រៅពី​គិតគូរ​ពី​សន្តិសុខ​សណ្តាប់ធ្នាប់​ហើយ អ្នកលក់ដូរ ពិសេស​អ្នកលក់​តាម​រទេះ ដូចជា បន្លែ ផ្លែឈើ មីឆា ពង​ទា​កូន ប្រហិត ការ៉េម ជាដើម ក៏​គួរតែ​វេច​ខ្ចប់​កាកសំណល់ ថង់​ប្លា​ស្ទិ​ក ប្រអប់​ជ័រ ដប​ទឹក​សុទ្ធ សំបក​កំប៉ុង ជាដើម ឲ្យ​មាន​របៀបរៀបរយ ទុកដាក់ និង​ដឹកជញ្ជូន​សំរាមកាក​សំណល់ យកទៅ​បោះចោល ឲ្យ​បាន​ស្អាត​ល្អ​ផង​។​

​សរុបមក វិធាន​ការមើល និង​រំដោះ​ផ្លូវ​នេះ គួរតែ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ខណ្ឌ ត្រួតពិនិត្យ អនុវត្ត​ជាប្រចាំ បើ​មិនបាន​រៀងរាល់ថ្ងៃ ក៏​សូម​ឲ្យ​បាន​រៀងរាល់​សប្តាហ៍​។ កំណត់​កន្លែង ដែល​អ្នករស់នៅ​តាមផ្លូវ អាច​លក់បាន​ត្រឹមណា នៅ​លើ​ចិញ្ចើមផ្លូវ ដើម្បី​ទុក​ឲ្យ​អ្នកដើរ អាច​ធ្វើដំណើរ​ឆ្លងកាត់​បានលើ​ចិញ្ចើមផ្លូវ​​។ ទ្រូង​ផ្លូវ គឺ​ហាមឃាត់​​​ដាច់ខាត មិន​ឲ្យ​មាន​អ្នកលក់ ឬក៏​ចត​យានយន្ត​នោះទេ​។​

​បើ​អ្នកលក់ដូរ អ្នក​ចត​ឡាន​លើផ្លូវ នៅតែ​មិន​ស្តាប់ តាម​ការណែនាំ និង​ការរៀប​សណ្តាប់ធ្នាប់​នេះ​ទេ អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ប្រើ​ធម៌​ក្តៅ ចាប់​រឹបអូស យក​របស់របរ និង​អូស​ឡានទាំង​នោះ ទៅ​ខណ្ឌ​សង្កាត់ ព្រមាន និង​ធ្វើ​កិច្ចសន្យា ហើយ​ផាកពិន័យ​។ ករណីនេះ ត្រូវធ្វើ​ឲ្យ​ស្មើភាព​គ្នា ដោយ​គ្មាន​ការលើកលែង និងធ្វើមិនដកដៃ ទើប​មិន​ក្លាយ​ជាការ​វែក​ចក​​តទៅទៀត​៕​