ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ដើម្បី​បើក​សាលារៀន នៅ​ថ្នាក់បឋមសិក្សា​បាន ទាមទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ បន្ទាប់ពី​កុមារ និង​យុវវ័យ អាយុ​ចាប់ពី…

ភ្នំពេញ​៖ ដើម្បី​បើក​សាលារៀន នៅ​ថ្នាក់បឋមសិក្សា​បាន ទាមទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ បន្ទាប់ពី​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ​​ចាក់​វ៉ាក់សាំង​បាន​ស្ទើរ​ទាំងអស់ ហើយ​បានចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​​តាម​​ការ​សិក្សា និង​​​ការអះអាង​របស់​អ្នកជំនាញ គឺ​​វ៉ាក់​សាំង ជា​ឧបករណ៍​​​មួយ​​សំខាន់ ក្នុង​​ការ​​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​​កូ​វីដ​​១៩ តែ​​ក៏​មិន​មានន័យថា​ អ្នក​ចាក់​វ៉ាក់សាំង​រួចហើយ មិន​ឆ្លង​កូ​វីដ​១៩ នោះឡើយ​។​

​យ៉ាងណាក៏ដោយ តាមរយៈ​សារ​ជា​សំឡេង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែកញ្ញា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១២​ឆ្នាំ នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែកញ្ញា​។ ការចាក់​វ៉ាក់សាំង​ដល់​កុមារ អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១២​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង ដែលមាន​ជាង ១​លាន ៨​សែន​នាក់​នេះ ដើម្បី​ឈានទៅ​បើក​សាលារៀន នៅ​ថ្នាក់បឋមសិក្សា ក្រោយ​សាលារៀន ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ដែល​បាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់​។​

​មាន​ហេតុផល ២​យ៉ាង ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​អាយុ​ពី ​៦​ឆ្នាំ ទៅ ១២​ឆ្នាំ គឺ​ទី​១-​ប្រទេស​នានា នៅលើ​ពិភពលោក បាន​សិក្សា​លើ​វ៉ាក់សាំង​នេះ​រួចហើយ ហើយ​គេ​ក៏បាន​ប្រើប្រាស់ សម្រាប់​កុមារ ដែលមាន​អាយុ​ក្រោម ១២​ឆ្នាំ​រួចមកហើយ​ដែរ​។ ទី​២-​វ៉ាក់សាំង មិនមែនជា​បញ្ហាលំបាក​រក​​ទេ​។ ពោល​គឺ ម្ខាង វ៉ាក់សាំង​អនុញ្ញាត ហើយម្ខាង ​យើង​មាន​វ៉ាក់សាំង​​ក្នុង​ដៃ​រួចជាស្រេច។

​តាម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បើ​មិន​ចាក់​វ៉ាក់សាំង​ដល់​កុមារ អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​ទេ នោះ​យើង​មិនអាច​ឈានទៅដល់​ការបើក​សាលាបឋមសិក្សា បានទេ​។  

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​គម្រោង​គិតគូរ​ចាក់​វ៉ាក់សាំង ដល់​កុមារ ដែល​នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ក្នុង​រង្វង់​ពី​អាយុ​ពី ៣​ឆ្នាំ ទៅ ៦​ឆ្នាំ​ថែមទៀត​។ តែ​ចំពោះមុខ ត្រូវ​ដោះស្រាយ គឺ​ការ​វ៉ាក់សាំង សម្រាប់​កុមារ ពី ៦​ឆ្នាំ ទៅ ១២​ឆ្នាំ ដែល​វា​អាច​ផ្តល់ឱកាស​ឲ្យ​កុមារ​របស់​យើង អាច​ចូល​សិក្សា នៅ​ថ្នាក់បឋមសិក្សា ដែល​នឹងត្រូវ​បើក​បន្តបន្ទាប់​ទៀត ក្រោយ​បើក​សាលារៀន នៅ​ថ្នាក់​អនុវិទ្យាល័យ វិទ្យាល័យ និង​មហាវិទ្យាល័យ ដែល​បាន និង​កំពុង​ធ្វើ ជា​បន្តបន្ទាប់ ហើយ​នៅ​ថ្ងៃទី​១៥​កញ្ញា ចាប់ផ្តើម​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។

​យ៉ាងណាក៏ដោយ វ៉ាក់សាំង ពិតមែន​ជា​ឧបករណ៍​សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ តែ​វ៉ាក់សាំង​តែមួយ​មុខ ក៏​មិនអាច​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ បាន ១០០% នោះឡើយ​។ ចូរ​កុំភ្លេចថា មកដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស មាន​ចំនួន ១១ ៤៨៩ ៦៦១​នាក់ ស្មើនឹង ៧១,៨១% នៃ​ប្រជាជន​កម្ពុជា​សរុប ១៦​លាន​នាក់​។ ក្នុងនោះ អ្នក​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង បាន​ចំនួន ៩ ៧៧៣ ៩៦០​នាក់ ស្មើនឹង ៩៧,៧៤% នៃ​ចំនួន​អ្នក​ប៉ាន់ស្មាន ត្រូវ​ចាក់​វ៉ាក់សាំង ១០​លាន​នាក់​។ រីឯ​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ចាក់​វ៉ាក់សាំង បាន​ចំនួន ១ ៧១៥ ៧០១​នាក់ ស្មើនឹង ៨៧,២៣% នៃ​ចំនួន​អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង ១ ៩៦៦ ៩៣១​នាក់​។

​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នេះ គឺ​ជិត​គ្រប់​តាម​ចំនួន​ផែនការ​ហើយ​។ ក្នុងនោះ ក៏មាន​អ្នក​ចាក់​វ៉ាក់សាំង​រួច ២​ដូ​ស និង​ចាក់​ដល់​ទៅ ៣​ដូ​ស ប៉ុន្តែក៏​នៅតែ​រកឃើញ​ឆ្លង​កូ​វីដ​១៩ ជា​បន្តបន្ទាប់​ដែរ​។ គ្រាន់តែ​ថា បើ​បាន​ចាក់​វ៉ាក់សាំង​​ហើយ​ គឺ​​បើ​​ឆ្លង​​កូ​វីដ ​មិនមាន​ស្ថានភាព​ធ្ងន់​ធ្ងរ​នោះទេ​។​

​យ៉ាងណា​ក៏ដោយ នៅ​រៀងរាល់ថ្ងៃ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស មាន​ចំនួន​​កើនឡើង​ដល់ទៅ​​ជាង ៦០០​នាក់ ក្នុង ១​ថ្ងៃ ហើយ​អ្នកស្លាប់​ស្ថិតក្នុង​រង្វង់ ១០​នាក់ រៀងរាល់ថ្ងៃ​។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ទូទាំងប្រទេស មាន​ចំនួន ១០១ ៤៤៣​នាក់​។ ករណី​ជាសះស្បើយ មាន​ចំនួន ៩៥៣៦៧​នាក់ និង​ករណី​ស្លាប់​សរុប មាន​ចំនួន ២០៦៧​នាក់​។​

​ម្យ៉ាងវិញទៀត មកដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ ទោះបីជា​កុមារ នៅ​ថ្នាក់បឋមសិក្សា អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មិនបាន​ចាក់​វ៉ាក់សាំង​ក៏ពិតមែន តែ​សាលារៀន ដែល​មិនមាន​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​ភូមិ​ស្រុក​​ជាច្រើន បាន​បើក​ដំណើរការ​ឡើងវិញ​ ជា​បន្តបន្ទាប់​រួចហើយ​ ខណៈ​សាលារៀននៅខេត្តមណ្ឌលគិរី ​បើក​ដំណើរការឡើងវិញ កាលពីថ្ងៃទី៦កញ្ញា ហើយនៅខេត្តព្រះសីហនុ បើកដំណើរការ​សាលារៀន កាលពីថ្ងៃទី១៣ ខែកញ្ញា។​

​ក្រៅពីនោះ ក៏មាន​សិស្ស​មួយចំនួន ពិសេស​នៅ​សាលារៀន​ឯកជន គឺ​អាណាព្យាបាល និង​ឪពុកម្តាយ សម្រេច​ឲ្យ​បន្ត​រៀន​តាម​អន​ឡាញ ដោយ​មិនទាន់​ឲ្យចូល​រៀន​នៅ​សាលា​ដោយផ្ទាល់​នៅឡើយ​ទេ​។ មូលហេតុ ដោយសារតែ​ពួកគាត់​ នៅ​ខ្លាច និង​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​នៅ​ភ្នំពេញ ដែល​ក្រោយ​ធ្វើតេស្ត​យក​សំណាក​លើ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ជាង ១​ម៉ឺន​នាក់ កាលពី​​ថ្ងៃទី​​១៤ ខែ​កញ្ញា ត្រូវបាន​ប្រកាសថា រកឃើញ​គ្រូ និង​បុគ្គលិក​អប់រំ ២៤​នាក់ ឆ្លង​កូ​វីដ​១៩​។​

​ជា​សរុប នៅពេលនេះ សម្រាប់​កម្ពុជា​យើង ក៏ដូចជា នៅលើ​ពិភពលោក គឺ​អ្នក​ចាក់​វ៉ាក់សាំង​រួចហើយ ក៏​នៅតែ​អាច​ឆ្លង​កូ​វីដ​១៩​។ ដូច្នេះ​មានតែ​វិធី​បន្ត​ការពារ តាមរយៈ​អនុវត្ត​វិធានការ​សាមញ្ញៗ គឺ ៣​កុំ និង ៣​ការពារ នោះ​គឺ​កុំ​ជួបជុំ​មនុស្ស​ច្រើន កុំ​ប៉ះពាល់​-​ចាប់ដៃគ្នា និង​កុំទៅ​កន្លែង​បិទ​ជិត ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ច្រើន​។ ក្រៅពីនោះ ម្នាក់ៗ រាប់ទាំង​សិស្ស និង​ទាំង​គ្រូ ក៏ត្រូវ​បន្ត​ពាក់​ម៉ាស​ជាប់​ជានិច្ច លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព ទាំង​នៅក្នុង​ថ្នាក់រៀន និង​ទាំង​នៅពេល​ចេញលេង​៕​