ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ដល់កុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១៧កញ្ញា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅថ្ងៃនេះ​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​-​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ…

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅថ្ងៃនេះ​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​-​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។ ក៏ប៉ុន្តែ​ទាំង​កុមារ​-​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ រួមទាំង​អ្នកមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅតែ​អាច​ទៅ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ នៅតាម​ទីតាំង​មន្ទីរពេទ្យបង្អែក ចំនួន ៨​ទីតាំង ដែល​នៅ​ជិត​លំនៅដ្ឋាន ឬ​មណ្ឌល​សុខភាព ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​កន្លែង​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដែល​នៅតែ​បើកទទួល​អ្នក​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ រួមមាន​៖ ១-​មន្ទីរពេទ្យបង្អែក​រាជ​ធានី​ភ្នំពេញ ២-​មន្ទីរពេទ្យបង្អែក​ចតុ​មុខ ៣-​មន្ទីរពេទ្យបង្អែក​ដង្កោ ៤-​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ៥-​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ៦-​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ៧-​មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ និង​៨-​មន្ទីរពេទ្យបង្អែក​សម្តេច​ឪ​-​សម្តេចម៉ែ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ចំពោះ​ប្រជាពលរដ្ឋ មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង និង​កុមារ​-​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ដែល​ទទួល​វ៉ាក់សាំង ដូ​ស​ទី​១ រួចរាល់​ហើយ ក្នុងអំឡុងពេល​យុទ្ធនាការ នាពេល​កន្លងមក សូម​បងប្អូន​ប្រជាពលរដ្ឋ និង​មាតាបិតា​-​អាណាព្យាបាល មេត្តា​រួសរាន់​អញ្ជើញ​មក ឬ​នាំយក​បុត្រ​ធីតា​លោកអ្នក មក​ទទួល​វ៉ាក់សាំង ដូ​ស​ទី​២ រៀងរាល់​ម៉ោង ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ក្នុង​បណ្ណ​ចាក់​វ៉ាក់សាំង នៅតាម​ទីតាំង ដែល​បាន​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង ដូ​ស​ទី​១ នាពេល​កន្លងមក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា មកដល់ពេលនេះ នៅ​ភ្នំពេញ ដំណើរ​ការចាក់​វ៉ាក់សាំង កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ និង​កុមារ​-​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ សម្រេចបាន​ស្ទើរតែ ១០០% ហើយ​៕