សម្តេចក្រឡាហោម ស ខេង ទុកពេល ១៥ថ្ងៃ ឲ្យគណបក្សបេះដូងជាតិ កែសម្រួល និងបំពេញឯកសារ
- ភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត…
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត…
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត ប្រាប់ទៅតំណាងគណបក្សបេះដូងជាតិ ឲ្យកែសម្រួល និងបំពេញឯកសារ ដើម្បីចុះបញ្ជីគណបក្សថ្មីនេះ។ សម្តេចក្រឡាហោម ស ខេង បានព្រមានមិនចុះបញ្ជីគណបក្សបេះដូងជាតិ ហើយទុកពេលឲ្យ ១៥ថ្ងៃ ដើម្បីកែតម្រូវ និងបំពេញឯកសារទាំងនោះ។
គណបក្សបេះដូងជាតិ បង្កើតឡើងដោយសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលមាន លោក សៀម ភ្លុក ជាតំណាងស្ថាបនិក។
ក្នុងលិខិត សម្តេចក្រឡាហោម ស ខេង លើកឡើងថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមកលោកថា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹក ចំនួន២(ពីរ) លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈគណបក្ស តាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
សម្តេចក្រឡាហោម ស ខេង បន្ថែមក្នុងលិខិតថា «ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើ ជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងសម្រេចមិនចុះឈ្មោះគណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ»។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតអនុញ្ញាតឲ្យបង្កើតគណបក្សបេះដូងជាតិ តាមលិខិតស្នើសុំរបស់លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សថ្មីនេះ។ តែក្រសួងមហាផ្ទៃ តម្រូវឲ្យបំពេញលក្ខខណ្ឌ និងឯកសារមួយចំនួន ដើម្បីចុះបញ្ជីគណបក្សថ្មីនេះ ឲ្យស្របតាមច្បាប់។
សូមរម្លឹកថា គិតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានអតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ សរុប ២៦នាក់ហើយ បានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកនយោបាយ ១១៨នាក់ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ តាមអំណាចដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ទាំង ២៦នាក់ រួមមាន៖ ១- លោក គង់ គាំ ២-លោក គង់ បូរ៉ា ៣-លោក ស៊ីម សុវណ្ណនី ៤-លោក ច័ន្ទ សិលា ៥- លោក រៀល ខេមរិន្ទ ៦- លោកស្រី ទេព សុទ្ធី ៧- លោក កង គឹមហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ គឹមឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុភ័ក្រ ១៣- លោកស្រី លី ស្រីវីណា ១៤- លោក អ៊ូ ច័ន្ទរ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទដារិន ១៩- លោក ទួត យឿត ២០- លោក ឡាត់ លិតេយ្យ ២១- លោក ឡុង គឹមឃន ២២- លោកស្រី យង់ ផាន់ណេត ២៣- លោក ប៉ុល ហំម ២៤-លោក ផាន់ ច័ន្ទសាក់ ២៥-លោក ឃឹម ឡាក់គី និង២៦-លោក ម៉ៅ សុផល។
ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានចូលរួម និងបង្កើតគណបក្សថ្មី យ៉ាងហោចណាស់ ៦គណបក្ស រួមមាន៖ ១-គណបក្សឆន្ទៈខ្មែរ ដែលលោកគង់គាំ ចូលរួមដឹកនាំជាមួយកូនប្រុសពៅ ២-គណបក្សខ្មែរអភិរក្ស របស់ក្រុមលោក រៀល ខេមរិន្ទ្រ ៣-គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា ៤-គណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម ៥-គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង៦-គណបក្សបេះដូងជាតិ ដែលបង្កើតដោយក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ៕
ចែករំលែកព័តមាននេះ