ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ីតាមអនឡាញមិនមែនសុទ្ធតែកាក់កបនោះទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខុសពីអ្នកលក់ដូរលើអនឡាញជាច្រើនបានកំពុងកាក់កបលើអាជីវកម្មរបស់ខ្លួនមិនថា លក់ចំណីអាហារ លក់បន្លែត្រីសាច់ គ្រឿងសម្អាងនោះទេ តែបើជាអ្នកលក់តុក្កតា និងខោអាវ ពីរនាក់ប្តីប្រពន្ធនេះថា ការលក់តាមអនឡាញមិនដាច់…

រាជធានីភ្នំពេញ ៖ ខុសពីអ្នកលក់ដូរលើអនឡាញជាច្រើនបានកំពុងកាក់កបលើអាជីវកម្មរបស់ខ្លួនមិនថា លក់ចំណីអាហារ លក់បន្លែត្រីសាច់ គ្រឿងសម្អាងនោះទេ តែបើជាអ្នកលក់តុក្កតា និងខោអាវ ពីរនាក់ប្តីប្រពន្ធនេះថា ការលក់តាមអនឡាញមិនដាច់ ធ្វើឲ្យគាត់រកចំណូលមិនបានដូច្នេះពួកគាត់ចុះមកលក់តាមចិញ្ចើមផ្លូវវិញម្តង ។ 

អ្នកស្រី គីម ដាវ អាយុ ២៨ ឆ្នាំ និងស្វាមី លោក ខៀវ សៀងហៃ គឺជាអ្នកលក់សម្លៀកបំពាក់ និងតុក្កតាតាមប្រព័ន្ធអនឡាញជាច្រើនឆ្នាំមកហើយ ។ តាមស្វាមីភរិយាមួយគូនេះឲ្យដឹងថា ពួកគាត់បានរកស៊ីតាមអនឡាញមុនផ្ទុះកូវីដ ១៩ មកម្លេះ ។ មុនមានកូវីដ ១៩ ការលក់ដូរលោកកាក់កប ប៉ុន្តែចាប់ពីឆ្នាំ ២០២០ មកលក់មិនដាច់សោះ លែងរកប្រាក់ផ្គត់ផ្គង់គ្រួសារបាន ដូច្នេះពួកគាត់បាននាំគ្នាចុះមកលក់តាមចិញ្ចើមផ្លូវវិញម្តង ។

អ្នកស្រី គីម ដាវ បានបញ្ជាក់ដូច្នេះថា ថ្វីដ្បិតតែរកប្រាក់ពីការលក់ដូរលែងបាន ប៉ុន្តែពួកយើងពុំបានបាក់ទឹកចិត្តបោះបង់មុខរបរលក់ខោអាវ និងតុក្កតានេះចោលឡើយ ។ យើងបានផ្លាស់ប្ដូរវិធីសាស្រ្តពីការលក់តាមប្រព័ន្ធអនឡាញ ងាកមកលក់នៅតាមចិញ្ចើមផ្លូវវិញម្ដង ព្រោះពុំអាចស៊ូទ្រាំ និងការលក់អត់ដាច់រាល់ថ្ងៃបានឡើយ ។

អ្នកស្រីថា គាត់ និងស្វាមីបានចែកគ្នាលក់ដោយអ្នកស្រីលក់តុក្កតានៅកន្លែងមួយ ចំណែកឯស្វាមី យកខោអាវបុរសនារី ទៅលក់នៅតំបន់មួយ ។ ធ្វើយ៉ាងនេះដើម្បីចែកគ្នារកចំណូល បើលក់មួយកន្លែងមិនសូវជាជាដាច់ទេ ។ អ្នកស្រីបានបញ្ជាក់ថា មុនទៅលក់នៅកន្លែងផ្សេងស្វាមីបានជួយរៀបចំអីវ៉ាន់អ្នកស្រីរួចរាល់ ទើបស្វាមីដឹកខោអាវទៅលក់នៅកន្លែងផ្សេង ។ រហូតដល់វេលាល្ងាចឡើង ឬមានថ្ងៃខ្លះយប់ជ្រៅ បានត្រឡប់ចូលផ្ទះជួបមុខប្តី ជួបមុខប្រពន្ធវិញ ។ 

«កាលពីមុនលក់តាមអនឡាញដាច់គ្រាន់បើ ប៉ុន្តែរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះបន្ទាប់ពីជំងឺ COVID-19 ផ្ទុះឡើង បានធ្វើឲ្យពួកយើងជួបការលំបាក ព្រោះតែលក់លែងដាច់ ។ ប្តូរមកលក់តាមចិញ្ចើមផ្លូវវិញ ។ ការលក់ដូរតាមចិញ្ចើមផ្លូវពុំស្រួលប៉ុន្មានដែរមានថ្ងៃខ្លះក៏លក់ដាច់ និងថ្ងៃខ្លះទៀតលក់ពុំដាច់ដែរ ។ បើស្របពេលមេឃធ្លាក់ភ្លៀងទៀតនោះរឹតតែយ៉ាប់ ជួនកាលរើអីវ៉ាន់ទុកដាក់ មិនទាន់ផង ត្រូវភ្លៀងទទឹកអស់» អ្នកស្រីរៀបរាប់បណ្តើរលើកតុក្កតាដែលគាត់ដាក់លក់ឲ្យភ្ញៀវដែលកំពុងរើសមើលបណ្តើរ ។ អ្នកស្រីបានត្អូញពីការរកទទួលទានយ៉ាប់ណាស់ឥឡូវក្នុងមួយថ្ងៃគាត់អាចរកចំណូលបាន ៤ ទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះ បូកនឹងស្វាមីដែលអាចរកបានក្នុងចំនួនដូចគ្នានេះ ពួកគាត់បានចំណូលតែប្រមាណ ២០ ដុល្លារ ពេលខ្លះគ្រាន់ចំណាយលើហូបចុចសឹងអស់ទៅវិញ ។

អ្នកស្រី គីម ដាវ មានលំនៅដ្ឋាន ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមកស្នាក់នៅផ្ទះជួលក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកទទួលទាន ។

ជាការកត់សម្គាល់នៅសម័យបច្ចេកវិទ្យានេះ គាប់ជួនការរាតត្បាតជំងឺកូវីដ ១៩ ផងនោះ ទីផ្សារអនឡាញកំពុងរីកដុះដាលដែលមានទំនិញ និងសេវាកម្មសឹងគ្រប់មុខដាក់លក់ វាប្រៀបដូចជាទីផ្សារបានកំពុងស្ថិតនៅក្នុងដៃពលរដ្ឋគ្រប់រូបប៉ុន្តែដើម្បីការរកស៊ីលើអនឡាញនេះ ទាមទារឲ្យមានទេពកោសល្យ ក្នុងការផ្សព្វផ្សាយ យុទ្ធសាស្រ្តលក់ដូចជាបញ្ចុះតម្លៃឬផ្តល់សេវាដឹក   ជញ្ជួនមិនគិតប្រាក់ដល់អតិថជនជាដើម ។ ក្រៅពីនោះទាមទារឲ្យមានភាពស្មោះត្រង់ចំពោះអ្នកទិញលើមុខទំនិញនិងសេវាកម្មរបស់ខ្លួន បើល្អថាល្អ មិនល្អថាមិនល្អ ទើបអាចរក្សាម៉ូយបានមិនខុសពីការលក់ដូរផ្ទាល់នោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ