ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នក​ឆ្លងកូវីដ​​​បំប្លែង​ថ្មី ដែលតា​ ចំនួន​៦៣​នាក់​ក្នុងស្រុក​ទាំង៣ នៅតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មន្ត្រី​ជំនាញ​​សុខាភិបាល​​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ បំប្លែង​ខ្លួន​ថ្មី​ចំនួន​៦៣​នាក់​បន្ថែម​ទៀត ដែល​នាំ​អោយ​ខេត្តតាកែវ​មាន​​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី​ ប្រភេទ ដែល​តា ​កើនឡើង​​រហូត​ដល់

ខេត្ត​តាកែវ ៖ លោក​ នុ​ត ស៊ី​ណាត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មន្ត្រី​ជំនាញ​​សុខាភិបាល​​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ បំប្លែង​ខ្លួន​ថ្មី​ចំនួន​៦៣​នាក់​បន្ថែម​ទៀត ដែល​នាំ​អោយ​ខេត្តតាកែវ​មាន​​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី​ ប្រភេទ ដែល​តា ​កើនឡើង​​រហូត​ដល់​៧៧​នាក់​នាក់​​ហើយ​។

លោក​វេជ្ជ​បណ្ឌិត នុ​ត ស៊ី​ណាត បាន​បន្ត​ទៀត​ថា អ្នកជំងឺ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ​ដែល​តា​ ទាំង​៦៣​នាក់​​​ដែល​ត្រូវ​​មន្ត្រី​សុខាភិបាល​បាន​​រក​ឃើញ ​គឺ​ភាគច្រើន​មាន​ទីលំនៅ​ក្នុងស្រុក​ព្រៃកប្បាស់ ស្រុក​ត្រាំកក់​ និង​ស្រុក​អង្គ​បុរី​។ ហើយ​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ​ដែល​តា ដ៏​ច្រើន​នេះ ​គឺ​មាន​ភាព​យឹត​យ៉ាវ ​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់​មក​ពី​រាជធានី​ភ្នំពេញ​ មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ហើយ​ការ​ផ្ទុះ​មេរោគ​​បំប្លែង​​ខ្លួន​ថ្មី​ប្រភេទ ​ដែល​តា​ នៅ​ពេល​នេះ​ គឺ​ជា​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​​ មិន​មានការ​នាំ​ចូល​មក​ពី​ក្រៅប្រទេស​នោះ​ទេ ។

ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី ​ដែល​តា ​ទាំង​៦៣​នាក់​​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​អូ​តែ​ល ​ខេត្ត​ចាស់​ដែល​អាជ្ញាធ​រ​បាន​រៀបចំ​ធ្វើការ​ព្យាបាល​ដាច់​ដោយឡែក​ពី​គេ ។ ដោយឡែក​ចំពោះ​ពលក​រ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ យើង​​មិន​បាន​រក​ឃើញ​​មេរោគ​​បំប្លែក​ខ្លួន​ថ្មី​ទៀត​នោះ​ទេ ​ក្រៅ​តែ​ពី​ពលករ​១១​នាក់​​ដែល​បាន​រក​ឃើញ​កាល​ពី​ពេល​កន្លង​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្តតាកែវ​ រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៧១៨២​នាក់​ ក្នុង​នោះ​ប្រភេទ​ជំងឺ​​បំប្លែង​ខ្លួន​ថ្មី ​ដែល​តា ​ចំនួន​៧៧​នាក់ និង​មាន​អ្នកជំងឺ​ដែល​បាន​ធ្វើការ​ព្យាបាល​សះស្បើយ​ចំនួន​៦១៥៤​នាក់​ និង​មាន​អ្នក​ស្លា.ប់​​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​១៨១​នាក់ ដោយឡែក​សម្រាប់​ការចាក់​វ៉ាក់សាំង​​បង្ការ​​ជំងឺ​កូ​វី​ដ​ជូន​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ទូ​ទាំង​ខេត្ត​នោះ​ គឺ​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ​ បើគិត​រហូត​មក​ដល់​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ