- ភ្នំពេញ
ភ្នំពេញ៖ អារម្មណ៍ភ័យផង អរផង បានគ្របដណ្តប់លើគ្រូបង្រៀន សិស្សានុសិស្ស និងឪពុកម្តាយសិស្ស នៅពេលដែលសាលារៀនបើកឡើងវិញ បន្ទាប់ពីការអាក់ខានជិតមួយឆ្នាំមក។ អារម្មណ៍ត្រេកអរ គឺសិស្ស…
ភ្នំពេញ៖ អារម្មណ៍ភ័យផង អរផង បានគ្របដណ្តប់លើគ្រូបង្រៀន សិស្សានុសិស្ស និងឪពុកម្តាយសិស្ស នៅពេលដែលសាលារៀនបើកឡើងវិញ បន្ទាប់ពីការអាក់ខានជិតមួយឆ្នាំមក។ អារម្មណ៍ត្រេកអរ គឺសិស្ស…
ភ្នំពេញ៖ អារម្មណ៍ភ័យផង អរផង បានគ្របដណ្តប់លើគ្រូបង្រៀន សិស្សានុសិស្ស និងឪពុកម្តាយសិស្ស នៅពេលដែលសាលារៀនបើកឡើងវិញ បន្ទាប់ពីការអាក់ខានជិតមួយឆ្នាំមក។
អារម្មណ៍ត្រេកអរ គឺសិស្ស បានជួបជុំគ្នា និងរៀននៅតាមថ្នាក់ផ្ទាល់ ដែលមានប្រសិទ្ធភាពជាងការរៀនអនឡាញ។ អារម្មណ៍ភ័យព្រួយ គឺការបារម្ភខ្លាចថា ការរៀនតាមថ្នាក់ផ្ទាល់នេះ នឹងអាចនាំដល់ការឆ្លងរាលដាលមេរោគកូវីដ១៩ កាន់តែធ្ងន់នៅកម្ពុជា។
អារម្មណ៍ទាំងនេះ កើតឡើង ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកដំណើការសាលារៀនឡើងវិញ ទាំងសាលារៀនរដ្ឋ និងទាំងសាលាឯកជន កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញានេះ នាំឲ្យគ្រូបង្រៀនខ្លួន និងប្រជាពលរដ្ឋមួយចំនួន ជាអាណាព្យាបាលសិស្ស ព្រួយបារម្ភ ខ្លាចបើកសាលារៀនឡើងវិញ ក្លាយជារលកថ្មី នៃការឆ្លងកូវីដ១៩។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ យល់ឃើញផ្ទុយពីនេះ ហើយថា មានភាពចាំបាច់ ដែលសាលារៀន ត្រូវបើកឡើងវិញ ដើម្បីឲ្យសិស្សានុសិស្ស មានឱកាសរៀនសូត្រពេញលេញ ឲ្យទាន់ប្រទេសគេផ្សេងទៀត។
ក្តីបារម្ភរបស់អាណាព្យាបាល និងគ្រូបង្រៀនខ្លះ ក្នុងពេលសាលារៀន ពិសេសនៅភ្នំពេញ បើកដំណើរការឡើងវិញ នាពេលនេះ ដោយសារតែអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាយើង ប្រមាណ ១សប្តាហ៍នេះ មានអ្នកឆ្លងកើនឡើងពីជាង ៥០០នាក់ មកដល់ជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ ហើយចំនួនអ្នកស្លាប់ជាមធ្យមជាង ១០នាក់ ក្នុង ១ថ្ងៃ។
យ៉ាងណាក៏ដោយ អំឡុងពេលសាលារៀនបើកឡើងវិញនេះ មិនថា នៅភ្នំពេញ ឬក៏នៅបណ្តាខេត្តនានាទេ ទាំងនៅសាលារៀនរដ្ឋ និងទាំងនៅសាលារៀនឯកជន គឺមានជម្រើស ២ សម្រាប់សិស្សានុសិស្ស។ មករៀនដោយផ្ទាល់ នៅក្នុងថ្នាក់រៀន តាមចំនួនកំណត់ ក្នុង ១ថ្នាក់ មិនលើសពី ១៥នាក់ និងអាចជ្រើសរើសយកការបន្តរៀនតាមអនឡាញ ដូចរៀងរាល់ថ្ងៃ។ ក្នុងនោះ មានអាណាព្យាបាលមួយចំនួន ពិសេសនៅសាលារៀនឯកជន សម្រេចឲ្យកូន បន្តរៀនអនឡាញ នៅផ្ទះ ក្នុងពេលសាលារៀន បើកទ្វារដំណើរការឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ នៅមណ្ឌលគិរី បានបើកដំណើរការសាលារៀន ថ្នាក់ទី៩ និងថ្នាក់ទី១២ ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ហើយមកដល់ពេលនេះ មិនមានបញ្ហាករណីឆ្លងរាលដាលជំងឺកូវីដ១៩ លើគ្រូ និងសិស្ស នៅឡើយទេ។ រីឯនៅខេត្តព្រះសីហនុ ក៏បានបើកដំណើរការសាលារៀនឡើងវិញ នៅថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥សាលា នៅតាមក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣កញ្ញា ដោយតម្រូវឲ្យទាំងគ្រូ និងទាំងសិស្ស ត្រូវធ្វើតេស្តរកកូវីដ១៩ នៅមុនពេលចូលរៀន រួមទាំងអនុវត្តវិធានការនានា ដែលក្រសួងអប់រំ បានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្រៅពីនោះ នៅពេលដំណើរការបើកសាលារៀនឡើងវិញនេះ តាមសាលា ក៏មានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃ នៅមុខថ្នាក់រៀននីមួយៗ រក្សាគម្លាតសុវត្ថិភាព ហើយនៅពេលចេញលេង មិនត្រូវឱ្យសិស្សចេញពេលស្របគ្នានោះទេ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្តីពី គោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន។ ក្រសួង កំណត់ថា ក្នុងពេលបើកសាលារៀនឡើងវិញ នាពេលនេះ ទាំងគ្រូ និងទាំងសិស្ស ត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មុនពេលចូលសាលារៀន។ ចំពោះសិស្ស និងគ្រូ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនគួរអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំនោះទេ។ ប៉ុន្តែអ្នកមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។
ក្នុងនោះ ដើម្បីពង្រឹងយន្តការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជាការរួមចំណែកកាត់បន្ថយហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំ បានណែនាំដល់គណៈគ្រប់គ្រងសាលារៀនរដ្ឋ និងសាលារៀនឯកជន ៧ចំណុច រួមមាន៖ ១-ការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ២-វិធានការសុវត្ថិភាព និងអនាម័យ ៣-បរិក្ខារអនាម័យ ៤-ការធ្វើតេស្តរហ័ស អង់ទីហ្សែន រកូវីដ១៩ ៥-ការចាក់ថ្នាំបង្ការ ៦-សុវត្ថិភាពចំណីអាហារ និង៧-ការថែទាំសុខភាពផ្លូវចិត្ត។
ក្នុងពេលបើកដំណើរការសាលារៀនឡើងវិញនេះ ក្រសួងអប់រំ ក៏បានណែនាំឲ្យសាលារៀននិមួយៗ ត្រូវរៀបចំបន្ទប់សុខភាពក្នុងគ្រឹះស្ថានសិក្សា ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងឧបករណ៍វាស់ស្ទង់កម្តៅ ម៉ាស់ ទឹកអាល់កុល ឬអាល់កុលជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះ គ្រូ និងសិស្ស ត្រូវពាក់ម៉ាស់ ដែលអាចបង្ការការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើប្រាស់រួច។ ត្រូវលាងសម្អាតដៃជាមួយទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬអាល់កុលជែល ពេលចូលបរិវេណគ្រឹះស្ថានសិក្សា មុនចូលបន្ទប់រៀនតាមបណ្តុំ មុនពេលបរិភោគអាហារ បន្ទាប់ពីក្អក ឬកណ្តាស់ ក្រោយពេលចេញពីបង្គន់អនាម័យឲ្យបានញឹកញាប់។
ក្រសួងអប់រំ ក៏បានណែនាំឲ្យសាលារៀន ត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងរៀនតាមបណ្តុំ ក្នុងគ្រឹះស្ថានសិក្សា រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ដោយកំណត់រូបភាព ជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥នាក់។
មុនថ្ងៃបើកដំណើរការសាលារៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺនៅរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកកូវីដ១៩ លើគ្រូបង្រៀន និងបុគ្គលិកសិក្សា ចាប់ពីថ្ងៃទី១០កញ្ញា។ ជាលទ្ធផល អាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់ ឆ្លងកូវីដ១៩ ក្នុងចំណោមលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ ចំនួន ១០ ៤៤៣នាក់ ដែលបានធ្វើតេស្តរហ័ស រកកូវីដ១៩។
យ៉ាងណាក៏ដោយ ទាំងគ្រូ និងទាំងសិស្ស ក៏ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ទើបអនុញ្ញាតឲ្យចូលបង្រៀន និងរៀន ក្នុងថ្នាក់ដោយផ្ទាល់។
ការសម្រេចបើកដំណើរការសាលារៀនឡើងវិញ នាពេលនេះ ត្រូវលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានពន្យល់ទៅកាន់មហាជនថា ការបើកសាលារៀនឡើងវិញនេះ គឺយើងចង់បានទាំងសុខុមាលភាព និងទាំងចំណេះដឹងរបស់យុវជនយើង។ នៅភ្នំពេញ សព្វថ្ងៃ ទទួលបានសុវត្ថិភាព ទោះបីជារាល់ថ្ងៃ នៅមានឆ្លងកូវីដមែន តែថយចុះ ទាំងអ្នកស្លាប់ដោយសារកូវីដ១៩ ក៏ថយដែរ គឺថយពី ៣០នាក់ ក្នុង ១ថ្ងៃ មកនៅត្រឹម ៥នាក់ ក្នុង ១ថ្ងៃ។ តែលោកថា និយាយរបៀបនេះ មិនមែនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បាត់បង់ការប្រុងប្រយ័ត្នទេ។
លោក ឃួង ស្រេង លើកឡើងថា យុវជនយើង បើមិនបើកសាលារៀន យើងនឹងដើរក្រោយគេ។ យើងមានពិសោធន៍ហើយ ក្នុងសម័យប៉ុលពត រូបលោកផ្ទាល់ ខាតអស់ ៥ឆ្នាំ ទម្រាំតែបានចូលរៀនឡើងវិញ នៅក្រោយប៉ុលពត ដួលរលំ។ ធ្វើឲ្យប្រទេសយើង ដើរក្រោយគេ។
កន្លងមក សិស្សានុសិស្ស រៀនតាមអនឡាញ អំឡុងពេលកូវីដឆ្លងរាតត្បាត ចាប់តាំងពីដើមឆ្នាំ២០២០ ហើយចូលរៀនឡើងវិញ បានបន្តិច នៅចុងឆ្នាំ ក៏ត្រូវផ្អាកទៅវិញ នៅពេលផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១ បន្តដល់សព្វថ្ងៃ។ តែការបើកសាលារៀន ពិតជាមានការចាំបាច់ជាង ដើម្បីបំពេញនូវការខ្វះខាតខ្លះៗ ដូចជា សិស្សអាចដើរហើរបាន និងជួបមិត្តភក្តិ។ ដូច្នេះនៅពេលបើកសាលារៀនឡើងវិញនេះ កុមារ អាចបានឱកាសរៀនជួបគ្នា ហើយក៏នៅតែមានអ្នករៀនតាមអនឡាញខ្លះ។
ដូច្នេះបើមើលតាមការគិតគូរល្អិតល្អន់របស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអាជ្ញាធររាជធានីខេត្ត ដែលបានរៀបចំ និងបើកសាលារៀនឡើងវិញនេះ គឺបានការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសាលារៀនយ៉ាងហ្មត់ចត់។ ម្យ៉ាងទៀត ទាំងគ្រូ និងទាំងសិស្ស ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ នៅកម្រិតអនុវិទ្យាល័យ ដល់វិទ្យាល័យនេះ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រួចរាល់ទាំង ២ដូស ហើយគ្រូ បានចាក់ដល់ដូសទី៣ រួចផងដែរ។
តែមិនមែនថា ចាក់វ៉ាក់សាំងរួចហើយ មិនឆ្លងកូវីដនោះទេ។ វិធានការ ៣ការពារ និង ៣កុំ ក៏នៅតែត្រូវអនុវត្តជាប់ជានិច្ច ទាំងគ្រូ និងទាំងសិស្ស ដោយពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពទាំងក្នុងថ្នាក់រៀន និងទាំងពេលចេញលេង។ ម្យ៉ាងសាលារៀន នៅខេត្តមណ្ឌលគិរី បើកដំណើរការឡើងវិញ ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា មកដល់ថ្ងៃទី១៤ ខែកញ្ញា គឺមិនមានបញ្ហាអ្វីកើតឡើង ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ ក្នុងសាលារៀនទាំងនោះទេ។ នៅខេត្តព្រះសីហនុ ក៏ដំណើរការដោយរលូនផងដែរ ទោះបីជាកូវីដ នៅតែរកឃើញឆ្លងរាល់ថ្ងៃក៏ដោយ៕
ចែករំលែកព័តមាននេះ