ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យអ្នក​រងគ្រោះ​ជាង ៤០០នាក់ សម្របសម្រួលឲ្យអស់​លទ្ធភាព​ជាមួយក្រុមហ៊ុន GFX តែបើមិនត្រូវគ្នា សូមប្តឹងទៅតុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឆ្លើយតប​នឹង​ការ​ដ​ង្ហើ​យ​សូម​អន្តរាគមន៍ ក្នុង​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ ដែល​អះអាងថា ជា​ជនរងគ្រោះ និង​ក្រុមហ៊ុន Gold FX Investment…

រាជធានី​ភ្នំពេញ​៖ ឆ្លើយតប​នឹង​ការ​ដ​ង្ហើ​យ​សូម​អន្តរាគមន៍ ក្នុង​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ ដែល​អះអាងថា ជា​ជនរងគ្រោះ និង​ក្រុមហ៊ុន Gold FX Investment នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ដាក់ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន សម្របសម្រួល​គ្នា​ឲ្យ​អស់​លទ្ធភាព ហើយ​បើ​មិនត្រូវ​គ្នា សម្តេច​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ប្តឹង​ទៅកាន់​តុលាការ​។​

​ឆ្លើយតប​នឹង Comment អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​លីន លីន​» សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ដោយសារ​បងប្អូន បាន​ចូលមក​និយាយប្រាប់​ខ្ញុំ​ច្រើនដង​ហើយ ដែល​ល្មម​ដល់ពេល​ខ្ញុំ​ត្រូវ​ឆ្លើយតប ដោយ​ខ្លី​ថា សូម​បងប្អូន​បន្ត​សម្រុះ​សម្រួល​គ្នា ព្រោះ​បងប្អូន​ស្ម័គ្រចិត្ត​រកស៊ី​ជាមួយគ្នា​។ ក្នុងករណី​រក​ការស្រុះស្រួល មិនបាន សុំ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ តប​នឹង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​លីន លីន​» ដែល​បាន​ចូល Comment ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា «​មកដល់ពេលនេះ យើងខ្ញុំ​ទាំងអស់​ប្រមាណ​ជាង ៤០០​នាក់ គឺជា​វិនិយោគិន និង​ជា​ជនរងគ្រោះ ដែល​បានដាក់​ប្រាក់​វិនិយោគ ក្នុង​ក្រុមហ៊ុន ហ្គោល អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLD FX INVESTMENT CO.,LTD) នៅ​រសាត់ អណ្តែត តែលតោល វេទនា​ផ្លូវកាយ​ផ្លូវចិត្ត ដោយ​មិនទាន់​បានទទួល​ដំណោះស្រាយ​សំណង​ប្រាក់​ដើម​សមស្រប​ពី​ក្រុមហ៊ុន​ខាងលើនេះ នៅឡើយ​ទេ​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល លើកឡើងថា «​ក្នុង​រយៈពេល​ជាង ៦ ខែ មកនេះ បន្ទាប់ពី​ក្រុមហ៊ុន បានធ្វើឱ្យ​បាត់បង់​ថវិកា​របស់​អតិថិជន ក្នុងការ​វិនិយោគ ក្រុមហ៊ុន ក៏បាន​ដាក់ចេញ​នូវ​ឱសានវាទ ៣០​ថ្ងៃ (​នៃ​ថ្ងៃ​ធ្វើការ​) ដើម្បី​ហៅ​វិនិយោគិន​ទាំងអស់ ឱ្យមក​ទទួលយក​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប ដែល​ក្រុមហ៊ុន បានកំណត់​ជា​ឯកតោភាគី​ជូន​។ ក្នុងករណី​ការដោះស្រាយ​ជូន​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប នេះ គឺ​ក្រុមហ៊ុន មិនបាន​គោរព​តាម​ការណែនាំ​របស់ ន​.​ម​.​ក ដែល​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន Gold FX ត្រូវ​ដោះស្រាយ​ទូទាត់​ប្រាក់​វិនិយោគ​ឱ្យ​អតិថិជន​ទាំងអស់​វិញ ជាបន្ទាន់ ដូច​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លេខ ០១៨/២១ ន​.​ម​.​ក​/​ស​.​ប្រ​.​ព ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០២១ នោះទេ​។​

​គណនី​ដដែល លើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​ចប់​ឱសានវាទ​ក្នុងការ​កំណត់ ៣០​ថ្ងៃ​ហើយ​។ ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​បន្ត​ហៅ​វិនិយោគិន ឱ្យមក​យក​សំណង ៣០% (​សាមសិប​ភាគរយ​) នៃ​ប្រាក់​ដើម​សរុប បន្តទៀត​។ ដោយ​ពិនិត្យមើល​ករណីនេះ​ហើយ យើងខ្ញុំ​ទាំងអស់ ជា​ជនរងគ្រោះ និង​ជា​ប្រជាជន​ស្លូតត្រង់ ប្រមាណ ៥០០ នាក់ ដែល​បាន​ខិតខំ​សន្សំ​ប្រាក់ ដោយ​កម្លាំង​ញើស​ឈាម​យ៉ាង​លំបាក ជាពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី សូម​ប្រកាសថា យើងទាំងអស់គ្នា មិន​ព្រម​ទទួលយក​សំណង ៣០% (​សាមសិប​ភាគរយ​) នេះ​ជាដាច់ខាត​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សម្ដេច មេត្តា​ពិនិត្យ ផ្តល់​កិច្ច​អន្តរាគមន៍ សម្របសម្រួល និង​ជំរុញ​ការដោះស្រាយ​ជូន​យើងខ្ញុំ ជា​ជនរងគ្រោះ​ទាំងអស់ ឱ្យទទួល​បាន​សំណង​ប្រាក់​ដើម​សមស្រប​ត្រឡប់មកវិញ ដោយ​សេចក្តី​អនុគ្រោះ​បំផុត​។ សូម​សម្ដេច​ពុក មេត្តា​ទទួល​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត អំពី​យើងខ្ញុំ​ទាំងអស់គ្នា​ផង​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ ក្រុមហ៊ុន Gold FX Investment Co.,Ltd  បានចេញ​សេចក្តីជូនដំណឹង អំពី ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ប្រតិបត្តិការ​ទាំងស្រុង​តែម្តង​។ មូលហេតុ ដោយ​សំអាងថា គណៈ​គ្រប់គ្រង​មួយចំនួន នៅក្នុង​ក្រុមហ៊ុន បាន​កិបកេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុមហ៊ុន និង​ប្រាក់​របស់​អតិថិជន​យ៉ាងច្រើន​។​

​ក្រុមហ៊ុន Gold FX Investment Co.,Ltd បានស្នើ​ទៅកាន់​អគ្គនាយក​នី​យ័​តករ​មូល​ប​ត្រ​កម្ពុជា ដោយ​លើកឡើងថា ដោយសារ​មានការ​សង្ស័យ​ទៅលើ​ប្រតិបត្តិការ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ នៅក្នុង​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន បានចាប់ផ្តើម​ត្រួតពិនិត្យ​ឯកសារ​ឡើងវិញ និង​បានធ្វើ​សវនកម្ម​ក្នុង​ក្រុមហ៊ុន ទើប​ដឹង​ច្បាស់​ថា គណៈ​គ្រប់គ្រង​មួយចំនួន នៅក្នុង​ក្រុមហ៊ុន បាន​កិបកេង​ប្រវ័ញ្ច​ប្រាក់​របស់​ក្រុមហ៊ុន និង​ប្រាក់​របស់​អតិថិជន​យ៉ាងច្រើន ដែល​ក្រុមហ៊ុន កំពុង​ចាត់ការ​ដោះស្រាយ​តាម​យុត្តាធិការ​។ ក្នុងអំឡុងពេល​ដោះស្រាយ​នេះ ដើម្បី​រក្សា និង​កម្រិត​ផលប៉ះពាល់​ដល់​អតិថិជន ក្រុមហ៊ុន​បានសម្រេច​ផ្អាក​ប្រតិបត្តិការ ចាប់​ពិ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ នេះ​តទៅ រហូតដល់​មានការ​សម្រេច​ថ្មី​។​

​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុម​វិនិយោគិន ដែល​បណ្តាក់​ទុនវិនិយោគ តាមរយៈ​ក្រុមហ៊ុន ហ្គោល អេ​ហ្វ អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLD FX INVESTMENT CO.,LTD) រឺ​ហៅ​កាត់​ថា ជី​អ្វេ​ហ​អិ​ក (GFX) ដែលជា​ក្រុមហ៊ុន​ភា្ន​ក់​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ បាន​ប្រមូលផ្តុំ​ទាមទារ​នូវ​ការបាត់បង់​ប្រាក់​ពី​គណនី​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ​៕​