ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ចែករំលែក​រូបថត​នៃ​រ៉ូ​ប ដើម្បី​ប្រឆាំង​នឹង​សំលៀក​បំពាក់​ខ្មៅ របស់​តា​លី​បង់

2 ឆ្នាំ មុន

ក្រុង​កា​ប៊ុល ៖ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថានជាច្រើននាក់ បាន​ចាប់ផ្តើម​យុទ្ធនាការតាម​ប្រព័ន្ធអ៊ិ​ន​ធើ​ណេ​ត ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លៀកពាក់​ ដ៏​តឹង​រឹង​របស់​ក្រុម​តា​លី​បង់ សម្រាប់​និស្សិត​ស្រី ដោយ​ប្រើ​ពាក្យ​នៅ​លើ​បណ្តាញសង្គម​ដូច​ជា (​កុំ​ប៉ះ​សម្លៀក​បំពាក់​ខ្ញុំ​) #DoNotTouchMyClothes…

ក្រុង​កា​ប៊ុល ៖ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថានជាច្រើននាក់ បាន​ចាប់ផ្តើម​យុទ្ធនាការតាម​ប្រព័ន្ធអ៊ិ​ន​ធើ​ណេ​ត ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លៀកពាក់​ ដ៏​តឹង​រឹង​របស់​ក្រុម​តា​លី​បង់ សម្រាប់​និស្សិត​ស្រី ដោយ​ប្រើ​ពាក្យ​នៅ​លើ​បណ្តាញសង្គម​ដូច​ជា (​កុំ​ប៉ះ​សម្លៀក​បំពាក់​ខ្ញុំ​) #DoNotTouchMyClothes និង​(​វប្បធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន​) #AfghanistanCulture មានមនុស្ស​ជា​ច្រើន​កំពុង​ចែករំលែក​រូបភាព​ នៃ​រ៉ូ​ប​ប្រពៃណីចម្រុះ​ពណ៌​របស់​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន យ៉ាងផុលផុស ។

វាយពាក្យ “​សំលៀក​បំពាក់​ប្រពៃណី​អា​ហ្វ​ហ្គា​នី​ស្ថាន​” ចូល​ទៅ​ក្នុង​ហ្គូ​ហ្គោ​ល លោកអ្នក​នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ រ៉ូ​ប​វប្បធម៌​ចម្រុះ​ពណ៌ ម៉ូ​ដ​នីមួយ​ៗ មាន​លក្ខណៈ​ប្លែក​ពី​គ្នា ដោយ​ប៉ាក់​ធ្វើ​ដោយ​ដៃ និង​រចនា​យ៉ាង​ហ្មត់ចត់ មាន​កញ្ចក់​តូច​ៗ ដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន នៅ​ជុំវិញ​ទ្រូង ដៃ​អាវ​វែង និង​សំពត់ ដែល​សមឥត​ខ្ចោះ សម្រាប់​កំឡុង​ពេល​រាំ​របាំ​ជាតិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ស្ត្រី​ខ្លះ​ពាក់មួក​ប៉ាក់ ខ្លះ​ពាក់​បូ អាស្រ័យ​លើ​តំបន់​អា​ហ្វ​ហ្កា​នី​ស្ថាន​ថា ពួក​គេ​មកពីណា ។

រ៉ូ​ប ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ត្រូវ​បាន​ពាក់​ជា​រៀងរាល់ថ្ងៃ ដោយ​និស្សិត​ស្រី ដែល​ទៅរៀននៅ​សាកលវិទ្យាល័យ ឬ​បុគ្គលិក​ស្រី​ទៅកន្លែងធ្វើការ​របស់​ពួក​គេ ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពេល​ខ្លះ​ខោ ត្រូវ​បាន​ជំនួស​ដោយ​ខោ​ខូ​វ​ប៊​យ ហើយ​កន្សែងដែល​រុំ​នៅ​លើ​ក្បាល​របស់​ពួក​គេ ត្រូវ​បាន​ពាក់​ត្រឹម​ស្មា តែប៉ុណ្ណោះ ។

ប៉ុន្តែ​ថ្មី​ៗ​នេះ នៅ​ពេល​ពួក​តា​លី​បង់​ឡើង​កាន់កាប់អំណាច រូបភាព​របស់​ស្ត្រី ដែល​មាន​ស្បៃ​ខ្មៅគ្រប​មុខ​និង​ដៃ បាន​ប្រមូលផ្តុំ​គ្នា នៅ​ទីក្រុង​កា​ប៊ុល កាលពី​ចុង​ស​ប្តា​ហ៍ ដើម្បី​គាំទ្រ “​បញ្ជា​របស់​តា​លី​បង់​” ដែល​មាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​ពី​វប្បធម៌​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ។

នៅ​ក្នុង​វី​ដេ​អូ​មួយ ស្ត្រី​ដែលធ្វើ​បាតុកម្ម គាំទ្រ​ក្រុម​តា​លី​បង់ នៅ​ក្នុង​រដ្ឋធានី បាន​លើក​បដា​ថា ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ពាក់​គ្រឿងសម្អាង និង​សំលៀក​បំពាក់​ទំនើប “​មិន​តំណាង​ឲ្យ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​មូ​ស្លី​ម​ទេ​” និង “​យើង​មិន​ចង់បាន​សិទ្ធិ​ស្ត្រី ដែល​ជា​ជនបរទេស និង​ផ្ទុយ​ពី​ច្បាប់​សារី​យ៉ា​” សំដៅលើ​ច្បាប់​អ៊ី​ស្លា​ម​តឹងរ៉ឹង​ដែល​គាំទ្រ​ដោយ​តា​លី​បង់ ។

អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចាប់ផ្តើម​ដោយ​លោកស្រី​វេជ្ជបណ្ឌិត Bahar Jalali អតីត​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​ក ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោកស្រី​បាន​ប្រើ​ពាក្យ ដូច​ជា #DoNotTouchMyClothes និង #AfghanistanCulture ដើម្បី​ទាមទារ​យក​សំលៀក​បំពាក់​ប្រពៃណី​របស់​ពួក​គេ​មក​វិញ ។

លោកស្រី Jalali និយាយ​ថា លោកស្រី​បាន​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ពីព្រោះ “​កង្វល់​ដ៏​ធំ​បំផុត​មួយ​របស់ខ្ញុំ គឺ​អត្តសញ្ញាណ និង​អធិបតេយ្យភាព​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​​ហើយ” ។

លោកស្រី បាន​បង្ហោះ​រូបភាព​ផ្ទាល់ខ្លួននៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ Twitter ក្នុង​សម្លៀក​បំពាក់​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ពណ៌​បៃតង​នាង​បាន​ជំរុញ​ឲ្យ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដទៃ​ទៀត ចែករំលែក​រូបភាព​របស់​ពួក​គេ ដើម្បី​បង្ហាញ “​មុខមាត់​ពិត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​” ។

លោកស្រី​បាន​និយាយ​បន្ត​ថា “​ខ្ញុំ​ចង់​ប្រាប់​ពិភពលោក អំពី​ការ​ស្លៀកពាក់ ដែល​អ្នក​បានឃើញនៅ​ក្នុង​ព័ត៌មាន (​សំដៅលើ​សម្លៀក​បំពាក់​ដែល​ស្ត្រី ពាក់​នៅ​ឯការ​ជួបជុំ គាំទ្រ​តា​លី​បង់​)​នោះ មិនមែន​ជា​វប្បធម៌​របស់​យើងទេ និង​មិនមែន​ជា​អត្តសញ្ញាណ​របស់​យើងដែរ​” ។

តំបន់​នីមួយ​ៗ នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​សំលៀក​បំពាក់​ប្រពៃណី​ផ្ទាល់ខ្លួន ប៉ុន្តែ​ទោះបីជា​មាន​ភាព​ចម្រុះក៏​ដោយ ​ពួក​គេ​ទាំងអស់​គ្នា មាន​ប្រធានបទ​រួម គឺ​ពណ៌ កញ្ចក់ និង​ប៉ាក់ ហើយ​ស្ត្រីចែករំលែក​គំនិត​ដូច​គ្នា សម្លៀក​បំពាក់​របស់​ពួក​គេ គឺជា​អត្តសញ្ញាណ​របស់​​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ស្ត្រី​ម្នាក់​ឈ្មោះ Spozhmay Maseed សកម្មជន​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក នាង​បាន​និយាយ​ថា “​នេះ​គឺជា​សំលៀក​បំពាក់​អា​ហ្វ​ហ្កា​នី​ស្ថាន​ពិតប្រាកដ​របស់​យើង​” (​មាន​ដូច​រូបភាព​ខាងក្រោម​) ។

លោកស្រី Maseed មាន​ប្រាប់​ថា “​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ ដែល​យើង​ជា​ប្រទេស​អ៊ី​ស្លា​ម ហើយ​ជីដូន​របស់​យើង បាន​ស្លៀកពាក់​សុភាព​រាបសា ដោយ​មិន​ស្លៀកពាក់​ពណ៌​ខៀវ Burqa (Chadari) និង burqa ពណ៌​ខ្មៅ​របស់​អា​រ៉ាប់​ទេ​” ។

“​សម្លៀក​បំពាក់​ប្រពៃណី​របស់​យើង តំណាង​ឲ្យ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សំបូរ​បែប​របស់​យើង ដែល​មាន​អាយុកាល ៥,០០០​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ៗ មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ថា​ជា​នរណា​” ។

សូ​ម្បី​តែ​អ្នក ដែល​រស់នៅ​ក្នុង​តំបន់​អភិរក្ស​បំផុត នៃ​ប្រទេស​និយាយ​ថា ពួក​គេ​មិន​ដែល​ឃើញ​ស្ត្រី​ស្លៀកពាក់ niqab ដែល​ជា​សម្លៀក​បំពាក់​ខ្មៅ​គ្រប​មុខ នោះ​ទេ ។

លោកស្រី​បាន​បង្ហោះ​រូបថត​នោះ ព្រោះ​យើង​ជា​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន យើង​ពាក់​វប្បធម៌​របស់​យើង ដោយ​មោទនភាព ហើយ​យើង​គិត​ថា​អត្តសញ្ញាណ​របស់​យើង មិន​អាច​ត្រូវ​បាន​កំណត់​ដោយ​ក្រុម​ណាមួយ​ឡើយ ។

នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ស្ត្រី​មួយ​រូប​ទៀត​ឈ្មោះ លី​ម៉ា ហា​លី​ម៉ា អា​ម៉ា​ដ អាយុ​៣៧​ឆ្នាំ ជា​អ្នក​ស្រាវជ្រាវ និង​ជា​ស្ថាបនិក នៃ​ក្រុមហ៊ុន​មួយ និយាយ​ថា វប្បធម៌​របស់​យើង មិន​ងងឹត​ទេ មិនមែន​ស​ខ្មៅ​ទេ វា​មាន​ពណ៌​ស្រស់​ស្អាត វា​មាន​សិល្បៈ និង​មាន​អត្តសញ្ញាណ ។

ថ្មី​ៗ​នេះ មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ទៅ​លើ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ស្លៀកពាក់​វប្បធម៌​របស់​ពួក​គេ និង​គ្របដណ្តប់​បិទ​ជុំ​ជិត​ខ្លួនឯង ។

មន្ត្រី​តា​លី​បង់ ក៏​បាន​និយាយ​ដែរ​ថា ស្ត្រី​នឹង​អាច​សិក្សា និង​ធ្វើការ ដោយ​អនុលោម​តាម​ច្បាប់​សារី​យ៉ា និង​ប្រពៃណី​វប្បធម៌​ក្នុង​តំបន់ ប៉ុន្តែ​ច្បាប់​ស្លៀកពាក់​ដ៏​តឹង​រឹង​នឹង​ត្រូវ​អនុវត្ត ។

ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លះ បាន​ចាប់ផ្តើម​ស្លៀកពាក់​ឆា​ដា​រី រួច​ទៅ​ហើយ “chadari” ដែល​ជា​សម្លៀក​បំពាក់​ពណ៌​ខៀវ ដែល​មាន​សំណាញ់​បាំង​រាង​ចតុកោណកែង នៅ​ពីមុខ​ភ្នែក ដោយ​ឃើញ​មាន​ស្ត្រី​កាន់តែ​ច្រើន​ពាក់​វា នៅ​ទីក្រុង​កា​ប៊ុល និង​ទីក្រុង​ដទៃ​ទៀត ។

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក Abdul Baqi Haqqani បាន​និយាយ​ថា សាកលវិទ្យាល័យ​នឹង​ត្រូវ​ដាក់​វាំងនន ខណ្ឌ​ដោយឡែក​ពី​គ្នា​សម្រាប់​និស្សិត​ស្រី​ទាំងអស់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​សម្លៀក​បំពាក់​ខ្មៅគ្រប​មុខ​ជិត ជា​កាតព្វកិច្ច​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ