ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានសមាគមក្មេងវត្ត លោក សេង សុវណ្ណារ៉ា ត្រូវតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ ក្នុងសំណុំរឿងដីធ្លី នៅខេត្តមណ្ឌលគិរី

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ទីបំផុត សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគម​និស្សិតបញ្ញាវ័ន្តក្មេងវត្ត ពីបទឃុបឃិតគ្នា បំពានយកដីរដ្ឋ…

រាជធានីភ្នំពេញ៖ ទីបំផុត សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគម​និស្សិតបញ្ញាវ័ន្តក្មេងវត្ត ពីបទឃុបឃិតគ្នា បំពានយកដីរដ្ឋ នៅខេត្តមណ្ឌលគិរី ដាក់ពន្ធនាគារ ២ឆ្នាំកន្លះ។ រីឯបក្ខពួក ៣នាក់ទៀត ជាប់ពន្ធនាគារ ២ឆ្នាំ ហើយ​តម្រូវឲ្យ​ដកហូត យករថយន្ត និងដីធ្លីរបស់រដ្ឋ ទុកជាសម្បត្តិរដ្ឋវិញ។

សាលក្រមនេះ បានប្រកាស​កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ

តាមសាលក្រមប្រកាសចំពោះមុខជនជាប់ចោទ គឺតុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ៖  ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៥៣ឆ្នាំ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ខែ ពីបទ ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ឆបោកមានស្ថានទម្ងន់ទោស សម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង និងបទប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធដីធ្លីរបស់រដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ តាម​មាត្រា២៥៩ នៃច្បាប់ភូមិបាល មាត្រា៣៧៧ មាត្រា៣៨០ និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។

 ២.ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុស អាយុ ៣៦ ឆ្នាំ ​៣.ផ្តន្ទាទោសឈ្មោះ ប៉ូ ចយ ភេទប្រុស អាយុ៣៤ ឆ្នាំ ដាក់ពន្ធនាគារម្នាក់ កំណត់ ២ឆ្នាំ តែទោសនេះ តម្រូវឲ្យអនុវត្តក្នុងពន្ធនាគារម្នាក់ ១ ឆ្នាំ ៦ ខែ ហើយទោសនៅសល់ ត្រូវព្យួរ។ ៤.ផ្តន្ទាទោស ឈ្មោះ ស៊ីន ប៉ូ ភេទប្រុស អាយុ ៥៩ ឆ្នាំ ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ.សម គំនិតក្នុងអំពើធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ និងបទ.សម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា២៥៩ ច្បាប់ភូមិបាល និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ។

សាលក្រម បានបើកសិទ្ធិទុកពេលឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ប្រសិនបើជនជាប់ចោទកើតទុក្ខមិនសុខចិត្ត ចំពោះការកាត់ក្តីនេះ។ ជនជាប់ចោទឈ្មោះ សេង សុវណ្ណារ៉ា បានប្រកាសប្តឹងឧទ្ធរណ៍ភ្លាមៗ ខណៈចៅក្រមជំនុំជម្រះ ប្រកាស​បិទកម្មវិធី ដោយលោក បានពោលពាក្យប្រាប់មជ្ឈដ្ឋានអ្នកចូលរួមស្តាប់សវនាការនោះថា លោកមិនជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់នោះទេ។

សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សេង សុវណ្ណារ៉ា និងគូកន ៣ នាក់ មកបើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធរំលោភដីធ្លីរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។ សវនាការ បានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខជនជាប់ចោទទាំង ៤ នាក់ រួមមាន៖ ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារ អតីតៈជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត។ ២.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរ ជាប្រធានភូមិ កោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ៣.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ។ ៤.ឈ្មោះ ប៉ូ ចយ ភេទ ប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ជាកសិករ។

ជនជាប់ចោទ សុទ្ធតែមានមេធាវីការពារក្តីតាម​ផ្លូវច្បាប់រៀង​ខ្លួន ដែលសវនាការ បានសាកសួរដេញដោល លើជនជាប់ចោទរហូតដល់ម៉ោងសម្រាក ទើបលោកចៅក្រមជំនុំជម្រះ លើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ​

សូមរម្លឹកទៀតថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក សុង ប៊ុនរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ សេង សុវណ្ណារ៉ា និងគូកន៣ នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន​។ ការសម្រេច​ឃុំខ្លួនជនសង្ស័យឈ្មោះ សេង សុវណ្ណារ៉ា និងគូកន ៣​នាក់នោះ បន្ទាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង បានបើក​ការសាកសួរលើជនសង្ស័យអស់រយៈពេល ២ថ្ងៃ ដោយចោទប្រកាន់ចំនួន ៤ បទល្មើស៖ ១.បទល្មើសឆ.បោក មានស្ថាន​ទម្ងន់ទោស ២.បទ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ៣.បទ សំឡុតគំរាមកំ ហែងមិនឲ្យមានការប្តឹងផ្តល់ និង៤.បទ រំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (ពាក់ពន្ធដីធ្លី)​។

ជនសង្ស័យ ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានអាស័យ​ដ្ឋានផ្ទះលេខ៤៨A ផ្លូវលេខ៥៨៨ សង្កាតបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ ២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានអាស័យដ្នាននៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ៣.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុ ស អាយុ៥៩ឆ្នាំ មុខរបរជាប្រធានភូមិ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ៤.ឈ្មោះ ប៉ូ ចយ ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីសាកសួរបំភ្លឺក្នុងដំណើរ រឿងពាក់ព័ន្ធករណីធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ទើបបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​៕ ឃឹម ប៊ុនណាក់