ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែកនេះ លោក ឃួង ស្រេង នឹងទៅធ្វើ​ពិធីបើក​សាលារៀនឡើងវិញ នៅវិទ្យាល័យ​ចំនួន ៣ កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​​៖​ យោង​តាម​កម្មវិធី​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ដែលបានគ្រោងទុក​ និង​បើមិន​មានការប្រែប្រួលទេនោះ​ នៅវេលាម៉ោង ៧ និង ៤០នាទីព្រឹកថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១…

រាជធានីភ្នំពេញ​​៖​ យោង​តាម​កម្មវិធី​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ដែលបានគ្រោងទុក​ និង​បើមិន​មានការប្រែប្រួលទេនោះ​ នៅវេលាម៉ោង ៧ និង ៤០នាទីព្រឹកថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ស្អែកនេះ ​លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញ ចំនួន​ ៣ ជាបន្តបន្ទាប់​គ្នា ​ក្នុង​ព្រឹកតែមួយ​ គឺទី១​ នឹងអញ្ជើញទៅ​វិទ្យាល័យស៊ីសុវត្ថិ (មុនគេ) ទី២.​ វិទ្យាល័យចតុមុខ និង​ទី៣.​ អញ្ជើញ​ទៅ​វិទ្យាល័យ CIS នៅ​​កោះពេជ្រ។ ​

​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា​ ផ្អែកតាមសេចក្តីជូនដំណឹង​លេខ ០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេល​ដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សេចក្តីប្រកាសលើកឡើងថា គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ​ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាល​នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈ​សម្បត្តិសម្រាប់ការ​បើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចខាងក្រោម៖

– អត្រាភាគរយខ្ពស់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស ជូនដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំសរុបបាន ១០.៩៤៨ នាក់ ស្មើនឹង ៩៨% នៃស្ថិតិសរុប រីឯចំនួន ២% ដែលនៅសេសសល់ ភាគច្រើនមានបញ្ហាសុខភាពផ្ទាល់ខ្លួន និងកំពុងបន្តផ្តល់ជូនវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញ បន្ថែមទៀត

– អត្រាភាគរយខ្ពស់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស ជូនដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សរុបបាន ១៩៩.៦០៣ នាក់ លើសពីផែនការដែលបានកំណត់

– គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញ ចំនួន ១៣៩.៥៧៨ នាក់

– យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីបញ្ជាការដ្ឋាន​កងពលតូចលេខ ៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៦៨ ទីតាំង រួចរាល់ជាស្ថាពរ។ ដោយឡែក គ្រឹះស្ថានសិក្សាឯកជនចំនួន ១៥៩ ទីតាំងផ្សេងទៀត បានម្ចាស់ការចាត់ចែង​បាញ់ថ្នាំសម្លាប់មេរោគដោយខ្លួនឯងរួចរាល់ផងដែរ ក្រោមការត្រួតពិនិត្យរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ​

សេចក្តី​ប្រកាសលើកឡើងថា យុទ្ធនាការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) មុនពេលបើកដំណើរការសាលារៀននីមួយៗឡើងវិញ ដើម្បីធ្វើតេស្តរហ័ស ចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ​ចំនួន ១០.៤៤៣ នាក់ ក្នុងនោះ៖ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ១០.៤១៩ នាក់ ស្មើនឹង ៩៩,៧៧% ទទួលបាន​លទ្ធផល​តេស្តអវិជ្ជមានជំងឺកូវីដ-១៩ និងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ចំនួនត្រឹមតែ ២៤​នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ​ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩​។

សេចក្តីប្រកាស បន្តថា ក្នុងចំណោមលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺមានស្ថានភាពសុខភាពធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយដោយសារពូកគាត់បានទទួលវ៉ាក់សាំងចំនួន ២ ដូស និងខ្លះទៀតបានទទួលវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញរួចហើយ ក្នុងនោ៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ ទៅទទួលការព្យាបាលពី​ក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ។

សេចក្តី​ប្រកាស បន្តថា ក្នុងពេលចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ៖ លោកគ្រូ- អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មុនពេលចូលក្នុងគ្រឹះស្ថានសិក្សា។ ចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលមានអាយុលើសពី ៥០ ឆ្នាំឡើង ឬ​មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារបញ្ហាសុខភាព ក៏ដូចជាសិស្សានុសិស្ស ដែលមានជំងឺប្រចាំកាយ មិនអាចចាក់វ៉ាក់សាំងបាន ត្រូវបន្តការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ។

ជារួម គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិសមស្របក្នុងការបើកដំណើរឡើងវិញ ស្របតាមគោលការណ៍​ប្រតិបត្តិ​ស្តង់ដា(SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពោលគឺអាចបើកដំណើរការ ចាប់ពីកាលបរិច្ឆេទដែលបានកំណត់តទៅ។ ដូច្នេះ​ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន លោកគ្រូ-​អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តា​ជ្រាប​ជាព័ត៌មាន និងជំរុញការបើកដំណើរការឡើងវិញ​នូវគ្រឹះស្ថាន​សិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ឱ្យទទួលបាន​លទ្ធផលល្អប្រកបដោយទំនុកចិត្តខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ