ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​ ណែនាំកងទ័ព​ត្រូវបង់ពន្ធឡាន​ឯកជន ជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងទ័ព បានចេញ​សេចក្ដីណែនាំ ស្ដីពី ការអនុវត្ត​ម៉ឺងម៉ាត់​បំផុត​ពាក់ព័ន្ធ​ការបង់ពន្ធ​ឡាន​ឯកជន ជ្រក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​។ ក្នុងនោះ…

ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងទ័ព បានចេញ​សេចក្ដីណែនាំ ស្ដីពី ការអនុវត្ត​ម៉ឺងម៉ាត់​បំផុត​ពាក់ព័ន្ធ​ការបង់ពន្ធ​ឡាន​ឯកជន ជ្រក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​។ ក្នុងនោះ ក៏ត្រូវ​បញ្ឈប់​រាល់​ការស្នើ​បណ្ណ «​ខេមរភូមិន្ទ​» ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបីជា​រថយន្ត​ទាំងនោះ ចូលរួម​ផ្នែក​ណាមួយ ក្នុងការ​បម្រើ​ការងារ​អង្គភាព​ក្តី​។

​ក្នុង​បទបញ្ជា​ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវយក​រថយន្ត​ចង្កូត​ស្តាំ កែ​ទៅជា​ចង្កូត​ឆ្វេង​។ រីឯ​រថយន្ត​ចង្កូត​ឆ្វេង ដែល​មិនទាន់​បង់ពន្ធ​នាំចូល ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែលមាន​យន្តការ​កំណត់ ដូច​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ជា​កំហិត​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ​កងទ័ព ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវ​អប់រំ​ជាបន្ទាន់​ដល់​យោធិន​ថ្នាក់ក្រោម​ឲ្យ​យល់ និង​ចូលរួម​រំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រមូល​ថវិកា​ជាតិ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩ ឲ្យ​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ និង​ស្មោះត្រង់​ដាច់ខាត​ឥត​ងាករេ ចំពោះ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​ដាក់បទបញ្ជា​ដល់​កងទ័ព​ទាំងអស់ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបន្ត​ប្រើប្រាស់​ដោយ​ខុសច្បាប់ ការផ្ទេរ​ដោយ​ការធ្វើ​អំណោយ ការជួល ឬ​ការលក់​រថយន្ត​ផ្លាកលេខ​ខេមរភូមិន្ទ ទៅ​ឲ្យ​អ្នកដទៃ​។ ប្រសិនបើ​រកឃើញថា មាន​ហេតុការណ៍​ខាងលើនេះ កើតមានឡើង យោធិន​នោះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូម​រម្លឹកថា រាជរដ្ឋាភិបាល បានសម្រេច​ជាគោលការណ៍​លើ​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​វិធានការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ ចំពោះ​យានយន្ត​ឯកជន ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ​.​ម និង ន​.​ប ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ជូន​រដ្ឋ​។ ក្រៅពី​បង់ពន្ធ​ផ្លូវ រាជរដ្ឋាភិបាល ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ឯកជន ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ក្រសួង ស្ថាប័នរដ្ឋ ស្លាក​លេខ ខ​.​ម និង​នគរបាល ន​.​ប ត្រូវ​បង់ពន្ធ​អាករ​នាំចូល ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ស្តីពី គយ ផងដែរ​។​

​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា ដោយ​រដ្ឋលេខាធិការ​ប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី បាន​ជម្រាប​ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​ម្ចាស់​យានយន្ត​ឯកជន ដែល​ប្រើ​ស្លាក​លេខ​រដ្ឋ រាជការ ខ​.​ម និង​ន​.​ប ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ដូច​យានយន្ត​ឯកជន​ដទៃទៀត​ដែរ​។​

​ដោយយោង​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ និង​លិខិត​ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ព្រមទាំង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល សម្រេច​៖

១- ចំពោះ​យានយន្ត​ឯកជន ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប ដែលមាន​ចង្កូត​ឆ្វេង និង​ពុំមាន​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​អគ្គ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវបាន​អនុគ្រោះ​តែមួយ​លើកចុងក្រោយ​ដោយ​បន្ត​អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២១​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​តាម​ការដាក់​ពាក្យ​ស្នើសុំ​របស់​ម្ចាស់​យានយន្ត មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ការបង់ពន្ធ​នេះ ពុំ​មានន័យថា ម្ចាស់​យានយន្ត​បាន​រួច​ផុតពី កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នាំចូល​យានយន្ត តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នោះឡើយ​។​

២-​អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវ​រៀបចំ​បញ្ជី​លម្អិត​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប អំពី​ភិនភាគ​សម្គាល់​យានយន្ត និង​អំពី​ម្ចាស់​យានយន្ត ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ចាត់វិធានការ​បន្ត​ខាង​ផ្នែក​ពន្ធ និង​អាករ​នាំចូល​។​

៣-​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​គាំទ្រ​កម្លាំង​របស់​គយ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ការរត់ពន្ធ​រថ​យន្ត​ចង្កូត​ស្ដាំ ចូលមក​កម្ពុជា​។​

៤-​គ្រប់​ក្រសួង និង​ស្ថាប័ន ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​គោលនយោបាយ​ហាមឃាត់​ការនាំ​ចូល និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ (​លើកលែងតែ​មានការ​អនុញ្ញាត ពី​រាជរដ្ឋាភិបាល​ជា​លក្ខណៈពិសេស ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹក​សំរាម ជាដើម​) ដោយ​មិនត្រូវ​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល ក្នុង​ទម្រង់​ណាមួយ ក្នុងការ​ទទួលស្គាល់រ​ថ​យន្ត​ចង្កូត​ស្តាំ ដែលជា​ប្រភេទ​រថយន្ត​ខុសច្បាប់​។ ក្នុងករណី​រកឃើញ​បុគ្គល ដែលមាន​ការពាក់ព័ន្ធ​បុគ្គល​នោះ ត្រូវ​ទទួលរង​ទោសទណ្ឌ​តាមច្បាប់​ជា​ធរមាន​។​

៥-​អនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​នាំចូល ចំពោះ​រថយន្ត​ចង្កូត​ស្តាំ មាន​ស្រាប់ ក្នុងស្រុក​ជា​លើកចុងក្រោយ តែ​ត្រូវ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង ដើម្បីឱ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។ ការអនុញ្ញាត​នេះ មាន​ឱសានវាទ​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​២០២២​។ បន្ទាប់ពីនោះ រថយន្ត​ចង្កូត​ស្តាំ ដែល​ត្រូវ​បង្ក្រាបបាន នឹង​តម្រូវឱ្យ​ដោះ​បំបែក​ជា​គ្រឿង បន្លាស់ ឬ​កម្ទេចចោល​៕​