ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dani Alves ដើរ​ចេញពី Sao Paulo ដោយសារ​ក្លិប​ជំពាក់​លុយ​រូបគេ​៣​លាន​អឺ​រ៉ូ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ Dani Alves បាន​សម្រេច​ដើរ​ចេញ​ពី​ក្លិប Sao Paulo នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល បន្ទាប់​ពី​ចំណាយពេល​២​ឆ្នាំ​នៅ​ទីនោះ

ប្រេ​ស៊ី​ល ៖ Dani Alves បាន​សម្រេច​ដើរ​ចេញ​ពី​ក្លិប Sao Paulo នៅ​លី​គ​កំពូល​ប្រេ​ស៊ី​ល បន្ទាប់​ពី​ចំណាយពេល​២​ឆ្នាំ​នៅ​ទីនោះ ដោយសារ​តែ​ក្លិប និង​សា​ម៉ី​ខ្លួន​កំពុង​មាន​ជម្លោះ​រឿង​លុយ​ថ្លៃ​ពលកម្ម​។

ខ្សែការពារ​ស្តាំ​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ Sao Paulo ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) កាល​ខែសីហា ឆ្នាំ​២០១៩ ក្រោយ​ផុត​កុងត្រា​ជាមួយ PSG​។ ហើយ​រូបគេ​បាន​ក្លាយជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​អា​មេ​រិ​ក​ខាងត្បូង​។

ប៉ុន្តែ​ថ្មី​ៗ​នេះ បើ​តាម​ប្រភព​ពី Marca បានឱ្យ​ដឹង​ថា កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ចាក​ចេញពី Sao Paulo ដោយសារ​គេ​មិន​ទទួល​បាន​ថ្លៃ​ពលកម្ម​ពេញ​ក្នុង​រយៈពេល​២​រដូវ​កាល​មក​ហើយ​។ ខណៈ​មក​ទល់​ពេល​នេះ ក្លិប​បាន​ជំពាក់​លុយ​កីឡាករ​រូប​នេះ រហូត​ដល់​៣​លាន​អឺ​រ៉ូ​។

កិច្ចព្រមព្រៀង​របស់ Alves ជាមួយ Sao Paulo បន្ត​រហូត​ដល់​ខែធ្នូ ឆ្នាំ​ក្រោយ​។ ប៉ុន្តែ​ឥឡូវនេះ រូបគេ​បាន​ក្លាយជា​កីឡាករ​ទំនេរ​គ្មាន​ក្លិប​លេង ស្រប​ពេល​ដំណឹង​ចុង​ក្រោយ​អះអាង​ថា គេ​ទទួល​ការ​ចាប់អារម្មណ៍​ចង់បាន​ពី​ក្លិប​នៅ​លី​គ​កំពូល​អា​មេ​រិ​ក និង​ក្លិប​នៅ​ម​ជ្ឈឹ​ម​បូព៌ា ហើយ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ក្លិប Boca Juniors និង River Plate ផង​ដែរ​។

ដោយឡែក​នាយក​បាល់ទាត់​ក្លិប Sao Paulo លោក Carlos Belmonte និយាយ​ថា ដោយសារ​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ បាន​រួមចំណែក​នាំ​ឱ្យ​បញ្ហា​ធ្លាក់​ដល់​ស្ថានភាព​បែប​នេះ​។ ហើយ​ក្លិប​កំពុង​តែ​ធ្វើការ​ដោះស្រាយ​ដោយ​បើកចំហ ដើម្បី​កសាង​ឡើង​វិញ​នូវ​បញ្ហា​ហិរញ្ញវត្ថុ​។

នៅ​ក្នុង​នោះ​លោក​បង្ហើប​ថា Alves នឹង​បន្ត​ស្នាក់​នៅ​ជាមួយ Sao Paulo នៅ​ពេល​ដែល​ក្លិប​ដោះស្រាយ​បញ្ហា​បំណុល​របស់​កីឡាករ​រួច​ជា​មុន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ