ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបលើករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ រវាងជនជាតិចិន និងជនជាតិចិន មួយករណី ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរំដោះជនរងគ្រោះឲ្យរួចផុតពីកណ្តាប់ដៃជនឧក្រិដ្ឋនោះវិញផងដែរ ។
ករណីខាងលើនេះ សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងសូន្យឈឹង ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង៩យប់ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនរងគ្រោះឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់គាត់ចំនួន ៨,០០០Yuan (ប្រាំបីពាន់យាន់) ប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែជនរងគ្រោះសុំខ្ចីចំនួន ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក) ថែមទៀត តែគាត់មិនបានវេរឲ្យទេ ដោយមានការសង្ស័យគាត់ក៏បានទៅប្តឹងសមត្ថកិច្ចតែម្តង ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់ផែនការទៅកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌឲ្យចុះទៅសហការជាមួយអធិការក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ដល់កន្លែងកើតហេតុជាបន្ទាន់ ដើម្បីធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ និងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ រហូតឈានដល់កំណត់បានអត្តសញ្ញាណរថយន្ត ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយចាប់ជំរិតជនរងគ្រោះ គឺរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ។
កម្លាំងជំនាញបានបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះដែលត្រូវក្រុមឧក្រិដ្ឋជនចាប់ដាក់ខ្នោះដៃ រួចបង្ខាំងទុកនៅផ្ទះល្វែងមួយ ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នោះ ។
ជនរងគ្រោះដែលរំដោះបានឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសបែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅក.ដៃទាំងសងខាង ដោយត្រូវជនសង្ស័យធ្វើទារុណ.កម្ម ។
ចំណែកជនសង្ស័យទាំង៥នាក់ដែលត្រូវចាប់ខ្លួននេះមាន ៖ ១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរកាស៊ីណូផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ និង៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងនោះផងដែរ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងរួមមាន ៖ ខ្នោះដៃ១គូរ (ដាក់ជាប់ដៃជនរងគ្រោះ),សោរដោះខ្នោះដៃចំនួន២, រថយន្ត២គ្រឿង (១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ” មធ្យោបាយប្រព្រឹត្តបទល្មើស “, និង២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0150 ” មធ្យោបាយប្រព្រឹត្តបទល្មើស ” ) ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ