ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចិនបង្កើតសហគ្រាស នាំចូលបច្ចេកវិទ្យាមកកម្ពុជា ខ្មែរចំណេញជាងទទួលជំនួយហិរញ្ញប្បទាន និងសំណង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចិនជាប្រទេសនាំមុខផ្តល់ជំនួយវ៉ាក់សំាង និងជំនួយហិរញ្ញប្បទានសង្គមដល់កម្ពុជានាគ្រាលំបាកដោយសារកូវីដ ១៩ ។ លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចម្នាក់នៅកម្ពុចជា…

រាជធានីភ្នំពេញ ៖ ចិនជាប្រទេសនាំមុខផ្តល់ជំនួយវ៉ាក់សំាង និងជំនួយហិរញ្ញប្បទានសង្គមដល់កម្ពុជានាគ្រាលំបាកដោយសារកូវីដ ១៩ ។ លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចម្នាក់នៅកម្ពុចជា បានមើលឃើញថា ចំពោះរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម បើកម្ពុជាបានត្រៀមខ្លួនល្អជាងពេលបច្ចុប្បន្ននេះ កម្ពុជាអាចទទួលផលប្រយោជន៍ច្រើនពីមហាយក្សចិន ។ តែទោះយ៉ាងណាលោកបណ្ឌិតបានមើលឃើញថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានផ្តល់ឱកាសឱ្យកម្ពុជា បាននាំចេញកសិផលមួយចំនួនទៅប្រទេសចិន ដូចជា ៖ ផ្លែស្វាយ ចេកអំបូងលឿង រួមនិងអង្ករ ហើយកម្ពុជាក៏នាំចូលទំនិញពីចិនមានច្រើន ពិសេសទំនិញប្រើប្រាស់ប្រចំាថ្ងៃ និងសម្ភារៈក្នុងផ្ទះ ។

លោកបណ្ឌិតសេដ្ឋកិច្ចខាងលើបានលម្អិតដូច្នេះថា «ទំនាក់ទំនងសេដ្ឋកិច្ចដែលកម្ពុជាបានមកពីចិន ទី ១ បានមកពីលំហូរវិនិយោគរបស់ចិន, ទី ២ បានមកលើវិស័យអចលនទ្រព្យ ដែលចិនបានទម្លាក់ហិរញ្ញវត្ថុ មកកសាងអគារខ្ពស់នៅក្រុងកំពុងសោម ផ្លូវហាយវេ និងតំបន់តារាសាគរ ។ ប៉ុន្តែកត្តាទំាងនេះ គ្រាន់តែជាការចាក់ហិរញ្ញវត្ថុចូល ដែលធ្វើឱ្យកម្ពុជា មានកំណើននៅគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ។ ប៉ុន្តែបើចិនមកបង្កើតសហគ្រាសវិនិយោគ ដោយនាំចូលនៅបច្ចេកវិទ្យាមកកម្ពុជា នោះវានឹងធានាឱ្យសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជារឹងមំា» ។

ចំពោះការបង្កើតសហគ្រាសវិនិយោគរបស់សហគ្រិនចិននៅកម្ពុជា ទៅថ្ងៃអនាគតវិញលោកបណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់ថា ចំណុចនេះគេមិនទាន់ថា មាន ឬយ៉ាងណានោះទេ ។ គេត្រូវមើលទៅលើច្បាប់វិនិយោគថ្មីរបស់កម្ពុជា ថាបានផ្តោតទៅលើចំណុចអ្វីខ្លះ ជាគោលសំខាន់ៗ អនុញ្ញាតឱ្យគេចូលមក ឬក៏អត់ ? ព្រោះច្បាប់វិនិយោគថ្មី មិនទាន់បានផ្សព្វផ្សាយជាសាធារណ និងអនុញ្ញាតឱ្យមនុស្សដទៃផ្សេងទៀតបានមើលទេ គឺបានមើលតែអ្នករៀបចំ និងអ្នកដែលបានអនុម័ត ។

លោកបណ្ឌិត សេរីវឌ្ឍន៍ បានលើកឡើងថា ម្យ៉ាងវិញទៀតចំពោះកម្លំាងពលកម្មវិញ ចំណេះជំនាញនៅផ្នែកវិជ្ជាជីវៈនេះនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ។ លោកថា បើសិនមានការនិយោគចូលមក ប្រាកដណាស់ អ្នកជំនាញនឹងត្រូវមកពីចិន ហើយវានឹងបង្កឱ្យមានបញ្ហាប្រឈមមួយផ្សេងទៀតកើតមានឡើង គឺសង្គមកម្ពុជានឹងចោទឡើងថា វិនិយោគិនចិនបានផ្តល់ផលប្រយោជន៍អ្វីដល់កម្ពុជា ។

«តាមពិតចំណុចទំាងអស់នេះ គឺដោយសារតែយើងមិនបានរៀបចំដោយខ្លួនឯង  និងមួយផ្សេងទៀតការរៀបចំប្រព័ន្ធគ្រប់គ្រងសហគ្រាសវិនិយោគ ទំាងអស់ ប្រកបទៅដោយតម្លាភាព ។ ដូចនេះបើសិនមានការគ្រប់គ្រងសហគ្រាសប្រកបដោយតម្លាភាព ជាលក្ខណៈប្រព័ន្ធ ហើយការប្រកួតប្រជែងស្មើភាពគ្នា ការពារដោយផ្លូវច្បាប់ នោះអ្នកវិនិយោគមិនថា តែវិនិយោគិនចិននោះទេ អ្នកវិនិយោគនៅប្រទេសណាក៏គេអាចមកប្រទេសកម្ពុជាបានដែរ» នេះជាការលើកឡើងរបស់លោក សេរីវឌ្ឍន៍ ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជាកាលពីម្សិលមិញនេះ ចិនបានប្រគល់ឲ្យកម្ពុជានូវសំណង់ប្រវត្តិសាស្រ្តពហុកីឡដ្ឋានជាតិមួយដែលមានតម្លៃប្រមាណ ១៦០ លានដុល្លារ និងបានប្រកាសផ្តល់ហិរញ្ញប្បទានប្រមាណ ២៥០ លានដុល្លារ និងវ៉ាក់សំាង កូវីដ ១៩ ចំនួន ៣ លានដូសបន្ថែមទៀតដល់កម្ពុជា ព្រមទំាងបានសន្យាថា នឹងជំរុញការនាំចូលកសិផលខ្មែរក្នុងទីផ្សារចិនឲ្យបានកាន់តែច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ