ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលគ្រោងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ចាក់វ៉ាក់សាំងរួច ខណៈបើកដំណើរការវិស័យអប់រំជាមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ក្នុងស្រុក បន្ទាប់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​រួច ខណៈ​ដាក់​ដំណើរការ​វិស័យ​អប់​រំជា​មុន ។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ក្នុងស្រុក បន្ទាប់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​រួច ខណៈ​ដាក់​ដំណើរការ​វិស័យ​អប់​រំជា​មុន ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួល​ជួប​លោក​ជំទាវ Victoria Kwakwa អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក កាល​ពេល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ តាម​រយៈ​ប្រព័ន្ធ​វី​ឌី​អូ​បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ដោយ​គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​បាន​ប្រមាណ​ជាង​៩០% ធៀប​នឹង​គោលដៅ​ចំនួន​១០​លាន​នាក់ និង​កុមារ អាយុ​ចាប់ពី​១២​ឆ្នាំ រហូត​ដល់​ក្រោម​១៨​ឆ្នាំ បាន​ប្រមាណ ១,៤ លាន​នាក់​ធៀប​នឹង​គោលដៅ​២​លាន​នាក់ ។

ឯកឧត្តម​បន្ត​ថា ៖«​កម្ពុជា​ក៏​នឹង​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សម្រាប់​កម្រិត​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ នា​ពេល​ឆាប់​ៗ​នេះ​លើកលែងតែ​កម្រិត​បឋម​សិក្សា ។

បន្ថែម​ពី​នេះ កម្ពុជា​គ្រោង​បើក​ដំណើរការ​សកម្មភាព សេដ្ឋកិច្ច​ឡើង​វិញ តាម​បែប​គន្លង​ថ្មី​ដោយ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​វិស័យ​អប់រំ បន្ទាប់​មក​វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​ទេសចរណ៍​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច​ជាដើម​» ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឱ្យ​ធនាគារពិភពលោក​ពិចារណា​ឡើង​វិញ​លើ​លក្ខខណ្ឌ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់​ដល់​កម្ពុជា​ដូច​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត និង​ពន្យា​ពេល​អនុវត្ត​លក្ខខណ្ឌ​ឥណទាន​ថ្មី ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ សម្រាប់​គាំទ្រ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។

ជាង​នេះ ឯកឧត្តម​បាន​សំណូមពរ​ឱ្យ​ធនាគារពិភពលោក​ជួយ​កៀរគរ​ធនធាន​ជា​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍ និង​គាំពារ​សង្គម​ដូច​ជា គម្រោង​អប់រំ​, អភិវឌ្ឍន៍​ជំនាញ និង​សុខាភិបាល​ជាដើម​ដែល​កំពុង​មាន​តម្រូវការ​កាន់តែ​ច្រើន ជា​ពិសេស​ក្នុង​បរិការណ៍​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ជំនួប​នោះ​ដែរ លោក​ជំទាវ Victoria Kwakwa បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រពៃ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក​ដែល​បាន​ធ្វើ​ឱ្យ​អាណត្តិ​កិច្ច​របស់​លោក​ជំទាវ​បញ្ចប់​ទៅ​បាន​ដោយ​ជោគជ័យ ។

លោក​ជំទាវ​ក៏​អបអរ​សារ​ទរ​ចំពោះ​ភាព​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស លើ​ចំណាត់ការ​ដ៏​រហ័ស​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ធៀប​នឹង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ក៏​ដូច​ជា ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងឡាយ ។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ ក៏​បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ដ៏​ល្អ​រវាង​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ស្មារតី​គោរព​គ្នា និង​គោរព​ភាព​ជា​ម្ចាស់​របស់​កម្ពុ​ជានា​ពេល​កន្លង​មក​ដែល​នេះ គឺជា​សក្ខីភាព​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ពេល​ដែល​លោក​ជំទាវ​ចូល​កាន់​តំណែង​ដំបូង ។

លោក​ជំទាវ ក៏​បាន​ថ្លែង​ជំហរ​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​ដែល​បាន​លើក​ឡើង​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំង បាន​សន្យា​ពាំនាំ​យក​ទៅ​ពិភាក្សា​ឡើង​វិញ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ធនាគារពិភពលោក​ដើម្បី​ដោះស្រាយ ក៏​ដូច​ជា​ផ្តាំផ្ញើរ បន្ត​ទៅ​លោក​ជំទាវ Manuela Ferro អនុប្រធាន​ធនាគារពិភពលោក​ថ្មី ដែល​នឹង​ចូល​ជំនួស​រក​មធ្យោបាយ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ទទួល​បាន​នូវ​ហិរញ្ញប្បទាន​ឥត​សំណង ឬ​កំចី​ដែល​មាន​កម្រិត​សម្បទា​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ